ដោយៈ ទេពកង្រី / កំពង់ឆ្នាំងៈ នៅថ្ងៃទី៣១ មករា ២០២៣ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានប្រកាសជូនដំណឹងដល់បងប្អូនប្រជាពលរដ្ឋ ជាអាជីវករលក់ដូរ នៅតាមចិញ្ចើមផ្លូវ ត្រូវរើចេញជាបន្ទាន់ នូវសំយ៉ាប ស្លាកយីហោ ឬតាំងលក់ទំនិញផ្សេងៗ ដោយបានដាក់ ឱសានវាទ ត្រឹមថ្ងៃទី៦ ខែកុម្ភៈ ឆ្នាំ២០២៣ ជាកំហិត។

យោងតាមសេចក្តីជូនដំណឹង ស្តីពីការរៀបចំសណ្តាប់ធ្នាប់ របៀបរៀបរយ សោភ័ណភាព អនាម័យ និងបរិស្ថាន ក្នុងក្រុងកំពង់ឆ្នាំង ខេត្តកំពង់ឆ្នាំង របស់រដ្ឋបាលក្រុងកំពង់ឆ្នាំង ដែលបានចេញ នៅថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ នោះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានបញ្ជាក់ថាៈ អាជ្ញាធរ ត្រូវរៀបចំសោភ័ណភាពទូទាំងក្រុង ឲ្យមានសណ្ដាប់ធ្នាប់ និងបរិស្ថានល្អ ជាទីក្រុងប្រកបដោយសោភ័ណភាព និងមានអនាម័យ ដើម្បីចូលរួមប្រឡង ប្រណាំងទីក្រុងស្អាត បរិស្ថានល្អ នៅពេលខាងមុខនេះ។

ដើម្បីឲ្យសក្តិសមជាទីក្រុងស្អាត មានបរិស្ថានល្អនោះ រដ្ឋបាលក្រុងកំពង់ឆ្នាំង ត្រូវធ្វើការរៀបចំឱ្យបានស្អាត ដោយនៅខាងមុខរបងផ្ទះ ឬ របងមន្ទីរ អង្គភាពនានា ដោយមិនត្រូវឲ្យមានការសង់សំយ៉ាប ត ឬដាក់តាំងលក់របស់របរ គ្រប់បែបយ៉ាង ដែលជាទំនិញ ។

ក្នុងនោះ រដ្ឋបាលក្រុងកំពង់ឆ្នាំង បានសង្កត់ធ្ងន់ថាៈ នៅតាមមុខផ្ទះ ចាប់ពីមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រហូតដល់អាហារដ្ឋានមិត្តភាព (វិមានឯករាជ្យ) ត្រូវតែដកគម្លាតចេញពី ចិញ្ចើមផ្លូវ (ទុកសម្រាប់ថ្មើរជើង) ប្រវែង ៣ ម៉ែត្រ ហើយផុតពីនោះ ក៏មិនត្រូវធ្វើការសង់ ចេញជាសំយ៉ាប ឬប្រក់បិទបាំង ដែលនាំឲ្យបាត់បង់សោភ័ណភាពនោះឡើយ៕ V / N