ដោយៈ មុនីរ័ត្ន / ភ្ន្ំពេញ៖ លោក ស សុខា រដ្ឋលេខាធិការ ក្រសួងអប់រំ យុវជន និងកីឡា ជាតំណាងដ៏ខ្ពង់ខ្ពស់ សម្តេចក្រឡាហោម ស ខេង ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងលោកស្រី ក្រោមវត្តមានលោកស្រី ញ៉ែម សាខន ស ខេង និងលោកស្រី ម៉ៅ ម៉ាល័យ កែ គឹមយ៉ាន បានអញ្ជើញជាអធិបតី ពិធីសំណេះសំណាល ប្រគល់ម៉ូតូជូនសិស្សនិទ្ទេស A និងចែកអំណោយ ជូនពលរដ្ឋ ចំនួន ៥០០ គ្រួសារ នៅក្រុងបាត់ដំបង នៅរសៀលថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នេះ។
បើតាមរបាយការណ៍របស់លោក សុខ លូ អភិបាល នៃគណៈអភិបាល ខេត្តបាត់ដំបង បានឲ្យដឹងថាៈ សិស្សនិទ្ទេស A នៅទូទាំងខេត្តបាត់ដំបង សម្រាប់ការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០២១-២០២២ សម័យប្រឡង៖ ថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២២ មានចំនួន ៥៤ នាក់ ដែលត្រូវទទួលបានម៉ូតូ ក្នុងម្នាក់ៗ ចំនួន ១គ្រឿង ជាអំណោយដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកស្រី ។
ដោយឡែក ប្រជាពលរដ្ឋដែលជួបការខ្វះខាត ផ្នែកជីវភាព ទាំង ៥០០ គ្រួសារ ក្នុងក្រុងបាត់ដំបង ដែលត្រូវទទួលបានអំណោយ ដ៏ថ្លៃថ្លារបស់ សម្តេចក្រឡាហោម ស ខេង និងលោកស្រី នាឱកាសនោះ ក្នុង ១គ្រួសារៗ ទទួលបានអង្ករ ចំនួន ៥០ គីឡូក្រាម ទឹកត្រី ចំនួន ១យួរ ទឹកស៊ីអីុវ ចំនួន ១យួរ ត្រីខកំប៉ុង ចំនួន ១យួរ មី ចំនួន ១កេស និងថវិកា ចំនួន ៥០ ០០០ រៀល។
ថ្លែងក្នុងឱកាសនោះ លោក ស សុខា បានគូសបញ្ជាក់ថាៈ បើគិតចាប់តាំងពីឆ្នាំ២០១៤ មក គឺមានរយៈពេលជិត ១០ ឆ្នាំហើយ ដែលក្រសួងអប់រំ យុវជន និងកីឡា បានចាប់ផ្តើម ធ្វើកំណែទម្រង់ ទៅលើវិស័យអប់រំ ពិសេសការរឹតបន្តឹង នៅពេលប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ។ ជិត ១០ ឆ្នាំនេះ យើងបានឆ្លងកាត់នូវឧបសគ្គ ក៏ដូចជា បទពិសោធយ៉ាងច្រើន ដែលជាមេរៀនដ៏ល្អ សម្រាប់អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា បន្តទៀត ដើម្បីឈានទៅបណ្តុះបណ្តាល ធនធានមនុស្ស ពោរពេញដោយសមត្ថភាព ពិសេសអាចប្រកួតប្រជែង ជាមួយប្រទេសជិតខាងក្នុងតំបន់ ក៏ដូចជា បណ្តាប្រទេស រីកចម្រើនដទៃទៀត នៅលើពិភពលោក។
