ដោយៈ វ៉ៃកូ / ស្វាយរៀង៖ នៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ នេះ លោក សេង សិលា និងលោក ម៉ែន អេង អភិបាលរងខេត្តស្វាយរៀង បានអញ្ជើញចុះពិនិត្យទីតាំងហាង កាហ្វេមួយកន្លែង ស្ថិតនៅក្នុងភូមិទួលអំពិល សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដែលធ្លាប់ផ្តល់កន្លែងលេងល្បែងសុីសង (ឡូតូអនឡាញ និងមាន់ជល់អនឡាញ) ។
សមាសភាពចូលរួម មានលោក វណ្ណ សុមុន្នី អភិបាលរងក្រុង លោកអធិការរងក្រុងបាវិត លោកចៅសង្កាត់ច្រកម្ទេស លោកនាយប៉ុស្តិ៍រដ្ឋបាលសង្កាត់ ផងដែរ ។
លោក សេង សិលា បានមានប្រសាសន៍ថាៈ បន្ទាប់ពីទទួលបានព័ត៌មានថា មានទីតាំង ផ្តល់កន្លែងភ្នាល់ លេងល្បែងសុីសងនោះ លោក ម៉ែន វិបុល អភិបាលខេត្តស្វាយរៀង បានចាត់ឱ្យលោក និងលោក ម៉ែន អេង ជាអភិបាលរងខេត្តស្វាយរៀង ដឹកនាំសហការ ជាមួយ រដ្ឋបាលក្រុងបាវិត សង្កាត់ច្រកម្ទេស បានចុះពិនិត្យទីតាំង ខាងលើនោះ។
លោកអភិបាលរងខេត្ត បានមានប្រសាសន៍បន្តទៀតថាៈ ក្រោយពីចុះទៅដល់ទីតាំងហាង កាហ្វេ ខាងលើនេះ ពិនិត្យឃើញថា ទីតាំងមួយនេះ គ្មានសកម្មភាពបើកលេងល្បែង សុីសងនោះទេ ហើយទីតាំងនេះ ក៏ធ្លាប់ត្រូវបានធ្វើកិច្ចសន្យា អប់រំណែនាំ ជាមួយ អាជ្ញាធរមូលដ្ឋាន រួចហើយដែរ។
លោក សេង សិលា និងលោក ម៉ែន អេង បានធ្វើការណែនាំដល់ម្ចាស់ទីតាំងហាងកាហ្វេ ខាងលើ កុំឱ្យមានការលួចលាក់ ផ្តល់កន្លែងលេងល្បែងសុីសង គ្រប់ប្រភេទ ដែលផ្ទុយ ទៅនឹងច្បាប់ ទាំងអ្នកលេង ទាំងអ្នកផ្តល់ទីតាំង ផងដែរ។
លោកអភិបាលរងខេត្ត បានអំពាវនាវដល់ពលរដ្ឋខ្មែរទាំងអស់ កុំឱ្យនាំគ្នាចូលលេងល្បែង សុីសង នៅតាមបណ្តាលកាសុីណូ និងទីតាំងបើកលេងល្បែងស៊ីសងគ្រប់ប្រភេទ ដែលវាផ្ទុយទៅនឹងច្បាប់ ហើយប្រឈមទៅនឹងទោសទណ្ឌ ថែមទៀតផង៕/V.mara