ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល)៖ប្រធានាធិបតីក្រូអាស៊ីដែលជាសមាជិកអង្គការណាតូកាលពីថ្ងៃចន្ទទី៣០មករាបានរិះគន់ប្រទេសលោកខាងលិចចំពោះការផ្គត់ផ្គង់រថក្រោះធុនធ្ងន់និងអាវុធផ្សេងទៀតដល់អ៊ុយក្រែនក្នុងយុទ្ធនាការរបស់ខ្លួនប្រឆាំងនឹងការឈ្លានពានរបស់កងកម្លាំងរុស្ស៊ី ដោយនិយាយថា ការផ្តល់អាវុធទាំងនោះនឹងអូសបន្លាយសង្គ្រាម។
លោក ហ្សូរ៉ាន់ មីឡាណូវិក (Zoran Milanovic) បានប្រាប់អ្នកយកព័ត៌មាននៅរដ្ឋធានីរបស់ក្រូអាស៊ី ថា វាពិតជា “ឆ្កួតពេកហើយ” ដែលជឿថារុស្ស៊ីអាចចាញ់ក្នុងសង្គ្រាមធម្មតា(មិននុយគ្លេអ៊ែរ)។
លោកមីឡាណូវិកបាននិយាយថា “ខ្ញុំប្រឆាំងរាល់ការបញ្ជូនអាវុធសាហាវណាមួយទៅទីនោះ។ វានឹងធ្វើឱ្យសង្គ្រាមអូសបន្លាយពេលយូរ”។
លោកបានបន្ថែមថា “អ្វីទៅជាគោលដៅ? ការបំបែកបំបាក់រុស្ស៊ី ការផ្លាស់ប្តូររដ្ឋាភិបាល? ក៏មានការនិយាយពីការហែករុស្ស៊ីឱ្យដាច់ជាចម្រៀកៗផងដែរ។ នេះជារឿងឆ្កួតមែនទែនហើយ”។
លោកមីឡាណូវិកបានឈ្នះការបោះឆ្នោតប្រធានាធិបតីនៅប្រទេសក្រូអាស៊ីក្នុងឆ្នាំ ២០១៩ ក្នុងនាមជាបេក្ខជនសេរីបែបឆ្វេងនិយមដែលផ្ទុយទៅនឹងរដ្ឋាភិបាលអភិរក្សនិយមនានាដែលបច្ចុប្បន្នកំពុងកាន់អំណាចនៅក្នុងសហភាពអឺរ៉ុបនិងរដ្ឋជាសមាជិកណាតូ។ ប៉ុន្តែចាប់តាំងពីពេលនោះមកគាត់បានងាកទៅរកជាតិនិយមបែបប្រជានិយមហើយបានរិះគន់គោលនយោបាយលោកខាងលិចចំពោះរុស្ស៊ីក៏ដូចជាតំបន់បាល់កង់។
លោកមីឡាណូវិកបានកងសាងកេរ្តិ៍ឈ្មោះជាអ្នកនិយមខាងរុស្ស៊ី ។ក្នុងប៉ុន្មានខែថ្មីៗនេះលោកបានជំទាស់ដោយបើកចំហចំពោះការទទួលយកហ្វាំងឡង់និងស៊ុយអែតចូលជាសមាជិកណាតូក៏ដូចជាការបង្វឹកកងទ័ពអ៊ុយក្រែននៅក្នុងប្រទេសក្រូអាស៊ី ដែលជាផ្នែកមួយនៃជំនួយរបស់សហភាពអឺរ៉ុបដល់ប្រទេសកំពុងមានសង្គ្រាមនេះ។
កាលពីថ្ងៃចន្ទ ប្រធានាធិបតីក្រូអាស៊ីក៏បាននិយាយដែរថា គាត់ជឿជាក់ថាឧបទ្វីបគ្រីម៉េ ដែលរុស្ស៊ីកាត់យកក្នុងឆ្នាំ ២០១៤ នឹងមិនក្លាយជាផ្នែករបស់អ៊ុយក្រែនជារៀងរហូត៕
ប្រធានាធិបតីក្រូអាស៊ី លោក ហ្សូរ៉ាន់ មីឡាណូវិក