ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ចិនកាលពីថ្ងៃចន្ទបាននិយាយថា ស្ថានភាពឆ្លងកូវីដ១៩នៅចិនស្ថិតនៅ«កំរិតទាប»និងថាចំនួនអ្នកជំងឺចូលបណ្តាគ្លីនិចដោយសារឆ្លងកូវីដ១៩ក្នុងអំឡុងពេលចូលឆ្នាំថ្មីបានធ្លាក់ចុះប្រមាណ៤០ភាគរយបើធៀបនឹងរយៈពេលមួយសប្តាហ៍មុនពេលចូលឆ្នាំថ្មី។
អ្នកនាំពាក្យគណៈកម្មាធិការសុខាភិបាលជាតិលោកមី ហ្វឹង(Mi Feng)បានប្រាប់សន្និសីទកាសែតមួយកាលពីថ្ងៃចន្ទថា «ស្ថានភាពឆ្លងទូទៅនៅក្នុងប្រទេសបានឈានដល់កំរិតទាបមួយ និងការឆ្លងនៅកន្លែងផ្សេងៗធ្លាក់ចុះទាំងអស់»។
សូមបញ្ជាក់ថាការធ្វើដំណើរចេញនិងចូលនិងក្នុងប្រទេសចិនក្នុងអំឡុងពេលចូលឆ្នាំថ្មីបានកើនឡើងជាខ្លាំង នៅពេលមនុស្សរាប់លាននាក់នាំគ្នាជិះយន្តហោះ រថភ្លើង រថយន្តក្រុងនិងរថយន្តទេសចរណ៍នៅតាមដងផ្លូវបន្ទាប់ពីរដ្ឋាភិបាលទីក្រុងប៉េកាំងកាលពីដើមខែធ្នូបានលុបចោលការអនុវត្តវិធានការគ្រប់គ្រងកូវីដដ៏តឹងតែងភ្លាមៗក្រោយប្រើវាអស់ពេលជិតបីឆ្នាំ។
បើតាមក្រសួងគមនាគមន៍ចិន ចំនួនធ្វើដំណើររបស់អ្នកដំណើរក្នុងអំឡុងពេលមមាញឹកបំផុតប្រចាំឆ្នាំ គឺក្នុងពេលមុន អំឡុងនិងក្រោយចូលឆ្នាំចិនថ្មីបានកើនដល់៨៩២លានរវាងថ្ងៃ៧និង២៩មករាដោយកើន៥៦ភាគរយធៀបនឹងពេលដូចគ្នាកាលពីឆ្នាំ២០២២។
ការបន្ធូរបន្ថយការរឹតត្បិតប្រឆាំងកូវីដ១៩នៅចិនបណ្តាលអោយមានការឆ្លងមួយរលកធំក្នុងចំណោមប្រជាជនចិន១,៤ពាន់លាននាក់ និងនាំអោយមានការព្រួយបារម្ភជាទូទៅថានឹងមានការផ្ទុះជំងឺនេះដ៏ហិនហោចក្រោយចូលឆ្នាំទៅ តែអ្វីៗផ្ទុយស្រឡះ។
មជ្ឈមណ្ឌលគ្រប់គ្រងជំងឺចិន(CDC)កាលពីសប្តាហ៍មុនក៏បាននិយាយងថា ចំនួនអ្នកជំងឺកូវីដធ្ងន់ធ្ងរបានធ្លាក់ចុះ៧២ភាគរយធៀបនឹងពេលវាកើនឡើងខ្ពស់បំផុតកាលពីដើមខែមករា រីឯចំនួនអ្នកជំងឺកូវីដស្លាប់ធ្លាក់ចុះ៧៩ភាគរយ។
អ្នកសិក្សាស្រាវជ្រាវនៅCDCលោកចេន កាវ(Chen Cao)ក៏បានបញ្ជាក់កាលពីថ្ងៃចន្ទថា មិនមានវីរុសបំប្លែងថ្មីៗត្រូវបានរកឃើញនៅចិនទេ ក្នុងអំឡុងពេលចូលឆ្នាំចិនថ្មីនៅពេលមនុស្សរាប់លាននាក់វិលមកពីភូមិស្រុករបស់គេវិញ។លោកថា វីរុសដែលធ្វើចរចាចរណ៍ក្នុងអំឡុងពេលចូលឆ្នាំថ្មី ជាប្រភេទវីរុសអូមីក្រុងចាស់ BA.5.2 និង BF.7៕
ចំនួនឆ្លងនិងស្លាប់ដោយកូវីដ១៩នៅចិនបានថយចុះខ្លាំងចាប់តាំងពីវាបានឡើងដល់កំពូលកាលពីចុងខែធ្នូនិងដើមខែមករា