ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ឧស្សាហកម្មបន្ទះឈីបរបស់ចិនបានក្លាយទៅជាគោលដៅសំខាន់របស់សហរដ្ឋអាម៉េរិកដែលបានដាក់ចេញការរឹតបន្តឹងការនាំចេញមួយចំនួនដែលផ្តោតលើផ្នែកជាច្រើននៃខ្សែសង្វាក់ផ្គត់ផ្គង់ផ្នែកបន្ទះឈីបរបស់ប្រទេសនេះ ខណៈអាម៉េរិកប្រឹងប្រែងបន្ថយល្បឿននៃការរីកចម្រើនផ្នែកបច្ចេកវិជ្ជារបស់គូប្រជែងរបស់ខ្លួន។
ខណៈរដ្ឋាភិបាលក្រុងប៉េកាំងបានជះលុយយ៉ាងច្រើនក្នុងការបង្កើតឧស្សាហកម្មបន្ទះឈីបក្នុងស្រុករោងចក្រផលិតរបស់ចិននៅតែពឹងផ្អែកយ៉ាងខ្លាំងលើឧបករណ៍ផលិតពីបរទេសដែលពួកគេប្រើដើម្បីប្រែក្លាយស៊ីលីកុនទៅជាបន្ទះឈីប ដែលផ្តល់ថាមពលដល់ហាដវែ (Hardware)។
ខាងក្រោមនេះគឺជារោងចក្រចិនដែលកំពុងប្រឈមមុខនឹងឧបសគ្គធំបំផុតពីការរឹតបន្តឹងរបស់រដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ៖
ក្រុមហ៊ុន SEMICONDUCTOR MANUFACTURING INTERNATIONAL CORP (SMIC)
SMIC ដែលជារោងចក្រផលិតបន្ទះឈីបធំបំផុតរបស់ចិន បានផលិតបន្ទះឈីបជាច្រើនសម្រាប់វិស័យរថយន្ត ឧបករណ៍សម្រាប់អ៊ីនធឺណិត និងស្មាតហ្វូន។
បង្កើតឡើងក្នុងឆ្នាំ ២០០០ ដោយមានការគាំទ្រពីរដ្ឋបាលក្រុងសៀងហៃ ក្រុមហ៊ុននេះគឺជាគូប្រជែងជាមួយក្រុមហ៊ុន Taiwan Semiconductor Manufacturing Co Ltd (TSMC) ។ TSMC គឺជាក្រុមហ៊ុនផលិតបន្ទះឈីបដ៏មានតម្លៃបំផុតរបស់ពិភពលោក ហើយមានក្រុមហ៊ុន Apple Inc និង Nvidia Corp ជាអតិថិជនធំៗរបស់ខ្លួន។
ការគាំទ្រពីរដ្ឋាភិបាលនិងមហិច្ឆតារបស់ខ្លួនក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់បានទាក់ទាញចំណាប់អារម្មណ៍របស់សហរដ្ឋអាម៉េរិក ដែលបានដាក់ក្រុមហ៊ុននេះនៅក្នុងបញ្ជីអង្គភាពរបស់ខ្លួនក្នុងឆ្នាំ ២០២០។ ការដាក់ក្នុងបញ្ជីនេះបានរារាំងក្រុមហ៊ុនហូឡង់ ASML Holding AS មិនឱ្យផ្គត់ផ្គង់ម៉ាស៊ីនផលិតបន្ទះឈីប Lithography Ultraviolet ធុនធ្ងន់ដល់ក្រុមហ៊ុន SMICដើម្បីកាត់ផ្តាច់មហិច្ឆតាដ៏ធំរបស់ក្រុមហ៊ុននេះ។
