ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ ជនវាយប្រហារដោយគ្រាប់បែកអត្តឃាតម្នាក់បានវាយប្រហារនៅក្នុងបរិវេណព្រះវិហារមួយនៅក្នុងទីក្រុងប៉េសាវ៉ា(Peshawar)ភាគពាយព្យនៃប្រទេសប៉ាគីស្ថានដោយសម្លាប់មនុស្សយ៉ាងហោចណាស់៣៤នាក់ និងបង្កអោយរបួស១៥០នាក់ទៀតកាលពីថ្ងៃចន្ទទី៣០មករា។
ជនរងគ្រោះភាគច្រើនជាប៉ូលីស ដោយសារព្រះវិហារកើតហេតុតាំងនៅក្នុងបរិវេណធំមួយដែលក៏មានស្នាក់ការប៉ូលីសក្រុងមួយផងដែរ។
សាបាកាហ្វ ម៉ូម៉ាន(Sarbakaf Mohmand) មេបញ្ជាការក្រុមតាលីបង់ប៉ាគីស្ថាន បានចេញមកអះអាងថាក្រុមខ្លួនជាអ្នកវាយប្រហារ។
ជនវាយប្រហារបានចុចបំផ្ទុះអាវគ្រាប់បែកអត្តឃាតនៅពេលអ្នកបន់ស្រន់ពី៣០០ទៅ៣៥០នាក់កំពុងបន់ស្រន់សូត្រធម៌ក្នុងព្រះវិហារឬកំពុងធ្វើដំណើរទៅកាន់ព្រះវិហារ។
បញ្ជាការប៉ូលីសក្រុងក៏តាំងនៅក្នុងបរិវេណព្រះវិហារ ក្នុងតំបន់ដែលមានការយាមកាមខ្ពស់ហើយគេមិនដឹងថាតើជនវាយប្រហារអាចជ្រៀតចូលក្នុងតំបន់នេះដោយរបៀបណា។
កំលាំងនៃការផ្ទុះបណ្តាលអោយបាក់ដំបូលព្រះវិហារ។
ពួកអ្នកជួយសង្គ្រោះបានខិតខំកាយគំនរថ្មនៃអាគារព្រះវិហារដែលបាក់ហើយបាននាំទាញយកជនរងគ្រោះដែលជាប់ក្រោមគំនរបាក់បែក។នៅមន្ទីរពេទ្យក្បែរនោះមួយ អ្នករងរបួសដេករណូករណែលនៅពេលចំនួនអ្នកស្លាប់បន្តកើនឡើង។
នាយករដ្ឋមន្ត្រី សាបាស សារីហ្វ(Shahbaz Sharif)បានថ្កោលទោសការបំផ្ទុះគ្រាប់នេះនិងបានបញ្ជាអោយអាជ្ញាធរខិតខំព្យាបាលអ្នករងរបួស។លោកក៏ប្តេជ្ញាចាត់វិធានការម៉ឺងម៉ាត់ប្រឆាំងពួកនៅពីក្រោយការវាយប្រហារនេះ។
អតីតនាយករដ្ឋមន្ត្រី អ៊ីមរ៉ាន់ ខាន់ ក៏បានថ្កោលទោសការបំផ្ទុះគ្រាប់បែកនិងហៅវាថាជា«ការវាយប្រហារភេរវកម្ម»។
សូមបញ្ជាក់ថា ប៉េសាវ៉ា ជាទីរួមខេត្តឃីប៊ឺ ប៉ាក់ទុនក្វា( Khyber Pakhtunkhwa)ជាខេត្តជាប់ព្រំដែនអាហ្វហ្គានីស្ថាននិងជាកន្លែងរងការវាយប្រហារជាញឹកញាប់ដោយក្រុមសកម្មប្រយុទ្ធ។
ក្រុមតាលីបង់ប៉ាគីស្ថាន ឬTTPជាក្រុមបំបែកទឹកដីមួយនិងក៏មានទំនាក់ទំនងជិតស្និទ្ធនឹងក្រុមតាលីបង់អាហ្វហ្គានីស្ថានផងដែរ។ក្រុមនេះធ្វើការបះបោរប្រឆាំងនឹងអាជ្ញាធរនៅប៉ាគីស្ថានអស់ពេលជាង១៥ឆ្នាំមកហើយ ដោយប្រកាន់ខ្ជាប់ច្បាប់អ៊ីស្លាមដ៏តឹងតែង។
ប៉ាគីស្ថានបានជួបកំណើននៃការវាយប្រហារដោយពួកសកម្មប្រយុទ្ធចាប់តាំងពីខែវិច្ឆិកា នៅពេលក្រុមតាលីបង់ប៉ាគីស្ថានបញ្ចប់ការផ្អាកការប្រយុទ្ធគ្នាជាមួយកងកម្លាំងរដ្ឋាភិបាល៕
បុគ្គលិកជួយសង្គ្រោះស្វែងរកជនរងគ្រោះក្នុងគំនរបាក់បែកក្រោយការផ្ទុះ
យ៉ាងហោចណាស់១៥០នាក់រងរបួសក្នុងការផ្ទុះ
ទិដ្ឋភាពក្នុងព្រះវិហារដែលរងការបំផ្ទុះគ្រាប់កាលពីថ្ងៃចន្ទ