ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតី អេមម៉ានុយអែល ម៉ាក្រុង បាននិយាយកាលពីថ្ងៃចន្ទទី៣០មករាថាបារាំងមិនបានច្រានចោលការបញ្ជូនយន្តហោះចម្បាំងទៅកាន់អ៊ុយក្រែននោះទេ ប៉ុន្តែបានដាក់ចេញនូវលក្ខខណ្ឌជាច្រើន មុនពេលជំហានដ៏សំខាន់បែបនេះអាចនឹងត្រូវធ្វើឡើង។
បារាំងបានបញ្ជូនឱ្យអ៊ុយក្រែននូវប្រព័ន្ធការពារដែនអាកាស ឈុតរ៉ុក្កែតលីលើស្មា កាំភ្លើងធំ និងឧបករណ៍យោធាផ្សេងទៀត ហើយបានសន្យាបញ្ជូនរថពាសដែកប្រយុទ្ធ និងរថពាសដែកឈ្លបយកការណ៍ ប៉ុន្តែមិនហ៊ានបញ្ជូនរថក្រោះប្រយុទ្ធឬអាវុធធុនធ្ងន់ជាងនេះនោះទេ។
នៅពេលសួរនៅក្នុងសន្និសីទសារព័ត៌មាននៅទីក្រុងឡាអេកាលពីថ្ងៃចន្ទថាតើបារាំងកំពុងពិចារណាបញ្ជូនយន្តហោះចម្បាំងដែរឬយ៉ាងណា លោកម៉ាក្រុងបាននិយាយថា “គ្មានអ្វីត្រូវបានដកចេញទេ” ដរាបណាលក្ខខណ្ឌមួយចំនួនត្រូវបានបំពេញ។
លោកម៉ាក្រុងនិយាយថា លក្ខខណ្ឌទាំងនោះ រួមមាន ការផ្តល់ឧបករណ៍បែបនេះនឹងមិននាំឱ្យមានការកើនឡើងនៃភាពតានតឹង ឬត្រូវបានប្រើដើម្បី “ប៉ះពាល់ទឹកដីរុស្ស៊ី” ហើយដូច្នេះ “វានឹងមិនធ្វើឱ្យសមត្ថភាពរបស់កងទ័ពបារាំងចុះខ្សោយនោះទេ”។
លោកក៏បាននិយាយដែរថា អ៊ុយក្រែនត្រូវតែស្នើសុំជាផ្លូវការនូវយន្តហោះទាំងនោះ។ លោកបានកត់សម្គាល់ថា លោកនឹងជួបជាមួយរដ្ឋមន្ត្រីការពារជាតិអ៊ុយក្រែន លោក អូឡេកស៊ី រ៉េសនីកូវ (Oleksii Reznikov) នៅទីក្រុងប៉ារីសនៅថ្ងៃអង្គារ។
នៅទីក្រុងវ៉ាស៊ីនតោន នៅពេលត្រូវបានសួរដោយអ្នកសារព័ត៌មានកាលពីថ្ងៃចន្ទថាតើរដ្ឋបាលរបស់លោកបៃដិនកំពុងពិចារណាបញ្ជូនយន្តហោះចម្បាំង F16 ដល់អ៊ុយក្រែនឬយ៉ាងណា ប្រធានាធិបតីអាម៉េរិក ចូ បៃដិន បានឆ្លើយតបថា “ទេ” ។ ទីប្រឹក្សាសន្តិសុខជាតិរងរបស់លោកបៃដិន លោក ចន ហ្វីន័រ (Jon Finer) បាននិយាយនៅក្នុងបទសម្ភាសន៍ជាមួយទូរទស្សន៍ MSNBCកាលពីសប្តាហ៍មុនថា សហរដ្ឋអាម៉េរិកនឹងពិភាក្សាអំពីយន្តហោះចម្បាំង “ដោយប្រុងប្រយ័ត្ន” ជាមួយអ៊ុយក្រែននិងសម្ពន្ធមិត្ត៕
លោកម៉ាក្រុង(ឆ្វេង)ជួបជាមួយនាយករដ្ឋមន្ត្រីហូឡង់នៅទីក្រុងឡាអេកាលពីថ្ងៃចន្ទ