ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ មនុស្សរាប់រយនាក់បានប្រមូលផ្តុំគ្នាខណៈព្រិលធ្លាក់នៅក្នុងទីក្រុងស្រីណាហ្គា (Srinagar) ដ៏សំខាន់របស់រដ្ឋកាស្មៀខាងប្រទេសឥណ្ឌាកាលពីថ្ងៃចន្ទទី៣០មករាដើម្បីប្រារព្ធការបញ្ចប់ការដើរក្បួនរបស់មេដឹកនាំគណបក្សសមាជិក លោក រ៉ាហ៊ុល គន្ធី (Rahul Gandhi)ដែលបានចាប់ផ្តើមនៅចុងភាគខាងត្បូងនៃប្រទេសកាលពី ១៣៥ ថ្ងៃមុន។
ការដើរក្បួនឈ្មោះថា “Bharat Jodo Yatra” ឬ ការដង្ហែក្បួនរួបរួមឥណ្ឌា មានគោលបំណងបង្កើនប្រជាប្រិយភាពរបស់បុរសវ័យ ៥២ ឆ្នាំរូបនេះប៉ុន្តែបក្សសមាជនៅតែត្រូវប្រឈមមុខនឹងសមរភូមិដ៏ខ្លាំងទល់នឹងគណបក្សបារ៉ាធីយ៉ាចាណាតា (Bharatiya Janata ឬ BJP) របស់នាយករដ្ឋមន្ត្រី ណារិនដ្រា ម៉ូឌីដែលហាក់ត្រៀមខ្លួនរួចជាស្រេចដើម្បីដណ្តើមយកជ័យជម្នះភ្លូកទឹកភ្លូកដីក្នុងការបោះឆ្នោតនៅឆ្នាំ ២០២៤។
លោកគន្ធី ដែលបានដោះអាវយឺតដែលលោកបានពាក់ភាគច្រើនសម្រាប់ការហែក្បួនមកឈុតរោមចៀមកាស្មៀដើម្បីការពារត្រជាក់ បាននិយាយថា “ខ្ញុំមិនបានធ្វើធម្មយាត្រាសម្រាប់ខ្លួនខ្ញុំឬបក្សសមាជទេ”។
លោកបាននិយាយសំដៅទៅគណបក្ស BJPថា “គោលបំណងគឺងើបឡើងប្រឆាំងនឹងមនោគមវិជ្ជាដែលចង់បំផ្លាញមូលដ្ឋានគ្រឹះនៃប្រទេសនេះ”។
មេដឹកនាំមកពីគណបក្សប្រឆាំងចំនួនប្រាំមួយបានចូលរួមក្នុងការជួបជុំនេះ ដែលជាការប្រមូលផ្តុំរបស់ក្រុមប្រឆាំងធំបំផុតនៅក្នុងរដ្ឋដែលកាន់សាសនាអ៊ីស្លាមភាគច្រើនរបស់ឥណ្ឌាកន្លែងដែលរដ្ឋាភិបាលរបស់លោកម៉ូឌីបានរៀបចំឡើងវិញជាដែនដីគ្រប់គ្រងសហព័ន្ធចំនួនពីរក្នុងខែសីហា ឆ្នាំ ២០១៩។
លោក ឌី រ៉ាចា (D. Raja)អគ្គលេខាបក្សកុម្មុយនីស្តឥណ្ឌា បាននិយាយនៅឯការជួបជុំគ្នាថា “គ្រប់គណបក្សទាំងអស់ត្រូវតែរួបរួមគ្នាដើម្បីរំដោះប្រទេសចេញពីបក្ស BJP”។
មេដឹកនាំបក្សប្រឆាំងមួយចំនួនទៀតមិនបានចូលរួមការប្រមូលផ្តុំនេះទេ ដោយសារតែជើងហោះហើរទៅកាន់អាកាសយានដ្ឋានក្រុងស្រីណាហ្គាត្រូវបានលុបចោល ពីព្រោះព្រិលធ្លាក់ខ្លាំង។
ត្រកូលនេរុ-គន្ធីបានគ្រប់គ្រងគណបក្សសមាជអស់ជាច្រើនទសវត្សរ៍មកហើយ ប៉ុន្តែក៏ទទួលខុសត្រូវចំពោះការធ្លាក់ចុះនាពេលថ្មីៗនេះផងដែរ។ លោកគន្ធីបានលាលែងពីតំណែងប្រធានបក្សសមាជ បន្ទាប់ពីការបោះឆ្នោតចុងក្រោយ។
ការរៀបចំសន្តិសុខត្រូវបានពង្រឹងនៅក្នុងតំបន់កាស្មៀនៅមុនពេលការជួបជុំនេះ ដោយប៉ូលីសប្រដាប់អាវុធបានបិទផ្លូវទាំងអស់ដែលចូលទៅកាន់កីឡដ្ឋានកីឡាគ្រីឃីតកន្លែងដែលការជួបជុំត្រូវបានធ្វើឡើង៕
លោកគន្ធី (ឆ្វេង) បញ្ចប់ការដើរក្បួន ១៣៥ ថ្ងៃដើម្បីអរគុណអ្នកគាំទ្រគណបក្សសមាជិក