ដោយៈ សុណ្ណកុម្ភៈ / ភ្នំពេញ៖ នាថ្ងៃអាទិត្យ ទី២៩ ខែមករា ឆ្នាំ២០២៣ អង្គការផ្កាយសមុទ្រ (ISF) សហការជាមួយក្រុមហ៊ុន ធានារ៉ាប់រងអាយុជីវិត AIA Cambodia រៀបចំព្រឹត្តិការណ៍ការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ដែលជាឆ្នាំទី៦ ប្រព្រឹត្តទៅនៅទីលានបាល់ទាត់ AIA Stadium ក្នុងគោលបំណងរួមចំណែកលើកស្ទួយ និងអភិវឌ្ឍវិស័យកីឡាបាល់ទាត់ ថ្នាក់មូលដ្ឋាន ក៏ដូចជា ផ្តល់ឱកាសដល់កុមារ និងយុវជនក្រីក្រ ដើម្បីបង្ហាញសមត្ថភាព របស់ខ្លួន និងសម្រេចក្តីស្រមៃរបស់ពួកគេទៀតផង ។
ក្នុងឱកាសបើកជាផ្លូវការ ដោយមានការអញ្ជើញចូលរួមពីអ្នកស្រី ជួប វិច្ឆិកា ជាប្រធាន អង្គការផ្កាយសមុទ្រ លោក Andrew Loh ជាអគ្គនាយកប្រតិបត្តិក្រុមហ៊ុនធានា រ៉ាប់រងអាយុជីវិត AIA Cambodia លោក ជួប សុភ័ក្ត្រ ជាទូតសុច្ឆនៈអង្គការ ផ្កាយសមុទ្រ កញ្ញា Shannon Moloney ជាគ្រូបង្វឹកជាន់ខ្ពស់ ផ្នែកអភិវឌ្ឍ បាល់ទាត់អន្តរជាតិ របស់ក្លិបបាល់ទាត់ Tottenham Hotspur Football Club ។
អ្នកស្រី ជួប វិច្ឆិកា ប្រធានអង្គការផ្កាយសមុទ្រ (ISF) បានមានប្រសាសន៍ថាៈ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League ជាការប្រកួតបាល់ទាត់ ថ្នាក់មូលដ្ឋានធំជាងគេបង្អស់ ផ្តល់ឱកាសដល់កុមារ និងយុវជន កម្ពុជាក្រីក្រ ឲ្យលេងកីឡា ក្នុងបរិស្ថានមួយដ៏សុវត្ថិភាព ។ ដោយមានការប្តេជ្ញាចិត្ត ជួយកាត់បន្ថយភាពក្រីក្រ ដោយផ្តល់ឱកាស ស្មើៗគ្នាដល់កុមារក្រីក្រ ឲ្យទទួលបាន ការអប់រំ សេវាថែទាំសុខភាព និងការលេងកីឡា អង្គការផ្កាយសមុទ្រ ជាអង្គការក្រៅរដ្ឋា ភិបាលមួយ នៅកម្ពុជា បានធ្វើការរួមគ្នា ជាមួយនឹងក្រុមហ៊ុនធានារ៉ាប់រង អាយុជីវិតដ៏ ធំបំផុតមួយ គឺក្រុមហ៊ុន AIA Cambodia ។
ភាពជាដៃគូមួយនេះ ត្រូវបានបង្កើតឡើងតាំង ពីឆ្នាំ២០១៧មកម្ល៉េះ ដោយអង្គការផ្កាយ សមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia បានធ្វើការជាមួយគ្នា យ៉ាងសស្រាក់សស្រាំ ជួយឲ្យប្រជាជនកម្ពុជា មានសុខភាពល្អ និងរស់នៅល្អប្រសើរ ។
ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នៅរាជធានីភ្នំពេញ ទទួលបានការចូលរួមពី កីឡាករ-កីឡាការនី សរុបចំនួន ៧២ ក្រុម ហើយក្រុមនីមួយៗ បានចូលរួមប្រកួតប្រជែង យ៉ាងស្វិតស្វាញ ដណ្តើមយក ជ័យលាភី។ អង្គការផ្កាយសមុទ្រ និងក្រុមហ៊ុនធានារ៉ាប់រងអាយុជីវិត AIA Cambodia រំភើបរីករាយយ៉ាងខ្លាំង ក្នុងការប្រកាសជាព័ត៌មានថា ឆ្នាំ២០២៣នេះ ព្រឹត្តិការណ៍ប្រកួតបាល់ទាត់កុមារ និងយុវជន AIA – ISF Youth League នឹងផ្តល់ឱកាសដល់កីឡាករ កីឡាការនី នៅទូទាំងប្រទេសកម្ពុជា សរុបជាង ១.៥០០ នាក់ ក្នុងការចូលរួមប្រកួត ក្នុងព្រឹត្តិការណ៍នេះ ។
ថ្ងៃអាទិត្យ ទី២៩ ខែមករា – ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅរាជធានីភ្នំពេញ ដែលមានកីឡាករ កីឡាការនី ចំនួនសរុប ១.១៩៤ នាក់ មកពី ៧២ ក្រុម ។ ថ្ងៃអាទិត្យ ទី១២ ខែកុម្ភៈ ព្រឹត្តិការណ៍បើកការប្រកួតបាល់ទាត់កុមារ និងយុវជន នៅទីរួមខេត្តកំពង់ធំ ដែលមានកីឡាករ កីឡាការនី ចំនួនសរុប ៣៦០ នាក់ មកពី ៣០ ក្រុម ។ ក្រុមដែលឈ្នះការប្រកួត នៅតាមបណ្តារាជធានី និងខេត្តផ្សេងៗ តាមកម្រិតអាយុ នីមួយៗ នឹងចូលរួមព្រឹត្តិការណ៍ ប្រកួតបាល់ទាត់កុមារ និងយុវជន វគ្គផ្តាច់ព្រ័ត្រ AIA-ISF Grand Championship ដែលនឹងប្រព្រឹត្តទៅ នៅខែឧសភាខាងមុខ។
លោកស្រី បានបន្តថាៈ ព្រឹត្តិការណ៍បើកការប្រកួត នាថ្ងៃអាទិត្យនេះ ទទួលបានការចូល រួមពីក្រុមកីឡាករ-កីឡាការនី ជាកុមារ និងយុវជន ដែលចែកជា ៦ ក្រុមប្រភេទអាយុ មានដូចជា ក្រុមកុមារា និងក្រុមកុមារី អាយុក្រោម ១៤ ឆ្នាំ ក្រុមកុមារា និងក្រុមកុមារី អាយុក្រោម ១០ ឆ្នាំ ក្រុមកុមារា អាយុក្រោម ១៦ ឆ្នាំ និងកុមារី អាយុក្រោម ១៨ឆ្នាំ ដែលក្រុមនីមួយៗ នឹងប្រកួតយ៉ាងស្វាហាប់ ដណ្តើមយកពានរង្វាន់៕/V.mara