ដោយ:សុក្ខារិន/ពោធិសាត់:កាលពីព្រឹកថ្ងៃទី៣០ខែមករាឆ្នាំ២០២៣ លោក មីលីយា សុវត្តិធី ប្រធានមន្ទីរទេសចរណ៍ខេត្តពោធិ៍សាត់ បានអញ្ជើញបើកវគ្គបណ្ដុះបណ្ដាលស្ដីពីការិយាល័យជួរមុខ ដែលជាជំនាញដ៍សំខាន់មួយក្នុងផ្នែកបដិសណ្ឋារកិច្ច នៃក្របខ័ណ្ឌវិស័យទេសចរណ៍ ជូនដល់ម្ចាស់សណ្ឋាគារ ផ្ទះសំណាក់ ភោជនីយដ្ឋាន និងក្លិបកម្សាន្តនានាក្នុងទីប្រជុំជនខេត្តពោធិ៍សាត់។

លោក ម៉ៃ មេត្តា និងលោក កែវ សុខមុន្នី គ្រូបង្គោលមកពីមន្ទីរទេសចរណ៍ខេត្តស្ទឹងត្រែង បានជម្រាបជូនថា ស្វីសខន់ថាក់មានវត្តមាននៅកម្ពុជាតាំងពីខែមករាឆ្នាំ២០១៣ ធ្វើការលើវិស័យចំនួនពីរគឺ ពង្រឹងសហគ្រាសនិងអភិវឌ្ឍន៍ជំនាញ ដែលផ្ដោតទៅលើវិស័យឯកជននិង តាមរយៈបទពិសោធន៍របស់ខ្លួនក្នុងតំបន់និងលើពិភពលោក ស្វីសខន់ថាក់បានជួយគាំទ្រដល់វិស័យ នវានុវត្តន៍ កសិកម្ម ទេសចរណ៍ ផលប៉ះពាល់នៃការវិនិយោគ និងថាមពលកកើតឡើងវិញ។

កម្មវិធីអភិវឌ្ឍន៍ជំនាញត្រូវបានបែងចែកជាបួនអនុកម្មវិធីគឺ៖ អនុកម្មវិធីទី១ ពង្រឹងគុណភាពមជ្ឈមណ្ឌលបណ្ដុះបណ្ដាលវិជ្ជាជីវៈខេត្ត តាមរយៈដំណើរការអភិវឌ្ឍគ្រឹះស្ថានបណ្ដុះបណ្ដាល ប្រកបដោយកិច្ចសហការនិងភាពគ្រប់ជ្រុងជ្រោយ។ អនុកម្មវិធីទី២ ជម្រុញវិធីសាស្ត្រនវានុវត្តន៍សម្រាប់ការអភិវឌ្ឍន៍ជំនាញ និងស្វែងរកដំណោះស្រាយលើបញ្ហាជាមូលដ្ឋាននៅក្នុងទីផ្សារការងារ ដោយសហការជាមួយវិស័យឯកជន និងអ្នកផ្ដល់សេវាកម្មផ្សេងទៀត។

អនុកម្មវិធីទី៣ ផ្ដល់ការបណ្ដុះបណ្ដាលជំនាញបច្ចេកទេស ជំនាញទន់ និងជំនាញសហគ្រិនភាពដោយគុណភាព ផ្អែកលើទីផ្សារការងារដល់យុវជនក្រីក្រនិងងាយរងគ្រោះ ហើយផ្សារភ្ជាប់ពួកគេទៅនឹងទីផ្សារការងារ ដែលមានប្រាក់ឈ្នួលឬប្រកបរបរដោយខ្លួនឯង ដោយអនុកម្មវិធីទី៤ ផ្ដល់ការបណ្ដុះបណ្ដាលផ្នែកបដិសណ្ឋារកិច្ច ដល់បុគ្គលិកដែលមានជំនាញទាបតាមសហគ្រាស ពង្រឹងសមត្ថភាពដល់ម្ចាស់និងអ្នកគ្រប់គ្រងអាជីវកម្ម ក្នុងវិស័យបដិសណ្ឋារកិច្ច ព្រមទាំងគ្រូបង្គោលនៃមន្ទីរទេសចរណ៍និងវិស័យឯកជន៕សរន / N