ដោយៈ សុផល / ភ្នំពេញ៖ រយៈពេល ៤ខែ ក្នុងឆ្នាំ២០២២ កន្លងមកនេះ ដំណើរការ សាកល្បងពិន័យ និងដកពិន្ទុបណ្ណបើកបរ បានរកឃើញមានល្មើសច្បាប់ចរាចរណ៍ ចំនួនជាង ៨ពាន់ ករណី និងបានដកពិន្ទុ សរុបជាង ១ម៉ឺនពិន្ទុ។
បើតាមការបញ្ជាក់ពីលោកស្រី មឹន មាណាវី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអគ្គលេខាធិការគណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក បានថ្លែងក្នុងពិធីបូកសរុបលទ្ធផល ការងារសុវត្ថិភាពចរាចរណ៍ផ្លូវគោក ប្រចាំឆ្នាំ២០២២ និងលើកទិសដៅការងារ ឆ្នាំ២០២៣ នាថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ថា៖ ក្នុងរយៈ ពេល នៃដំណើរការសាកល្បងធ្វើការពិន័យ និងដកពិន្ទុបណ្ណបើកបរ ដោយឧបករណ៍ បច្ចេកទេស រយៈពេលបួនខែ កន្លងមក គិតចាប់ពីថ្ងៃទី០១ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ សមត្ថកិច្ច បានរកឃើញមានអ្នកល្មើសច្បាប់ចរាចរណ៍ ចំនួន ៨.៥១៣ នាក់ ក្នុងនោះ មានអ្នកបើកបររថយន្តធុនស្រាល មានចំនួន ៧.៤៧៧ គ្រឿង រកឃើញល្មើស ៧.៥៧៩ ករណី និងដកពិន្ទុសរុប ១០.១៦២ ពិន្ទុ ។ មានអ្នកបើកបររថយន្តធុនធ្ងន់ ចំនួន ១.០៣៦ គ្រឿង រកឃើញល្មើស ១.១៤៦ ករណី និងដកពិន្ទុ ៦៦៥ ពិន្ទុ ។
លោកស្រីរដ្ឋលេខាធិការរូបនេះ បានថ្លែងបន្ថែមថាៈ ចំពោះការត្រួតពិនិត្យអ្នកជិះម៉ូតូ ល្មើស មានសរុប ១១៥.៨០១ គ្រឿង ក្នុងនោះ មានមិនពាក់មួកសុវត្ថិភាពបានធ្វើការឃាត់បង្ខំឲ្យរកមួកមកពាក់ និងពិន័យ ចំនួន ៩៤ ភាគរយនៃករណីល្មើស សរុបរបស់អ្នកជិះម៉ូតូទាំង ១១៥.៨០១ ករណី។
គួរជម្រាបថា កម្មវិធីដកពិន្ទុបណ្ណបើកបនិងការបង់ប្រាក់ពិន័យអន្តរការណ៍ទូទាំងប្រទេស ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោក បានចាប់ផ្តើមអនុវត្តសាកល្បង ចាប់ពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២២ និងដំណើរការ អនុវត្តពេញលេញ កាលពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៣។
ចំពោះការដាក់ឱ្យដំណើរការកម្មវិធីនេះ ធ្វើឡើងក្នុងគោលបំណងបង្កើនប្រសិទ្ធភាព នៃការរឹតបន្តឹងការអនុវត្តច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកសំដៅកាត់បន្ថយគ្រោះថ្នាក់ ចរាចរណ៍ផ្លូវគោក បានជាអតិបរមា ក៏ដូចជាការបង្កលក្ខណៈងាយស្រួល ជូនប្រជាពលរដ្ឋ ក្នុងការបង់ប្រាក់ពិន័យអំពើល្មើសច្បាប់ស្ដីពីចរាចរណ៍ផ្លូវគោកនិងធានាតម្លាភាព ក្នុងការពិន័យអន្តរការណ៍ ចំពោះអំពើល្មើសច្បាប់ស្តីពីចរាចរណ៍ផ្លូវគោកផងដែរ៕/V-PC