ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ សមិទ្ធផលនានា និងព្រះវិហារថ្មី ក្នុងវត្តមហាកុសលចេតនារាម ស្ថិតក្នុងភូមិរកាទង ឃុំទួលខ្ពស់ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ត្រូវបានធ្វើពិធីបញ្ចុះខណ្ឌសីមា និងសម្ពោធឆ្លងដាក់ឱ្យប្រើប្រាស់ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣។

ពិធីនេះបានប្រព្រឹត្តទៅក្រោមអធិបតីភាពលោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន លោក យិន សាវ៉េន អភិបាលរងខេត្តកំពង់ឆ្នាំង និង ព្រះទេពមុនី សុខ ថាន ព្រះមេគណខេត្តកំពង់ឆ្នាំង។

លោក យិន សាវ៉េន បានមានប្រសាសន៍បញ្ជាក់ថាៈ នៅថ្ងៃទី១០ ខែមករា ឆ្នាំ២០០៣ លោក តូច ចាន់កុសល អាជ្ញាធរមូលដ្ឋាន និងប្រជាពុទ្ធបរិស័ទ បានឯកភាពគ្នាដាក់ពាក្យស្នើសុំបង្កើតសាលាបុណ្យ ទៅជាអាស្រម ឌីយ៉ាណែតកុសលរាម បន្ទាប់មក ព្រះគ្រូចៅធិការ លោកអាចារ្យ គណៈកម្មការអាស្រម បានសហការជាមួយអាជ្ញាធរ បានដាក់ពាក្យស្នើសុំទៅក្រសួងធម្មការ និងសាសនា ដើម្បីប្រែក្លាយអាស្រមទៅជាវត្តវិញ និងទទួលបានប្រកាសស្តីពីការអនុញ្ញាតឲ្យ ផ្ទេរពីអាស្រមទៅជាវត្តមហាកុសលចេតនារាម នៅថ្ងៃទី១ ខែកក្កដា ឆ្នាំ២០១៩ ហើយបានកសាងជាបន្តបន្ទាប់រហូតដល់ពេលនេះ។

ព្រះវិហារដ៏ស្កឹមស្កៃថ្មី និងសមិទ្ធផលថ្មីៗជាច្រើនក្នុងវត្តនេះ បានចំណាយថវិកាអស់ប្រមាណជាង ២៨ ម៉ឺនដុល្លារសហរដ្ឋអាមេរិក ដែលបានពីការចូលរួមបរិច្ចាគជាច្រើនពី លោក តូច ចាន់កុសល រដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន រួមនឹងប្រជាពុទ្ធបរិស័ទ បានធ្វើឱ្យសមិទ្ធផលក្នុងវត្តនេះ មានការរីកចម្រើន ជាបន្តបន្ទាប់តែម្តង៕/V-PC