ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មន្ត្រីអាម៉េរិកពីររូបបាននិយាយសង្ខេបអំពីបញ្ហានេះទៅកាន់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រកាលពីថ្ងៃអង្គារទី៣១មករាថាសហរដ្ឋអាម៉េរិកកំពុងត្រៀមផ្តល់ជំនួយយោធាតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន ដែលគេរំពឹងថានឹងរួមបញ្ចូលគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូងក៏ដូចជាគ្រាប់កាំភ្លើងនិងអាវុធផ្សេងៗទៀតផងដែរ។
មន្ត្រីមិនបញ្ចេញឈ្មោះទាំងពីរបាននិយាយថា ជំនួយសព្វាវុធនេះត្រូវរំពឹងប្រកាសឆាប់ៗនៅសប្តាហ៍នេះ។ គេក៏រំពឹងរួមបញ្ចូលឧបករណ៍ជំនួយសម្រាប់ប្រព័ន្ធការពារដែនអាកាស Patriot គ្រាប់នាំផ្លូវបាញ់ត្រង់ៗ និងអាវុធប្រឆាំងរថក្រោះ Javelin ផងដែរ។
មន្ត្រីម្នាក់ក្នុងចំណោមនោះបាននិយាយថា ផ្នែកមួយនៃកញ្ចប់ជំនួយដែលរំពឹងមានចំនួន ១,៧២៥ ពាន់លានដុល្លារនឹងបានមកពីមូលនិធិដែលគេស្គាល់ថាគម្រោងជំនួយសន្តិសុខអ៊ុយក្រែន (USAI) ដែលអនុញ្ញាតឱ្យរដ្ឋបាលរបស់លោកប្រធានាធិបតី ចូ បៃដិន ទទួលបានអាវុធពីក្រុមហ៊ុនផលិតជាជាងអាវុធដែលមានស្រាប់ពីឃ្លាំងរបស់សហរដ្ឋអាម៉េរិក។
មូលនិធិ USAIនឹងឆ្ពោះទៅរកការទិញអាវុធថ្មីមួយ គឺគ្រាប់រ៉ុក្កែត GLSDB ដែលផលិតដោយក្រុមហ៊ុន Boeing Co ដែលបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ។សហរដ្ឋអាម៉េរិកបានច្រានចោលសំណើរបស់អ៊ុយក្រែនសម្រាប់កាំជ្រួច ATACMS ចម្ងាយ ២៩៧ គីឡូម៉ែត្រ។
រយៈចម្ងាយឆ្ងាយនៃគ្រាប់រ៉ុក្កែត GLSDB អាចអនុញ្ញាតឱ្យអ៊ុយក្រែនបើកការវាយលុកគោលដៅដែលនៅឆ្ងាយនិងជួយអ៊ុយក្រែនបន្តការវាយលុករបស់ខ្លួនដើម្បីរំខានខ្សែត្រៀមជួរក្រោយរបស់រុស្ស៊ីបន្ថែមទៀត៕
សហរដ្ឋអាម៉េរិកកំពុងត្រៀមផ្តល់ជំនួយយោធាតម្លៃជាង ២ ពាន់លានដុល្លារសម្រាប់អ៊ុយក្រែន រួមមានគ្រាប់រ៉ុក្កែត GLSDB