រហូតមកទល់បច្ចុប្បន្ន ការលក់បន្ទះឈីបភាគច្រើនរបស់ក្រុមហ៊ុន SMIC ត្រូវបានធ្វើឡើងដោយប្រើម៉ាស៊ីនហួសសម័យ 45 Nanometer Node ។ ចាប់តាំងពីចុងឆ្នាំ ២០២០ មកជំនាញឯកទេសរបស់បន្ទះឈីបចាស់ៗបានបង្ហាញឱ្យឃើញពីអត្ថប្រយោជន៍មួយដែរ ដោយសារតែកង្វះខាតជាសកលនៃបន្ទះឈីបកម្រិតទាប។
ទោះយ៉ាងណា ចំណែកទីផ្សារសកលរបស់ខ្លួននៅក្នុងវិស័យផលិតបន្ទះឈីបនៅតែមានតែ១ខ្ទង់ ហើយការចំណាយលើការលក់និងការស្រាវជ្រាវ និងការអភិវឌ្ឍន៍របស់ខ្លួននៅតែទាបជាងក្រុមហ៊ុនតៃវ៉ាន់ TSMC ។
ក្រុមហ៊ុនបានធ្វើឱ្យឧស្សាហកម្មបន្ទះឈីបភ្ញាក់ផ្អើលក្នុងឆ្នាំ ២០២២ នៅពេលដែលអ្នកស្រាវជ្រាវបានរកឃើញថាក្រុមហ៊ុននេះបានផលិតបន្ទះឈីបដែលហាក់មានគុណភាពដូចគ្នាជាមួយនឹងបច្ចេកវិជ្ជាម៉ាស៊ីនដំណើរការ 7 Nanometer Node របស់ក្រុមហ៊ុន TSMC ទោះបីជាមិនមានឧបករណ៍របស់ក្រុមហ៊ុនហូឡង់ ASMLក៏ដោយ។
អ្នកជំនាញបានជំទាស់នឹងលទ្ធភាពជោគជ័យយូរអង្វែងរបស់ក្រុមហ៊ុនចិនមួយនេះ។ ក្រុមហ៊ុន SMIC មិនបានឆ្លើយតបនឹងអ្នកកាសែតចំពោះរបកគំហើញមួយនេះទេ។
ក្រុមហ៊ុន HUA HONG SEMICONDUCTOR LTD
Hua Hong Semiconductor Ltd គឺជាក្រុមហ៊ុនផលិតបន្ទះឈីបធំទីពីររបស់ចិន។ វាត្រូវបានបង្កើតឡើងក្នុងឆ្នាំ ១៩៩៦ និងមានជំនាញក្នុងការបង្កើតបច្ចេកវិជ្ជា Mature-Node ដោយបង្កើតប្រាក់ចំណូលភាគច្រើនពីបន្ទះឈីប ដែលផលិតលើម៉ាស៊ីនដំណើរការ 55 Nanometer Node និងខ្ពស់ជាងនេះ។
ក្រុមហ៊ុនបានលះបង់ធនធានតិចតួចក្នុងការផលិតបន្ទះឈីបកម្រិតខ្ពស់ជាងក្រុមហ៊ុន SMIC ។ ក្រុមហ៊ុនមានគម្រោងលក់ហ៊ុនជាសាធារណៈបន្ថែមក្នុងឆ្នាំ ២០២៣ហើយមានគោលបំណងសាងសង់រោងចក្រថ្មីមួយនៅក្នុងទីក្រុងវូស៊ី (Wuxi) ភាគខាងកើត។
ក្រុមហ៊ុន YANGTZE MEMORY TECHNOLOGIES CO LTD (YMTC)
YMTC គឺជាតួអង្គតែមួយគត់របស់ចិននៅក្នុងទីផ្សារបន្ទះឈីបប្រភេទ NAND ជាសកល ដែលជាវិស័យប្រកួតប្រជែងខ្លាំងដែលគ្របដណ្តប់ដោយក្រុមហ៊ុនមួយចំនួនមកពីសហរដ្ឋអាម៉េរិកនិងកូរ៉េ។ វារចនានិងបង្កើតបន្ទះឈីប ហើយត្រូវបានបញ្ចូលទៅក្នុងបញ្ជីអង្គភាពរបស់អាម៉េរិកកាលពីឆ្នាំមុន។
