​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ ប្រមុខ​ការពារជាតិរ​បស់​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​នឹង​ជួប​ពិភាក្សា​គ្នា​នៅ​ថ្ងៃ​អង្គារ​នេះ​នៅ​ទីក្រុង​សេ​អ៊ូ​លខ​ណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​កំពុង​​ព្យាយាម​ធានា​ឡើង​វិញ​ដល់​សម្ពន្ធមិត្ត​អាស៊ី​ដ៏​សំខាន់​ជុំវិញ​ការប្តេជ្ញាចិត្ត​នុយក្លេអ៊ែរ​របស់​ខ្លួន​ចំ​ពេល​មាន​ការគំរាមកំហែង​កាន់តែ​ខ្លាំង​ឡើង​ពី​កូរ៉េខាងជើង​។​

​រដ្ឋមន្ត្រី​ការពារជាតិ​អាម៉េរិក លោក ឡយ អូ​ស្ទីន បាន​មក​ដល់​ទីក្រុង​សេ​អ៊ូ​ល​កាលពី​ថ្ងៃ​ចន្ទ ហើយ​គ្រោង​នឹង​ជួប​ជាមួយ​រដ្ឋមន្ត្រី​ការពារជាតិ​កូរ៉េខាងត្បូង លោក លី ចុង​ស៊ុប (Lee Jong-sup) នៅ​ថ្ងៃ​អង្គារ​នេះ បន្ទាប់​ពី​កិច្ចពិភាក្សា​សន្តិសុខ​ប្រចាំឆ្នាំ​របស់​ពួក​គេ​កាលពី​ខែវិច្ឆិកា​ក្នុង​ទីក្រុង​វ៉ាស៊ីនតោន​។​

​កិច្ចប្រជុំ​ចុងក្រោយ​នេះ​ធ្វើឡើង ខណៈ​កូរ៉េខាងត្បូង​ជំរុញ​ឱ្យ​បង្កើន​ទំនុកចិត្ត​លើ​សមត្ថភាព​ទប់ទល់​ខ្ពស់​ឡើង​របស់​អាម៉េរិក ពោលគឺ​សមត្ថភាព​យោធា​របស់​ខ្លួន ជាពិសេស​កងកម្លាំង​នុយក្លេអ៊ែរ​របស់​​អាម៉េរិក​តែម្តង ដើម្បី​ទប់ស្កាត់​ការវាយប្រហារ​លើ​សម្ពន្ធ​មិត្ត​របស់ខ្លួន​។​

​កូរ៉េខាងជើង ដែល​មាន​អាវុធ​នុយក្លេអ៊ែរ បាន​បាញ់​មី​ស៊ី​ល​ច្រើន​គ្រាប់​មិន​ធ្លាប់​មាន​ពីមុន​កាលពី​ឆ្នាំមុន រួម​ទាំង​មី​ស៊ី​ល​ឆ្លង​ទ្វីប (ICBM)​ដែល​អាច​បាញ់​ដល់​ដីគោក​អាម៉េរិក​។​មន្ត្រី​មកពី​ភាគី​ទាំងពីរ​​ក៏​បាន​ព្រមាន​ដែរ​ថា រដ្ឋាភិបាល​ក្រុង​ព្យុង​យ៉ាង​អាច​នឹង​ត្រៀម​សាកល្បង​អាវុធ​នុយក្លេអ៊ែរ​ជា​លើកដំបូង​របស់​ខ្លួន​ចាប់តាំងពី​ឆ្នាំ ២០១៧​។​

​ការ​គម្រាមកំហែង​ដែល​កំពុង​វិវត្ត​របស់​កូរ៉េ​ខាងជើងក៏​បាន​ធ្វើឱ្យ​មាន​ការអំពាវនាវ​ជា​ថ្មី​ពី​អ្នកនយោបាយ​និង​អ្នកជំនាញ​មួយចំនួន​នៅក្នុង​ប្រទេស​កូរ៉េខាងត្បូង​ផងដែរ​សម្រាប់​ការនាំយក​មកវិញ​​នូវ​អាវុធ​នុយក្លេអ៊ែរ​យុទ្ធសាស្ត្រ​របស់​អាម៉េរិក ឬ​សូម្បី​អភិវឌ្ឍ​កម្មវិធី​នុយក្លេអ៊ែរ​ដោយ​ខ្លួនឯង​ទៀត​ផង ទោះបីជា​មន្ត្រី​រដ្ឋាភិបាល​ក្រុង​សេ​អ៊ូ​ល​បាន​ច្រានចោល​នូវ​លទ្ធភាព​បែប​នេះ​ក៏ដោយ​។​

​លោក​អូ​ស្ទីន​បាន​និយាយថា ដំណើរ​របស់​គាត់​គឺ​សំដៅ​ពង្រឹង​កិច្ចសហប្រតិបត្តិការ​ឱ្យ​កាន់តែ​ស៊ីជម្រៅ ដើម្បី​ដោះស្រាយ​បញ្ហា​ប្រឈម​ផ្នែក​សន្តិសុខ​រួមគ្នា និង​បញ្ជាក់​ជា​ថ្មី​ថា​ការប្តេជ្ញា​ចិត្ត​អំពី​សមត្ថភាព​​ទប់ទល់​របស់​អាម៉េរិក​ចំពោះ​កូរ៉េខាងជើង​គឺ “​មាំ​ដូច​ដែក​ថែប​” នៅក្នុង “​គ្រា​នៃ​ភាព​តានតឹង​និង​ការ​បង្កហេតុ​កាន់តែ​ខ្ពស់​ឡើង​”​។​

​លោក​អូ​ស្ទីន​បាន​និយាយ​នៅក្នុង​ការចេញផ្សាយព័​ត៌​មាន​ពិសេស​មួយ​នៅ​ថ្ងៃ​អង្គារ​នេះ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​យ៉ុន​ហាប់​យ៉ាង​ដូច្នេះ​ថា​”​នោះ​ហើយ​ជា​មូលហេតុ​ដែល​សហរដ្ឋ​អាម៉េរិក​និង​កូរ៉េខាងត្បូង​​កំពុង​ចាត់វិធានការ​ច្បាស់លាស់​និង​មាន​អត្ថន័យ​ដើម្បី​ធ្វើ​ទំនើបកម្ម និង​ពង្រឹង​សម្ពន្ធភាព​របស់​យើង​”​។​

​លោក​បាន​បន្ថែមថា “​ដូច្នេះ​គូប្រជែង​និង​គូសត្រូវ​របស់​យើង​ដឹង​ថា ប្រសិន​បើ​ពួកគេ​ប្រជែង​ជាមួយ​យើង ពួកគេ​កំពុង​ប្រជែង​ជាមួយ​សម្ពន្ធភាព​អាម៉េរិក​-​កូរ៉េខាងត្បូង​ទាំងមូល​”៕

លោក​អូ​ស្ទីន​មក​ដល់​កូរ៉េខាងត្បូង​នៅ​ថ្ងៃ​អង្គារ​នេះ​