ដោយ: បញ្ញាសាស្ត្រ / ភ្នំពេញ៖តារាសម្ដែង ចម្រៀង និងជា Vlogger ល្បីឈ្មោះ មួយរូបលោក ចាដេត នៅដើមឆ្នាំ២០២៣ នេះ ចាប់ផ្ដើមមានទីផ្សារល្អ ក្នុងនោះល្បីថា លោកទើបនឹងទទួលបានការងារថ្មីដ៏ធំមួយ ជាមួយតម្រុយថា មានថ្លៃហត់នឿយខ្ពស់កប់ពពកក្នុងប្រវត្តិការងាររបស់លោកថែមទៀត។
តម្រុយនេះ បន្ទាប់ពី ចាដេត បានលេចមុខក្នុងកម្មវិធីធំមួយរបស់ Miss ដែលបានប្រារព្ធពិធីជប់លៀង និងប្រកាស BA របស់ខ្លួន។ ចាដេត បានធ្វើឲ្យមានការភ្ញាក់ផ្អើល បន្ទាប់ពីពិធីករ បានប្រកាសថា លោកនេះហើយ គឺជា BA របស់ផលិតផលខាងលើ ក្រោមសំឡេងទះដៃយ៉ាងកងរំពងពីភ្ញៀវកិត្តិយសភាគច្រើនជាតំណាងចែកចាយ រាប់រយនាក់ ។ តាមកិច្ចព្រមព្រៀង ចាដេត នឹងធ្វើជាទូតសុច្ឆន្ទៈរបស់ Miss ១ឆ្នាំ ក្នុងតម្លៃពលកម្មមួយដែលមិនត្រូវបានបញ្ចេញជាចំហរ ។
ក្នុងបទសម្ភាសន៍ជាមួយសារព័ត៌មាន ចាដេត បានបញ្ជាក់ថាៈ លោករីករាយមែនទែន ព្រោះនេះជាការងារធំទី១ របស់លោកដែលសម្រេចបាននៅឆ្នាំដើមថ្មី ២០២៣ ប៉ុន្តែលោកបានបដិសេធ និយាយពីតម្លៃពិតប្រាកដកុងត្រាការងាររវាងលោក និងក្រុមហ៊ុន ដោយលោកគ្រាន់តែបង្ហើបថា ជាតម្លៃមួយដ៏ខ្ពស់ ។ លោកបានថ្លែងថាៈ “រឿងតម្លៃខ្លួន ខ្ញុំសុំអត់និយាយ… តែអាចនិយាយបានថា ជាតម្លៃមួយដ៏ខ្ពស់ គឺខ្ពស់មែនទែន…”។
យ៉ាងណាក៏ដោយប្រភពមួយដែលនៅមិនឆ្ងាយពីក្រុមការងារភាគីទាំងពីរ បានលួចបង្ហើបឲ្យដឹងថាៈ តម្លៃកុងត្រា រវាងចាដេត ជាមួយ Miss មានតម្លៃដល់ទៅជាង ១០ ម៉ឺន (100k) ដុល្លារឯណោះ ។ នៅមុនទទួលបានកុងត្រាការងារធំមួយនេះ តាមសាមីខ្លួនថា ដើមឡើយ លោកក៏ជាអ្នកប្រើប្រាស់ផលិតផលរបស់ Miss ម្នាក់ដែរ ។
ចំណុចនេះ តារាប្រុស បានគូសបញ្ជាក់ថាៈ តាមបទពិសោធន៍ផ្ទាល់ខ្លួននេះ លោកអាចចែករំលែកថា យីហោ ផលិតផលមួយនេះ មានគុណសម្បត្តិគ្រប់គ្រាន់ ក្នុងការបំពេញបន្ថែម សុខភាពសម្រស់របស់លោកអ្នក តាំងពីចុងសក់ ដល់ចុងជើង។
ក្នុងកិច្ចការនេះ ចាដេត ត្រូវបានជ្រើសរើសងាកមក លោកឧកញ៉ាវ័យក្មេង ឡាយ លីហួរ និងលោកស្រី ឡៃ ស៊ូយៀក ដែលជាម្ចាស់ប្រេន Miss បានលើកឡើងថាៈ ចាដេត មានល្អទាំងព្រម ទាំងទេពកោសល្យ រូបរាង ពិសេសបំផុតគឺសម្ភស្សស្បែករបស់លោក សម៉ដល្អ សមបំផុតក្នុងការងារជាទូតសុច្ឆន្ទៈរបស់ Miss ។
ក្នុងភាពជាទូតសុច្ឆន្ទៈរបស់ Miss ចាដេត ត្រូវបានគេធ្វើពិធីទទួលយ៉ាងឧឡារិក ជាមួយវត្តមានភ្ញៀវកិត្តិយសភាគច្រើនជាអ្នកចែកចាយបន្ត ប្រមាណជិត ១ពាន់នាក់ ក្នុងនោះក៏មានពិធីចែករង្វាន់តំណាងចែកចាយឆ្នើម ដែលមានទឹកប្រាក់សរុបរាប់ម៉ឺនដុល្លារអាមេរិកថែមទៀតផង៕/V.mara