ប្រែសម្រួលៈបំណង(ដេល្លីម៉េល)៖ មនុស្សជាង៦០នាក់ ភាគច្រើនជាប៉ូលីស ត្រូវបានសម្លាប់នៅក្នុងការផ្ទុះខ្លាំងមួយនៅព្រះវិហារមួយក្នុងស្នាក់ការប៉ូលីសក្រុងប៉េសាវ៉ា របស់ប៉ាគីស្ថានកាលពីថ្ងៃចន្ទ ជាហេតុនាំអោយរដ្ឋាភិបាលដាក់ប្រទេសក្នុងស្ថានភាពប្រុងប្រយ័ត្នខ្ពស់។
ការវាយប្រហារដោយអត្តឃាតជននេះបានកើតឡើងក្នុងអំឡុងពេលសូត្រធម៌បន់ស្រន់ព្រះនាពេលរសៀលនៅក្នុងបន្ទាយប៉ូលីសក្រុង។
បេសកកម្មជួយសង្គ្រោះដ៏វីវក់មួយបានប្រព្រឹត្តទៅដល់យប់ជ្រៅនៅឯព្រះវិហារដែលជញ្ជាំងនិងដំបូលរបស់វាបាក់ធ្លាក់ដោយសារតែកំលាំងផ្ទុះ។
នាយប៉ូលីសក្រុងប៉េសាវ៉ា លោកមូហាម៉ាត អ៊ីចាស ខាន់(Muhammad Ijaz Khan)បាននិយាយថា«ប៉ូលីសជាច្រើននាក់ស្ថិតក្រោមគំនរបាក់បែក។ប៉ូលីស៣០០ទៅ៤០០តែងមកជួបជុំសូត្រធម៌បន់ស្រន់នៅទីនេះ។យើងកំពុងជួយកាយរកនិងទាញពួកគេចេញ»។
អ្នកនៅមានជីវិតដែលខ្លួនប្រាណប្រឡាក់ឈាមត្រូវបានទាញចេញពីគំនរបាក់បែកនៅពេលសាកសពមនុស្សជាច្រើនត្រូវបានសែងចូលឡានពេទ្យ។
មូហាម៉ាត អាស៊ីម ខាន់ (Muhammad Asim Khan)អ្នកនាំពាក្យមន្ទីរពេទ្យធំក្នុងក្រុងប៉េសាវ៉ា បាននិយាយថា«វាជាស្ថានភាពគ្រាអាសន្នមួយ»។
ចំនួនមនុស្សស្លាប់បន្តកើនឡើងដោយដំបូងអាជ្ញាធរបានរាយការណ៍៣៨នាក់ តែក្រោយមកបានឡើងដល់៦១នាក់ រីឯអ្នករងរបួសមានដល់ទៅជាង១៥០នាក់។នៅពេលរាត្រីចូលមកដល់ មនុស្សជាច្រើននៅកប់ក្រោមគំនរបាក់បែកនៃអាគារព្រះវិហារក្នុងបន្ទាយប៉ូលីសនេះនៅឡើយ។
យ៉ាងហោចណាស់សពប៉ូលីស២០នាក់ត្រូវបានបញ្ចុះកាលពីថ្ងៃចន្ទក្រោយមានការរៀបចំពិធីមួយដោយមឈូសរបស់គេគ្របដោយទង់ជាតិប៉ាគីស្ថាន។
អ្នកនាំពាក្យក្រុមតាលីបង់ប៉ាគីស្ថានបានចេញមកអះអាងទទួលខុសត្រូវចំពោះការវាយប្រហារនេះ។
អគ្គលេខាអង្គការសហប្រជាជាតិបានថ្កោលទោសការវាយប្រហារនិងរដ្ឋមន្ត្រីការបរទេសអាម៉េរិកបានសម្តែងការចូលរួមរំលែកទុក្ខជាមួយគ្រួសារជនរងគ្រោះក្នុងការវាយប្រហារនេះ៕