ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ សហរដ្ឋអាម៉េរិកនឹងមិនផ្តល់យន្តហោះប្រយុទ្ធធុនF-16ដែលអ៊ុយក្រែនស្នើសុំសំរាប់ប្រយុទ្ធទល់នឹងរុស្ស៊ីនោះទេ នេះបើតាមការបញ្ជាក់ពីប្រធានាធិបតី ចូ បៃដិនកាលពីថ្ងៃចន្ទ នៅពេលកងកម្លាំងរុស្ស៊ីអះអាងអំពីការវាយដណ្តើមតំបន់មួយចំនួននៅអ៊ុយក្រែនខាងកើតមកកាន់កាប់វិញ។
បើតាមទីប្រឹក្សាក្រសួងការពារជាតិអ៊ុយក្រែនម្នាក់ អ៊ុយក្រែនមានផែនការជំរុញអោយលោកខាងលិចផ្តល់យន្តហោះជំនាន់ទីបួន ដូចជា F-16ដល់ខ្លួនបន្ទាប់ពីបញ្ចុះបញ្ចូលអោយពួកគេសន្យាប្រគល់រថក្រោះប្រយុទ្ធរាប់រយគ្រឿងដល់ខ្លួនកាលពីសប្តាហ៍មុន ហើយអ្នកនាំពាក្យកងទ័ពអាកាសអ៊ុយក្រែនថែមទាំងបាននិយាយថា វាត្រូវចំណាយពេលកន្លះឆ្នាំដើម្បីអាកាសយានិកអ៊ុយក្រែនរៀនប្រើប្រាស់និងបញ្ជាយន្តហោះប្រយុទ្ធដូច្នេះ។
តែនៅពេលត្រូវបានសួរថាតើអាម៉េរិកនឹងប្រគល់យន្តហោះ F-16ដល់អ៊ុយក្រែនឬ លោកបៃដិនបានប្រាប់អ្នកយកព័ត៌មាននៅសេតវិមានថា«ទេ»។
ចម្លើយដ៏ច្បាស់នេះកើតឡើងក្រោយពីប្រធានាធិបតីអ៊ុយក្រែនលោកវ៉ូឡូឌីមៀ ហ្សេឡេនស្គី បាននិយាយថារុស្ស៊ីបានចាប់ផ្តើមការប្រហារសងសឹកលើកងកម្លាំងអ៊ុយក្រែនជាមួយនឹងការវាយប្រហារជាប់ជាប្រចាំនៅខាងកើតប្រទេស។លោកបានព្រមានប៉ុន្មានសប្តាហ៍មកហើយថា រដ្ឋាភិបាលទីក្រុងមូស្គូមានបំណងបង្កើនការវាយប្រហាររបស់ខ្លួនលើអ៊ុយក្រែនក្រោយប្រទាញប្រទង់អស់ពេលប្រមាណពីរខែនៅតាមខ្សែត្រៀមជួរមុខចាប់ពីខាងត្បូងដល់ខាងកើតអ៊ុយក្រែន។
សូមបញ្ជាក់ថា អ៊ុយក្រែនទទួលបានការលើកទឹកចិត្តដ៏ធំកាលពីសប្តាហ៍មុននៅពេលអាល្លឺម៉ង់និងអាម៉េរិកប្រកាសផែនការផ្តល់រថក្រោះធុនធ្ងន់ដល់អ៊ុយក្រែនដោយបញ្ចប់ការជាប់គាំងការទូតអស់ពេលរាប់សប្តាហ៍៕
បៃដិន បដិសេធការផ្តល់យន្តហោះ F-16ដល់អ៊ុយក្រែននៅពេលនេះ តែមិនធានាថាអត់ទេនៅពេលអនាគត