លោក ស សុខា បានបន្តទៀតថាៈ ជាការកត់សម្គាល់របស់លោក ឆ្លងកាត់កំណែទម្រង់ ជាបន្តបន្ទាប់ លទ្ធផលដែលយើងទទួលបាន គឺគុណភាពនៃវិស័យអប់រំ នៅកម្ពុជា មានការផ្លាស់ប្តូរជាវិជ្ជមាន គួរឲ្យមោទនៈ ។ ជាក់ស្តែង សមត្ថភាពរបស់សិស្ស និស្សិត កម្ពុជា មានការកើនឡើងកាន់តែខ្ពស់ អាចប្រកួតប្រជែងរហូតដល់អាចដណ្តើមបាន ពានរង្វាន់លំដាប់ថ្នាក់ពិភពលោក បានថែមទៀត។ នេះសបញ្ជាក់ឱ្យឃើញថាកំណែទម្រង់ វិស័យអប់រំនៅកម្ពុជា បាននិងកំពុងតែដើរនៅលើផ្លូវត្រូវ បើទោះជាចុងក្រោយនេះ យើងបានរងផលប៉ះពាល់ ដែលបង្កឡើងដោយសារវិបត្តិ ជំងឺរាតត្បាតសកលកូវីដ-១៩ ក្តី។ ជាក់ស្តែង នៅក្នុងឆ្នាំសិក្សា ២០២១-២០២២ កន្លងទៅនេះ ក្រសួងអប់រំ យុវជន និងកីឡា បានប្រកាសថា ប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម័យប្រឡង ៖ ៥ ធ្នូ ២០២២ កន្លងទៅនេះ មានសិស្សប្រឡងជាប់សរុប ៩០ ៩៥០នាក់ ស្មើនឹង ៧២,៣៣% ។ ក្នុងនោះសិស្ស ដែលបានប្រឡងជាប់និទ្ទេស A ចំនួន ១ ០៤៩ នាក់ និទ្ទេស B ចំនួន ៧ ២៣២ នាក់ និទ្ទេស C ចំនួន ១៩ ០៥៣ នាក់ និទ្ទេស D ចំនួន ៣១ ១៦៦ នាក់ និងនិទ្ទេស E ចំនួន ៣២ ៤៥០ នាក់ ។
លោកបានគូសបញ្ជាក់ដែរថាៈ លទ្ធផលដែលយើងទទួលបាន នៅពេលនេះ គឺពិតជាពុំ អាចកើតមាននោះឡើយ ប្រសិនបើមិនមានការចូលរួមសហការគ្នាពីសំណាក់រាជរដ្ឋាភិ បាល ក៏ដូចជា ស្ថាប័នពាក់ព័ន្ធ រួមទាំងវិស័យឯកជនទេនោះ ជាពិសេរឹតតែមិនអាចកើត មានទៅទៀត ប្រសិនបើប្រទេសជាតិរបស់យើង ពុំមានសុខសន្តិភាព ក្រោមការដឹកនាំ របស់គណបក្សប្រជាជនកម្ពុជា នាពេលបច្ចុបន្ននេះ។
លោក ស សុខា បានបន្តថាៈ រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំប្រកបដោយ ភាពវៃឆ្លាត និងចក្ខុវិស័យរបស់ សម្តេចតេជោ ហ៊ុន សែន បាននិងកំពុងយកចិត្តទុកដាក់ យ៉ាងខ្លាំងទៅលើវិស័យអប់រំ។ ជាក់ស្តែង តាមរយៈសារលិខិតអបអរ បវេសនកាលថ្មី ឆ្នាំសិក្សា ២០២២-២០២៣ កាលពីដើមខែមករានេះ សម្តេចតេជោ បានណែនាំឱ្យ ក្រសួងអប់រំ យុវជន និងកីឡា ត្រូវខិតខំកែលម្អសេវាអប់រំ និងកម្មវិធីអប់រំ ដើម្បីកសាង ធនធានមនុស្ស ឱ្យឆ្លើយតបទៅនឹងតម្រូវការទីផ្សារការងារ ក្នុងយុគសម័យឌីជីថល និងសេដ្ឋកិច្ចឌីជីថល ប្រកបដោយជំនាញ ក្នុងសតវត្សទី២១ ជាពិសេសការអប់រំ វិទ្យាសាស្ត្រ បច្ចេកវិទ្យា វិស្វកម្ម និងគណិតវិទ្យា ៕/V