ដោយៈសុផល/ភ្នំពេញ៖ស្ថាប័នជាតិទេសចរណ៍អាស៊ាននឹងរៀបចំវេទិកាទេសចរណ៍ឣាស៊ាន២០២៣ (ATF 2023) និងកិច្ចប្រជុំពាក់ព័ន្ធចាប់ពីថ្ងៃទី១-៥ ខែកុម្ភៈ ឆ្នាំ២០២៣ ខាងមុខនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូណេស៊ី។នេះបើយោងតាមប្រភពក្រសួងទេសចរណ៍នៅល្ងាចថ្ងៃទី៣១ ខែមករា ។
លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជានាថ្ងៃទី៣១ខែមករានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍ឣាស៊ាន២០២៣(រូបថតក្រសួងទេសចរណ៍)
ប្រភពខាងលើបញ្ជាក់ថា លោក ថោង រដ្ឋសក្តិ អគ្គនាយកអភិវឌ្ឍន៍ទេសចរណ៍ និងសហប្រតិបត្តិការអន្តរជាតិ និងជាឧត្តមមន្ត្រីស្ថាប័នជាតិទេសចរណ៍កម្ពុជានាថ្ងៃទី៣១ខែមករានេះបានដឹកនាំមន្ត្រីជំនាញពាក់ព័ន្ធចូលរួមកិច្ចប្រជុំស្ថាប័នជាតិទេសចរណ៍អាស៊ានក្នុងវេទិកាទេសចរណ៍ឣាស៊ាន២០២៣។ប្រធានស្ថាប័នជាតិទេសចរណ៍នៃប្រទេសសមាជិក អាស៊ានទាំង១០នឹងពិភាក្សាលើផែនការបន្តអនុវត្តការងារកន្លងទៅដែលកើតចេញពីសមិទ្ធផលក្នុងពេលដែលកម្ពុជាជាប្រធានអាស៊ានកាលពីឆ្នាំ២០២២ ដែលរួមមានគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន។
គំនិតផ្តួចផ្តើមទាំងនោះមានដូចជា១.សេចក្តីប្រកាសភ្នំពេញស្តីពីបរិវត្តកម្មទេសចរណ៍អាស៊ាន។២.ការសម្រេចការសិក្សា ប្រកបដោយបរិយាប័ន្នលើការអនុវត្តការទទួលស្គាល់គ្នាទៅវិញទៅមកលើអ្នកជំនាញទេសចរណ៍អាស៊ាន។៣. ការសម្រេចក្របខណ្ឌអាស៊ានស្តីពីទេសចរណ៍ ប្រកបដោយចីរភាពក្រោយវិបត្តិកូវីដ-១៩។
លោក ថោង រដ្ឋសក្ដិ បានបញ្ជាក់ថា កិច្ចប្រជុំក៏នឹងពិនិត្យសម្រេចលើចំណុចសំខាន់ៗនៃសកម្មភាពទេសចរណ៍អាស៊ាន និងអនុម័តលើឯកសារពិធីសារមួយចំនួននៃកិច្ចប្រជុំគណៈកម្មការអាស៊ានទាំងបួន រួមមាន៖១. កិច្ចប្រជុំក្រុមការងារភាពជាដៃគូទីផ្សារទេសចរណ៍អាស៊ាន,២.កិច្ចប្រជុំគណៈកម្មការពង្រឹងភាពប្រកួតប្រជែងទេសចរណ៍អាស៊ាន,៣. កិច្ចប្រជុំគណៈកម្មការត្រួតពិនិត្យអ្នកជំនាញទេសចរណ៍អាស៊ាន និង៤. កិច្ចប្រជុំគណៈកម្មការអភិវឌ្ឍន៍ ទេសចរណ៍ប្រកបដោយនិរន្តរភាព និងបរិយាប័ន្ន។
