ដោយៈ ប.ខុន/ភ្នំពេញៈ អាងទឹកស្ពានស្រែងនៅក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប និងអាទឹក៣០កញ្ញា នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ ជាអាងទឹកចាស់ដែលបានកសាងឡើងនៅក្នុងរបបប៉ុលពត ហើយនៅអាចប្រើប្រាស់បានមានកម្រិតដោយសារមានធ្វើការថែទាំ និងជួសជុលជាបន្តបន្ទាប់ដោយថវិកាជាតិ ត្រូវបានក្រសួងធនធានទឹកចាត់ លោកពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធាទឹក និងឧតុនិយមដឹកនាំក្រុមការងារបច្ចេកទេសជប៉ុននៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធនិងទេសចរ (MLIT) ជប៉ុន ចុះពិនិត្យស្ថានភាពជាក់ស្តែងមុននឹងឈានទៅធ្វើការសិក្សាបឋម ដើម្បីរៀបចំផែនការជួសជុលនៅពេលខាងមុខ។
លោកពេជ្រ វាសនា អនុរដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ថា លោកបានដឹកនាំមន្ត្រីបច្ចេកទេសរបស់ក្រសួងរួមជាមួយក្រុមការងារបច្ចេកទេសជប៉ុននៃក្រសួងដែនដី ហេដ្ឋារចនាសម្ព័ន្ធនិងទេសចរ (MLIT) ជប៉ុន ចុះពិនិត្យស្ថានភាពអាងទឹកស្ពានស្រែងនៅក្នុងខេត្តសៀមរាប និងអាងទឹក៣០កញ្ញានេះ អស់រយៈពេល២ថ្ងៃមកហើយ។
កាលពីថ្ងៃទី៣០ ខែមករា លោកអនុរដ្ឋលេខាធិការ បានដឹកនាំក្រុមការងារបច្ចេកទេសចុះទៅពិនិត្យអាងទឹកស្ពានស្រែងស្ថិតនៅក្នុងស្រុកក្រឡាញ់ខេត្តសៀមរាប និយាយឱ្យដឹងថា អាងទឹកនេះបានកសាងឡើងនៅក្នុងរបបប៉ុលពត ហើយត្រូវបានធ្វើការជួសជុលជាបន្តបន្ទាប់ដោយថវិកាជាតិអាចប្រើប្រាស់បានរហូតដល់សព្វថ្ងៃ តែមានកម្រិត ដោយហេតុនេះហើយទើបក្រសួងសម្រេចឱ្យលោកដឹកនាំក្រុមការងារបច្ចេកទេសជប៉ុនចុះពិនិត្យមើលស្ថានភាពជាក់ស្តែង ដើម្បីឈានទៅធ្វើការសិក្សាបឋមមុននឹងទៅដល់ការរៀបចំផែនការជួសជុលនៅពេលខាងមុខ។
ក្រោយពីដឹកនាំក្រុមការងារបច្ចេកទេសចុះពិនិត្យស្ថានភាពអាងទឹកស្ពានស្រែងរួចកាលពីថ្ងៃទី៣០ខែមករានៅថ្ងៃទី៣១ ខែមករាក្រុមការងារក៏បានបន្តចុះពិនិត្យអាងទឹក៣០កញ្ញា នៅក្នុងស្រុកស្ទោងខេត្តកំពង់ធំ ដែលជាងអាងទឹកបានកសាងឡើងក្នុងរបបប៉ុលពតនិងប្រើប្រាស់បានមានកម្រិតរហូតដល់សព្វថ្ងៃ ដោយសារមានការជួលជុលថែទាំដោយថវិកាជាតិជាបន្តបន្ទាប់៕/R