ដោយៈ ជា សីហៈ/ភ្នំពេញ៖ នាព្រឹកថ្ងៃទី៣១ មករា ឆ្នាំ ២០២៣ នៅមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តបន្ទាយមានជ័យ លោក យ៉ង សាំង កុមារ បានចូលរួមអធិបតីក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាផលិតកម្មកសិកម្ម ស្តីពីការផ្គត់ផ្គង់ស្រូវអ៊ីអ៊ែរ រវាងសហគមន៍កសិកម្ម និងក្រុមហ៊ុនស៊ីកនេតឈ័រ អហ្វអេស៊ា។
ក្រោមកិច្ចសម្របសម្រួលរបស់ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ និងសហព័ន្ធស្រូវអង្ករ គិតត្រឹមថ្ងៃទី៣១ ខែមករា សម្រាប់ឆ្នាំ២០២៣នេះ មន្ទីរកសិកម្មខេត្តបន្ទាយមានជ័យបានសម្រេចបាន នូវកិច្ចសន្យាកសិកម្មចំនួន ៦ គិតជាបរិមាណស្រូវចំនួន ៨.៥៣៣តោន លើផ្ទៃដីដាំដុះចំនួន ១.៧៨០ហត និងសមាជិកកសិករផលិតចំនួន ១៨៦នាក់។
ក្នុងឱកាសនោះ លោក បានមានមតិណែនាំឱ្យបន្តសហការចងក្រងនិងពង្រឹងសហគមន៍កសិកម្ម និងរៀបចំចងក្រងទិន្នន័យផលិតកម្មឱ្យបានត្រឹមត្រូវ។
លោកក៏បានផ្ដល់អនុសាសន៍ដល់សហគមន៍ឱ្យកាត់បន្ថយថ្លៃដើមផលិតស្រូវតាមរយ:ការប្រើប្រាស់ពូជសុទ្ធល្អ ការប្រើប្រាស់ជីធម្មជាតិលាយជាមួយជីគីមី ការរៀបចំដី និងការគ្រប់គ្រងទឹកឱ្យបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេស។
សូមបញ្ជាក់ផងដែរថាសហគមន៍ផលិតស្រូវក៏ទទួលបានការសម្របសម្រួលការផ្គត់ផ្គង់ធាតុចូលពីក្រុមហ៊ុន ជី ថ្នាំកសិកម្ម និងពូជស្រូវ ដោយកសិករទិញបណ្ដាក់ និងទូទាត់នៅពេលប្រមូលផល៕/PC