លោកអគ្គនាយកបានបន្តទៀតថា ស្របពេលជាមួយកិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានលើកទី៥៧ ក៏មានការរៀបចំកិច្ចប្រជុំពាក់ព័ន្ធមួយចំនួនដូចជា កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូក៣ (ប្រទេសចិន ជប៉ុន និងកូរ៉េ) កិច្ចប្រជុំស្ថាប័នទេសចរណ៍ជាតិអាស៊ានបូកឥណ្ឌា និងកិច្ចប្រជុំពិគ្រោះយោបល់ជាមួយមជ្ឈមណ្ឌលអាស៊ាន-ចិន (ACC) មជ្ឈមណ្ឌលអាស៊ាន-ជប៉ុន (AJC) មជ្ឈមណ្ឌលអាស៊ាន-កូរ៉េ (AKC) អង្គការ/សមាគមអន្តរជាតិ និងដៃគូអភិវឌ្ឍដូចជា អង្គការទេសចរណ៍ពិភពលោក (UNWTO) ក្រុមប្រឹក្សាធ្វើដំណើរទេសចរណ៍ពិភពលោក (WTTC) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATA) សមាគមទេសចរណ៍អាស៊ាន (ASEANTA) សមាគមស្រាវជ្រាវទេសចរណ៍អាស៊ាន (ATRA) ជាដើម។
នៅប្រទេសឥណ្ឌូនេស៊ី ក្នុងឱកាសនោះ ប្រតិភូក្រសួងទេសចរណ៍ក៏នឹងមានជំនួបប្រជុំទ្វេភាគីជាមួយដៃគូអភិវឌ្ឍនានា ដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការអភិវឌ្ឍន៍វិស័យទេសចរណ៍របស់កម្ពុជា។
សូមបញ្ជាក់ថា ឆ្នាំ២០២៣នេះ វេទិកាទេសចរណ៍អាស៊ាន (ATF 2023) ក្រោមប្រធានបទ អាស៊ាន៖ ដំណើរទៅកាន់គោលដៅដ៏អស្ចារ្យ (ASEAN- A Journey to Wonderful Destinations) នឹងត្រូវចូលរួមដោយមន្ត្រីទេសចរណ៍ ប្រធានស្ថាប័នជាតិទេសចរណ៍អាស៊ាន រដ្ឋមន្ត្រីទេសចរណ៍អាស៊ាន ចិន ជប៉ុន សាធារណរដ្ឋកូរ៉េ ឥណ្ឌា រុស្សី និងប្រទេសជាដៃគូអភិវឌ្ឍន៍មួយចំនួន។ កម្ពុជាក៏បានសហការជាមួយផ្នែកឯកជនកម្ពុជាក្នុងការរៀបចំនិងចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិ TRAVEX ដោយរំពឹងថានឹងមានប្រតិភូចូលរួមជាង២,០០០នាក់ មានស្តង់ពិព័រណ៍ (Booths) ចំនួន២៥០ និងអ្នកលក់ (Sellers) មកពី៥០០ក្រុមហ៊ុន និងមានអ្នកទិញ (Buyers) ជាង២៥០ក្រុមហ៊ុនផងដែរ។
ព្រមជាមួយគ្នានេះ កម្ពុជានឹងទទួលជ័យលាភីរង្វាន់ទេសចរណ៍អាស៊ាន២០២៣ ចំនួន១៧ពីអាស៊ាន ក្រោមប្រភេទស្តង់ដារអាស៊ានចំនួនបួនដែលត្រូវបានវាយតម្លៃដោយក្រុមការងារជំនាញរបស់ក្រសួងទេសចរណ៍ក្រោមការចង្អុលបង្ហាញពីលោករដ្ឋមន្ត្រី ថោង ខុន ដោយរាជធានី-ខេត្តចំនួនប្រាំបីនឹងទទួលបានជ័យលាភីរង្វាន់ទេសចរណ៍អាស៊ានទាំង១៧នេះ៕សរន