ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (VNExpress) ៖ បវរកញ្ញា​ពិភពលោក​វៀតណាម​ឆ្នាំ ២០២២ នាង ម៉ៃ ហ្វឿង (Mai Phuong) បាន​សុំទោស​ចំពោះ​ការ​បង្ហោះ TikTok របស់​នាង​ដែល​ត្រូវ​គេ​រិះគន់ថា “​ជ្រុល​ហួស​” និង “​ខ្វះ​ភាពថ្លៃថ្នូរ​នៅលើ​បណ្តាញ​សង្គម​”​។​

​នាង ម៉ៃ ហ្វឿង បាន​សារភាព​កាលពី​ថ្ងៃទី ២៦ ខែ​មករា​ថា វីដេអូ​ផ្ទាល់ខ្លួន​របស់​នាង​ថ្មីៗ​នេះ​នៅលើ​អន​ឡាញ​មាន “​កន្លែង​សម្រាប់​កែលម្អ​” ហើយ​ថា​នាង​មាន​ការ​សោក​ស្ដាយ​ដែល​ទង្វើ​របស់​នាង​មួយចំនួន​បាន​ធ្វើឱ្យ​អ្នកគាំទ្រ​និង​អ្នក​រាប់អាន​មាន​ការព្រួយបារម្ភ​ចំពោះ​មុខមាត់​សាធារណៈ​របស់​នាង​។​

​រាជិនី​សម្រស់​វ័យ ២៣ ឆ្នាំ​រូប​នេះ​បាន​និយាយថា “​ខ្ញុំ​មិន​ល្អ​ឥតខ្ចោះ​ទេ ពេល​ខ្លះ​ខ្ញុំ​ដូច​កូនក្មេង​អ៊ីចឹង​”​។ បេ​ក្ខ​នារី​លំដាប់​អន្តរជាតិ​រូបនេះ​បាន​ឆ្លើយតប​នឹង​ការរិះគន់​តាម​អ៊ីនធឺណិត​ដោយ​ជនអនាមិក​ចំពោះ​វីដេអូ​ដែល​នាង​រាំ​តាម​បទ​ភ្លេង​យ៉ាង​រស់​រវើក​ជាមួយ​តារា​TikTok​ម្នាក់ ខណៈ​ស្លៀកពាក់​ឈុត​សិច​ស៊ី និង​បៀម​ស្ករ​គ្រាប់​។​

​នាង​ហ្វឿង​បាន​ពន្យល់​ដល់​អ្នក​ដែល​មិន​បានដឹង​អំពី​ឧស្សាហកម្ម​សម្រស់​ថា ផ្នែក​មួយ​នៃ​លក្ខខណ្ឌ​ការងារ​របស់​នាង​គឺ​ធ្វើយ៉ាងណា​ឱ្យ​គេ​មាន​អារម្មណ៍​រំភើប​និង​ផ្សព្វផ្សាយ​ព្រឹត្តិការណ៍​នានា​។​

​ឆ្លើយតប​ទៅនឹង​ការចោទប្រកាន់ថា “​ជ្រុល​ហួសហេតុ​”​នាង ម៉ៃ ហ្វឿង បាន​និយាយថា នាង​ស្រឡាញ់​ភាពរស់រវើក​។ នាង​ថា​នាង​ជ្រើសរើស​សម្លៀកបំពាក់​សាធារណៈ​នីមួយៗ​ដែល​នាង​ស្លៀកពាក់​ស្របតាម​អ្វី​ដែល​សមរម្យ​សម្រាប់​ធម្មជាតិ​និង​ទី​កន្លែង​របស់​មនុស្ស​ម្នាក់ៗ និង​ព្រឹត្តិការណ៍​ផ្សេងៗ​គ្នា​។​

​ក្នុងឱកាស​បុណ្យចូលឆ្នាំ​ថ្មី នាង​ក៏​បាន​ធ្វើឱ្យ​មហាជន​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​ខឹងសម្បា​ផងដែរ នៅពេល​នាង​បង្ហោះ​លើ​បណ្តាញ​អ៊ីនធឺណិត​ក្នុង​ឈុត​រ៉ូ​បវែង​បែប​ប្រពៃណី​វៀតណាម អម​ដោយ​បទ​ចម្រៀង​ដែល​មាន​ពាក្យ​ថា “​ចូល​ឆ្នាំ​ចិន​”​។ នាង​ត្រូវបាន​គេ​រិះគន់ថា​ខ្វះ​ភាពថ្លៃថ្នូរ ហើយ​បាន​លុបចោល​វីដេអូ​បង្ហោះ​នោះ​យ៉ាង​រហ័ស​៕

​នាង ម៉ៃ ហ្វឿង រង​ការរិះគន់​ទូ​ទាំង​វៀតណាម​ចំពោះ​ការ​រាំ​សិច​ស៊ី​មិន​សមរម្យ