ខណៈចំណែកទីផ្សាររបស់ YMTC នៃវិស័យបន្ទះឈីបទាំងមូលមានទំហំតូចតាច អ្នកជំនាញបាននិយាយថា វាបានចូលក្នុងខ្សែសង្វាក់ផ្គត់ផ្គង់របស់ចិនជាលំដាប់ហើយផលិតផលរបស់ក្រុមហ៊ុននេះកាន់តែប្រកួតប្រជែងលើតម្លៃនិងគុណភាព។
ក្រុមហ៊ុននេះបានបង្ហាញបន្ទះឈីបកាលពីឆ្នាំមុនជាមួយនឹងបន្ទះអង្គចងចាំចំនួន ២៣២ ស្រទាប់ ដោយដាក់ក្រុមហ៊ុននេះកាន់តែខិតទៅជិតគូប្រជែងដូចជា Samsung Electronics Co Ltd របស់កូរ៉េខាងត្បូង។ អ្នកជំនាញបាននិយាយថា ការរឹតបន្តឹងការនាំចេញឧបករណ៍ទំនងជានឹងបង្អាក់ភាពរីកចម្រើនរបស់ក្រុមហ៊ុនចិនបន្ថែមទៀត។
YMTC ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០១៦ ដោយមានការគាំទ្រពីរដ្ឋបាលក្រុងអ៊ូហាននិងមូលនិធិវិនិយោគឧស្សាហកម្មបន្ទះឈីបរួមបញ្ចូលគ្នារបស់ជាតិចិនហើយដើមឡើយដំណើរការក្រោមក្រុមហ៊ុនបន្ទះឈីប Tsinghua Unigroup។ ក្រោយមក ក្រុមហ៊ុននេះត្រូវបានបែកខ្ញែកចេញពីគ្នា នៅពេលដែលក្រុមហ៊ុនមេរបស់ខ្លួនរៀបចំរចនាសម្ពន្ធឡើងវិញខណៈប្រឈមនឹងការក្ស័យធន។
ក្រុមហ៊ុន CHANGXIN MEMORY TECHNOLOGIES (CXMT)
CXMT គឺជាតួអង្គសំខាន់តែមួយគត់របស់ចិន ដែលរចនានិងបង្កើតបន្ទះឈីប DRAM ដែលដូចបន្ទះឈីប NAND ដែរវាជាវិស័យមួយដែលគ្របដណ្តប់ជាយូរមកហើយដោយក្រុមហ៊ុនចាស់វស្សាមួយចំនួននៅសហរដ្ឋអាម៉េរិក កូរ៉េខាងត្បូង និងតៃវ៉ាន់។
ក្រុមហ៊ុននេះមានរោងចក្រមួយកំពុងដំណើរការ ហើយកំពុងសាងសង់រោងចក្រពីរផ្សេងទៀត។ វាផលិតបន្ទះឈីប DRAM ជាមួយម៉ាស៊ីន 19 Nanometer Node ហើយកំពុងផ្លាស់ទៅរកម៉ាស៊ីន 17 nanometer Node ដែលជាម៉ាស៊ីនផលិតបន្ទះឈីបកម្រិតខ្ពស់។
អ្នកស្រាវជ្រាវឈ្មោះ ត្រេនហ្វស់ (Trendforce) បានសរសេរថា ផលប៉ះពាល់ពីការរឹតបន្តឹងការនាំចេញម៉ាស៊ីនផលិតបន្ទះឈីប ដែលបានដាក់ចេញតាំងពីខែតុលា អាចប៉ះពាល់ដល់ផែនការពង្រីករោងចក្របន្ទះឈីបរបស់ចិន៕