​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស្ត្រេត​ថែមស៍​) ៖ តារា​សម្ដែង​កូរ៉េខាងត្បូង សុង ជុង​គី (Song Joong-ki)​បានបញ្ជាក់​ថា លោក​បាន​រៀបការ​ជាមួយ​មិត្តស្រី​សញ្ជាតិ​អង់គ្លេស នាង ខា​ធី ល្វីស សោ​ន​ឌឺ (Katy Louise Saunders) ហើយ​ថា​នាង​មាន​ផ្ទៃពោះ​។​

​លោក​សុង​វ័យ ៣៧​ឆ្នាំ បាន​សរសេរ​ក្នុង​សំបុត្រ​ផ្ញើ​ទៅកាន់​អ្នកគាំទ្រ ដែល​បង្ហោះ​នៅលើ​វេបសាយ​ផ្លូវការ Fan Cafe កាលពី​រសៀល​ថ្ងៃ​ចន្ទ​ទី​៣០​មករា​ថា “​ខ្ញុំ​សូម​ជំរាបសួរ​អ្នក​ទាំងអស់​គ្នា​នៅ​ថ្ងៃនេះ ព្រោះ​ខ្ញុំ​ចង់​ចែករំលែក​ការសន្យា​ដែល​ខ្ញុំ​បាន​ធ្វើ ដែល​មាន​តម្លៃ​សម្រាប់​ខ្ញុំ​ជាង​អ្វីៗ​ទាំងអស់​”​។

“​ខ្ញុំ​បាន​សន្យាថា​នឹង​បន្ត​ជីវិត​របស់​ខ្ញុំ​ជាមួយ ខា​ធី ល្វីស សោ​ន​ឌឺ ដែល​នៅ​ក្បែរ​ខ្លួន​ខ្ញុំ គាំទ្រ​ខ្ញុំ និង​ជា​មនុស្ស​ម្នាក់​ដែល​ខ្ញុំ​បាន​ចំណាយពេល​ដ៏​មាន​តម្លៃ​ជាមួយ ព្រោះ​តែ​យើង​ស្រលាញ់គ្នា​”​។​

​តារា K-drama ដែល​ទើបតែ​សម្តែង​ក្នុង​រឿង​ភាគ​ទូរទស្សន៍ Reborn Rich (២០២២) និង Vincenzo (២០២១) បាន​និយាយថា ពួក​គេ​ទើបតែ​ត្រឡប់មក​ពី​ចុះ​សំបុត្រ​អាពាហ៍ពិពាហ៍​របស់​ពួកគេ ហើយ​បន្ថែម​ថា​នាង​មាន​ផ្ទៃពោះ​ហើយ​។​

​លោក​បាន​សរសេរថា “​ពិតណាស់ យើង​សុបិន​ចង់​បង្កើត​គ្រួសារ​ដ៏​រីករាយ​ជាមួយគ្នា​។ យើង​បាន​ខិតខំ​ប្រឹងប្រែង​យ៉ាង​ច្រើន​ដើម្បី​រក្សា​ការសន្យា​របស់​គ្នា​ទៅវិញទៅមក ហើយ​យើង​ពិតជា​អរគុណ​ដោយស្មោះ​នៅពេលដែល​ជីវិត​ថ្មី​បាន​ចូល​ក្នុង​ជីវិត​របស់​ពួកយើង​”​។​

​លោក​សុង ដែល​បាន​បង្ហាញខ្លួន​ជា​លើកដំបូង​នៅក្នុង​ខ្សែភាពយន្ត A Frozen Flower ឆ្នាំ ២០០៨ បាន​ថ្លែងអំណរគុណ​ដល់​អ្នកគាំទ្រ​របស់​គាត់​សម្រាប់​ការគាំទ្រ ខណៈ​គាត់​ប្តេជ្ញា​ថា​នឹង​ក្លាយជា​មនុស្ស​ល្អ​ជាង​មុន ជាមួយ​នឹង​ការទទួលខុសត្រូវ​និង​មហិច្ឆតា​កាន់តែ​ខ្ពស់​៕

​ជុង​គី​និង​សោ​ន​ឌឺ​ប្រកាស​រៀបការ​