ដោយៈ ទេព មង្គល / សៀមរាបៈ លោក ភឹង តារា បុរាណវិទូអាជ្ញាធរជាតិអប្សរា បានបង្ហាញ នូវរូបចម្លាក់មួយចំនួន ទាក់ទងនឹងក្បាច់វាយគ្នា ដូចជាគុនខ្មែរ ចំបាប់ ឬល្បុកតោ នៅតាមខឿននៃប្រាសាទមួយចំនួន ក្នុងតំបន់រមណីយដ្ឋានអង្គរ។ តាមអ្នកជំនាញ រូបចម្លាក់ទាំងនោះ មាននៅប្រាសាទតាព្រហ្ម បាយ័ន អង្គរវត្ត បន្ទាយសំរែ ព្រះខ័ន និងប្រាសាទប្រីជាដើម។ នេះបើយោងតាមប្រភព ពីអាជ្ញាធរជាតិអប្សរា។

លោក ភឹង តារា ពន្យល់ថា ភាគច្រើនចម្លាក់គុន ឬក្បាច់វាយគ្នាទាំងនោះ ច្រើនឆ្លាក់ជា ចម្លាក់តូចៗ មានឆ្លាក់នៅខឿន ខាងផ្នែកខាងក្រោមប្រាសាទ។ តួយ៉ាង នាខឿនខាងត្បូង សាលរបាំ នៃប្រាសាទតាព្រហ្ម ចម្លាក់ប្រមាណ ៨រូប បានឆ្លាក់តម្រៀបគ្នាជាជួរ ដោយមានជាក្បាច់ឱប ក ឡើងជង្គង់ កម្ដៅសាច់ដុំ ការឱ្យទឹក ។ល។ ក្រៅពីនោះ មានឆ្លាក់ដាច់ពីគេ នៅផ្នែកខាងត្បូង នៃប្រាសាទនេះផងដែរ។

នៅប្រាសាទតាព្រហ្មដដែល ត្រង់ចម្លាក់ដែលមានមនុស្ស ពីរនាក់ឡើងជង្គង់។ រូបនេះ ត្រូវបានលោក ភឹង តារា យល់ថា ជាគុនខ្មែរ ដោយគេឃើញមានមនុស្សពីរនាក់​កំពុងប្រកួតគ្នា។ អ្នកនៅខាងស្តាំ ចាប់ក្បាលអ្នកនៅខាងឆ្វេង សង្កត់ចុះក្រោម ឯជើងខាងឆ្វេងវិញ ឡើងជង្គង់ ទៅរកគូប្រកួតខ្លួន។ តែអ្នកនៅខាងឆ្វេងវិញ​យកដៃស្តាំ របស់ខ្លួន ចាប់ទប់ជង្គង់នោះ កុំឲ្យមកត្រូវមុខបាន។

អ្នកស្រាវជ្រាវ យល់ថា នេះប្រហែលជាការប្រកួត នៅក្នុងការហាត់សមប៉ុណ្ណោះ ដ្បិតអី នៅប៉ែកខាងស្តាំនៃរូប ឃើញមានមនុស្សម្នាក់ អង្គុយបញ្ឈរជង្គង់ យកដៃចង្អុល មកអ្នកទាំងពីរ ហាក់ដូចជាបង្គាប់ស្នៀតអ្វីមួយ។

ចំណែកចម្លាក់នៅជញ្ជាំងប្រាសាទព្រះខ័នវិញ លោក ភឹង​ តារា ពន្យល់ថា គេឃើញនៅ ​លើសសរផ្អោប ឃើញមានមនុស្សពីរនាក់ ចាប់ឱបកាច់គ្នា ដោយអ្នកខាងឆ្វេងចាប់កាច់ កគូប្រកួតមកក្រោម តែអ្នកស្តាំនោះវិញ ក៏ខំឱបចាប់ភ្លៅដៃគូខ្លួនជាប់ ដើម្បីកុំឲ្យកាច់ផ្តួល ខ្លួនបាន។ ដោយសារជាចម្លាក់ល្អិត ដូច្នេះចម្លាក់ទាំងនោះ ពុំសូវមានអ្នកស្គាល់ និងចាប់អារម្មណ៍ទេ។ ពួកគេ តែងទៅ និងមក ហួសជានិច្ច៕/V/R