​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ដេល្លី​ម៉េល​) ៖ សហរដ្ឋ​អាម៉េរិក​និង​សម្ពន្ធមិត្ត​របស់ខ្លួន​បាន​ដាក់​ទណ្ឌកម្ម​បន្ថែមទៀត​លើ​មី​យ៉ាន់​ម៉ា​កាលពី​ថ្ងៃ​អង្គារ​ទី​៣១​មករា​ដោយ​ប្រារព្ធ​ខួប​ពីរ​ឆ្នាំ​នៃ​រដ្ឋប្រហារ​យោធា​​ជាមួយនឹង​ការ​រឹតត្បិត​លើ​ក្រុមមន្ត្រី​ថាមពល​និង​សមាជិក​របប​យោធា​ក្នុងចំណោម​អ្នកដទៃ​ទៀត​។​

​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​បាន​ដាក់​ទណ្ឌកម្ម​លើ​គណៈកម្មការ​បោះឆ្នោត​សហភាព សហគ្រាស​រ៉ែ និង​មន្ត្រី​ថាមពល​ក្នុងចំណោម​អ្នកដទៃ​ទៀត នេះ​បើ​តាម​សេចក្តីថ្លែងការណ៍​របស់​ក្រសួង​រតនាគារ​។ ព័ត៌មាន​លម្អិត​នៃ​ការសម្រេចចិត្ត​នេះ​ត្រូវបាន​រាយការណ៍​ដំបូង​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​រ៉​យ​ទ័រ​។​

​អ្នកនាំពាក្យ​ក្រសួង​រតនាគារ​អាម៉េរិក​បាន​និយាយថា វា​ជា​លើកដំបូង​ហើយ​ដែល​សហរដ្ឋ​អាម៉េរិក​បាន​កំណត់​គោលដៅ​ទៅលើ​មន្ត្រី​សហគ្រាស​ប្រេង​និង​ឧស្ម័ន​មី​យ៉ាន់​ម៉ា (MOGE)​ក្រោម​កម្មវិធី​ដាក់​​ទណ្ឌកម្ម​មី​យ៉ាន់​ម៉ា​នាពេល​បច្ចុប្បន្ន​។​

​កាណាដា អូស្ត្រាលី និង​ចក្រភព​អង់គ្លេស​ក៏​បាន​ប្រកាស​ដាក់​ទណ្ឌកម្ម​ផងដែរ​។​

​ក្រុម​ឧត្តមសេនីយ៍​កំពូលរ​បស់​មី​យ៉ាន់​ម៉ា​បាន​ដឹកនាំ​រដ្ឋប្រហារ​ក្នុង​ខែ​កុម្ភៈ ឆ្នាំ ២០២១​បន្ទាប់​ពី​ការចែករំលែក​អំណាច​គ្នា​ដ៏​តានតឹង​ប្រាំ​ឆ្នាំ​ក្រោម​ប្រព័ន្ធ​នយោបាយ​ពាក់កណ្តាល​ស៊ីវិល​ដែល​បង្កើត​​ឡើង​ដោយ​យោធា ហើយ​ដែល​នាំទៅ​ដល់​ការផ្លាស់ប្តូរ​មិន​ធ្លាប់​មាន​ពីមុនមក​។​

​មី​យ៉ាន់​ម៉ា​បាន​ស្ថិត​ក្នុង​ភាពចលាចល​ចាប់តាំងពី​រដ្ឋប្រហារ​ម​ក ខណៈ​សមាជិក​ក្នុង​ចលនា​តស៊ូ​មួយ​បាន​ចេញ​មក​ប្រយុទ្ធ​នឹង​យោធា​នៅ​សមរភូមិ​ជួរ​មុខ​ជាច្រើន បន្ទាប់​ពី​ការបង្ក្រាប​យ៉ាង​បង្ហូរឈាម​​លើ​ក្រុម​ប្រឆាំ​។​

​យោង​តាម​ក្រសួង​រតនា​គារ​បាន​ឱ្យដឹងថា ការដាក់ទណ្ឌកម្ម​របស់​សហរដ្ឋអាម៉េរិ​កកាល​ពី​ថ្ងៃ​អង្គារ​បាន​កំណត់​គោលដៅ​ទៅ​លើ​នាយក​គ្រប់គ្រង​និង​នាយករង​គ្រប់គ្រង​នៃ​សហគ្រាស MOGE​ជា​សហគ្រាស​​រដ្ឋ​ដែល​បង្កើត​ប្រាក់​ចំណូល​ធំ​បំផុត​តែមួយគត់​របស់​របប​យោធា​។​

​ក្រុម​អ្នកតស៊ូ​មតិ​សិទ្ធិ​មនុស្ស​បាន​អំពាវនាវ​ឱ្យមាន​ការដាក់ទណ្ឌកម្ម​លើ​សហគ្រាស MOGE ប៉ុន្តែ​រហូត​មក​ទល់​ពេល​នេះ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​មិនទាន់​ហ៊ាន​ធ្វើ​នៅឡើយ​ទេ​។​

​រដ្ឋមន្ត្រី​ក្រសួង​ថាមពល​មី​យ៉ាន់​ម៉ា​ក៏​ជាប់​ទណ្ឌកម្ម​ដែរ ដែល​ក្រសួង​រតនាគារ​និយាយថា តំណាង​ឱ្យ​រដ្ឋាភិបាល​មី​យ៉ាន់​ម៉ា​ក្នុង​ការចូលរួម​ផ្នែក​ថាមពល​អន្តរជាតិ​និង​ក្នុងស្រុក​ហើយ​នឹង​គ្រប់គ្រង​ក្រុមហ៊ុន​​របស់​រដ្ឋ​ដែល​ពាក់ព័ន្ធ​នឹង​ការផលិត​និង​ការនាំ​ចេញ​ប្រេង​និង​ឧស្ម័ន​។​

​សហគ្រាស​រ៉ែ​លេខ ១ និង​សហគ្រាស​រ៉ែ​លេខ ២ ដែល​ជា​សហគ្រាស​គ្រប់គ្រង​ដោយ​រដ្ឋ ក៏​ដូចជា​គណៈកម្មការ​រៀបចំ​ការបោះឆ្នោត​សហភាព ក៏​ត្រូវ​បាន​រង​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ផងដែរ​៕

សកម្មជនទាមទារអោយដាក់ទណ្ឌកម្មថែមលើសហគ្រាសប្រេងនិងហ្គាសមីយ៉ាន់ម៉ា