ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ភាគហ៊ុននៅក្នុងក្រុមហ៊ុនជាច្រើនរបស់លោក ហ្គោតាម អាដានី (Gautam Adani) បានហក់ឡើងស្រឺតៗឡើងវិញនៅថ្ងៃចន្ទនេះពីការខាតបង់យ៉ាងធ្ងន់ធ្ងរកាលពីសប្តាហ៍មុន ដែលបានបំផ្លាញអស់ជិត ៤៥ ពាន់លានដុល្លារពីអាណាចក្រជំនួញដ៏ធំរបស់មហាសេដ្ឋីឥណ្ឌារូបនេះ។
ការធ្លាក់ចុះនេះត្រូវបានបង្កឡើងដោយរបាយការណ៍មួយដោយក្រុមហ៊ុនវិនិយោគរបស់អាម៉េរិក Hindenburg Research ដែលបានចោទប្រកាន់អំពី “ការបោកបញ្ឆោតភាគហ៊ុនដ៏អាក្រក់និងគម្រោងការណ៍ក្លែងបន្លំគណនេយ្យអស់ជាច្រើនទសវត្សរ៍”។
ក្រុមហ៊ុនឥណ្ឌាបាននិយាយថា ខ្លួនជាជនរងគ្រោះពីការវាយប្រហារកេរ្តិ៍ឈ្មោះ “ដ៏អាក្រក់ដោយចេតនា” ហើយកាលពីល្ងាចថ្ងៃអាទិត្យបានចេញសេចក្តីថ្លែងការណ៍មួយដែលមានកម្រាស់ ៤១៣ ទំព័រដែលខ្លួននិយាយថាបានបដិសេធរាល់ការអះអាងរបស់ក្រុមហ៊ុនអាម៉េរិក Hindenburg ។
ដោយដាក់រហស្សនាមឱ្យក្រុមហ៊ុន Hindenburg ថា “ម៉ាដូហ្វមកប្រចាំម៉ាហាថែន” (Madoffs of Manhatta) ដែលសំដៅលើអ្នកហិរញ្ញវត្ថុបោកប្រាស់ឈ្មោះ បឺនី ម៉ាដូហ្វ (Bernie Madoff) សេចក្តីថ្លែងការណ៍របស់ក្រុមហ៊ុនបាននិយាយថា ការចោទប្រកាន់របស់ក្រុមហ៊ុន Hindenburg គឺ “គ្មានអ្វីក្រៅពីការកុហកនោះទេ”។
សេចក្តីថ្លែងការណ៍បន្តថា “នេះមិនគ្រាន់តែជាការវាយប្រហារយ៉ាងអយុត្តិធម៌មកលើក្រុមហ៊ុនជាក់លាក់ណាមួយប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជាការវាយប្រហារដែលបានគ្រោងទុកមុនទៅលើប្រទេសឥណ្ឌា ដែលមានឯករាជ្យភាព បូរណភាព និងគុណភាពនៃស្ថាប័នរបស់ឥណ្ឌា និងការរីកចម្រើននិងមហិច្ឆតារបស់ឥណ្ឌាទៀតផង”។
ក្រុមហ៊ុន Hindenburg បានឆ្លើយតបវិញថា “អនាគតរបស់ឥណ្ឌាកំពុងត្រូវបានរារាំងដោយក្រុមហ៊ុន Adani Group ដែលជ្រកក្រោមទង់ជាតិឥណ្ឌា ខណៈកំពុងលួចប្រទេសនេះជាប្រព័ន្ធ”។
ក្រុមហ៊ុននេះបាននិយាយថា “ទាក់ទងនឹងខ្លឹមសារ ការឆ្លើយតបកម្រាស់ ៤១៣ ទំព័ររបស់លោកអាដានី រួមបញ្ចូលតែប្រហែល ៣០ ទំព័រប៉ុណ្ណោះដែលផ្តោតលើបញ្ហាទាក់ទងនឹងរបាយការណ៍របស់យើង”។
“ការឆ្លើយតបនៅសេសសល់ ៣៣០ ទំព័រទៀតគឺជាកំណត់ត្រាតុលាការ រួមជាមួយកំណត់ត្រាហិរញ្ញវត្ថុកម្រិតខ្ពស់ ព័ត៌មានទូទៅ និងព័ត៌មានលម្អិតអំពីគំនិតផ្តួចផ្តើមសាជីវកម្មដែលមិនពាក់ព័ន្ធចំនួន ៥៣ ទំព័រ ដូចជារបៀបដែលក្រុមហ៊ុនលើកទឹកចិត្តសហគ្រិនស្ត្រីនិងការផលិតបន្លែសុវត្ថិភាពជាដើម”។
ជម្លោះកាលពីសប្តាហ៍មុនបានឃើញលោកអាដានី ដែលស្និទ្ធនឹងនាយករដ្ឋមន្ត្រីណារិនដ្រា ម៉ូឌី បានធ្លាក់ចុះពីលេខ ៣ នៅក្នុងបញ្ជីអ្នកមានរបស់ទស្សនាវដ្តី Forbes ។
នៅថ្ងៃចន្ទនេះ បុរសវ័យ ៦០ ឆ្នាំរូបនេះបានស្ថិតនៅលំដាប់ទី ១១ ក្នុងចំណាត់ថ្នាក់ ដែលដាក់ទ្រព្យសម្បត្តិរបស់គាត់នៅចំនួន ៩០,៧ ពាន់លានដុល្លារ ទាបជាងមហាសេដ្ឋីឥណ្ឌា លោក មូកេស អាមបានី (Mukesh Ambani) ទៅទៀត ។
ភាគហ៊ុននៅក្នុងក្រុមហ៊ុន Adani Enterprises បានស្ទុះងើបឡើងវិញ ៧,៣ ភាគរយនៅទីក្រុងមុំបៃកាលពីព្រឹកថ្ងៃចន្ទ ខណៈកំពង់ផែនានាបានជួញដូរខ្ពស់ជាង ៤,៥ ភាគរយ។
ប៉ុន្តែក្រុមហ៊ុន Adani Total Gas បានឃើញការជួញដូរជាប់ទ្រឹងម្តងទៀតនៅថ្ងៃចន្ទនេះបន្ទាប់ពីធ្លាក់ចុះ ២០ ភាគរយ។ ក្រុមហ៊ុន Adani Power និង Adani Wilmar ក៏បានរងផលប៉ះពាល់ផងដែរបន្ទាប់ពីធ្លាក់ចុះ ៥ ភាគរយរៀងៗខ្លួន។
ក្រុមហ៊ុន Adani Transmission បានធ្លាក់ចុះ ១៨,៣ ភាគរយ ហើយក្រុមហ៊ុន Adani Green Energy បានបាត់បង់ ១៣ ភាគរយនៅព្រឹកថ្ងៃចន្ទ។
ក្រុមហ៊ុនស៊ីម៉ងត៍ ACC និង Ambuja Cements ដែលទើបនឹងទិញថ្មីថ្មោងរបស់លោកអាដានីបានស្ទុះងើបឡើងវិញក្នុងការជួញដូរនៅកម្រិត ២,៦ និង ៥,៧ ភាគរយខ្ពស់ជាងសប្តាហ៍មុន៕
មហាសេដ្ឋីឥណ្ឌាលោក ហ្គោតាម អាដានី