ដោយៈ ទេពកង្រី / កំពង់ឆ្នាំង៖ លោក លី សុភា ប្រធានមន្ទីររៀបចំដែនដី នគរូបនីយកម្ម និងសំណង់ខេត្ត និងជានាយកកម្មវិធីវិស័យដីធ្លីខេត្ត តំណាងលោក ស៊ុន សុវណ្ណារិទ្ធិ អភិបាលខេត្តកំពង់ឆ្នាំង រួមជាមួយលោក សូត្រ សង់ អភិបាលស្រុកទឹកផុស នៅព្រឹកថ្ងៃទី ៣១ ខែមករា ឆ្នាំ២០២៣ បានប្រជុំផ្សព្វផ្សាយសេចក្តីប្រកាសកំណត់តំបន់ធ្វើការវិនិច្ឆ័យ ការចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ ស្ថិតនៅក្នុងភូមិត្រពាំងរាំង ឃុំអភិវឌ្ឍន៍ ស្រុកទឹកផុស ខេត្តកំពង់ឆ្នាំង ដល់អ្នកពាក់ព័ន្ធ ជាពិសេសប្រជាពលរដ្ឋ ជាម្ចាស់ក្បាលដី ជាង ១៥០ នាក់ ។
ក្នុងឱកាសនោះ លោក លី សភា បានមានប្រសាសន៍ថាៈ គោលបំណងនៃការប្រជុំ ផ្សព្វផ្សាយ ថ្ងៃនេះ គឺដើម្បីផ្សព្វផ្សាយ ជាសាធារណៈ នូវដំណើរការចុះបញ្ជីដីធ្លី មានលក្ខណៈជាប្រព័ន្ធ រួមមាន ការកំណត់ព្រំដី ការវាស់វែង និងការវិនិច្ឆ័យ ដែលអនុវត្ត ផ្ទាល់ ដោយមន្ត្រីជំនាញ នៃមន្ទីររៀបចំដែនដី នគរូបនីយកម្ម សំណង់ និងសុរិយោដីខេត្ត សហការជាមួយអាជ្ញាធរមូលដ្ឋាន និងអង្គភាពគ្រប់គ្រងដីរដ្ឋ ដែលពាក់ព័ន្ធ។
លោកបានបន្តថាៈ ការចុះបញ្ជីដីធ្លីនេះ គឺត្រូវចុះបញ្ជីទាំងដីឯកជន ទាំងដីរដ្ឋ ដែលអនុវត្ត ទៅតាមនីតិវិធី និងបច្ចេកវិទ្យាទំនើប មានតម្លាភាព និងការទទួលខុសត្រូវ ដែលប្រទេស ជឿនលឿន លើពិភពលោក ដែលកំពុងអនុវត្ត ហើយមានប្រសិទ្ធភាព លើការគ្រប់គ្រងដីធ្លី ។ នេះជាប្រការសមស្របបំផុត ដែលបានកំណត់ នៅក្នុងគោលនយោបាយដីធ្លីរបស់ រាជរដ្ឋាភិបាល ដើម្បីកាត់បន្ថយភាពក្រីក្រ ទំនាស់ដីធ្លី នៅក្នុងសង្គម និងការអភិវឌ្ឍ ប្រទេសជាតិ ។
ជាមួយគ្នានេះ លោកប្រធានមន្ទីរ ក៏បានស្នើដល់ប្រជាពលរដ្ឋ ផ្តល់ការគាំទ្រ យោគយល់ និងផ្តល់កិច្ចសហការ ជាមួយក្រុមការងារមន្ត្រីជំនាញ ក្នុងដំណើរការចុះបញ្ជីដីធ្លីមាន លក្ខណៈជាប្រព័ន្ធនេះ ព្រមទាំងភ្ជាប់មកជាមួយ នូវឯកសារដូចជាសំបុត្រកំណើត អត្តសញ្ញាណប័ណ្ណ សៀវភៅគ្រួសារ ដើម្បីឱ្យដំណើរការចុះបញ្ជី ទទូលបានជោគជ័យ ៕/V.mara