ដោយៈ រ៉ូហ្សា/ភ្នំពេញ៖នាថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ លោក ប៊ុយ សុភ័ណ្ឌ ទីប្រឹក្សាគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា រួមជាមួយ លោក ដួង មាសចំរើន អនុប្រធានសហព័ន្ធខ្មែរកីឡាអត្តពលកម្មស្ម័គ្រចិត្ត និងលោក អូលីវ័ ឆៀ ( Oliver Scheer) ជំនាញការជនជាតិ អូទ្រីស មកពីស្ថាប័នអត្តពលកម្មពិភពលោកបានអញ្ជើញចូលរួមកម្មវិធីគម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនៅទីស្នាក់ការគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា។

លោក ប៊ុយ សុភ័ណ្ឌ បាននិយាយថា ដោយបានការអនុញ្ញាតពីលោក វ៉ាត់ ចំរើន ថ្ងៃនេះគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានរៀបចំសន្និសីទសារព័ត៌មាន គម្រោងសាមគ្គីអូឡាំពិក ស្តីពី ការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្ម ឆ្នាំ២០២២-២០២៣ នាពេលនេះ។ សម្រាប់គម្រោងអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មនេះ គឺជាគម្រោងអភិវឌ្ឍសហព័ន្ធកីឡាជាតិសម្រាប់ប្រភេទកីឡាអូឡាំពិកក្រោមជំនួយឧបត្ថម្ភរបស់អង្គការសាមគ្គីអូឡាំពិកតាមរយៈគណៈកម្មាធិការជាតិអូឡាំពិកកម្ពុជា ដោយសហការបច្ចេកទេសជាមួយស្ថាប័នអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្ម។

លោកបានបន្តថា គោលបំណងនៃការរៀបចំគម្រោងនេះដើម្បីឲ្យគណៈកម្មាធិការជាតិអូឡាំពិកធ្វើការអភិវឌ្ឍ និងពង្រឹងរចនាសម្ព័ន្ធនៃការបង្វឹកជាមូលដ្ឋាន និងប្រព័ន្ធគ្រប់គ្រងសហព័ន្ធ កីឡាជាតិ តាមរយៈការដាក់ចេញនូវផែនការសកម្មភាព ការបណ្តុះបណ្តាល រយៈពេលមធ្យម ឬ រយៈពេលវែងសម្រាប់ប្រភេទកីឡាដែលមានក្នុងកម្មវិធីការប្រកួតកីឡាអូឡាំពិក។ ដោយឡែក សម្រាប់ឆ្នាំ២០២៣នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាបានសហការជាមួយអត្តពលកម្មពិភពលោក និងសហព័ន្ធខ្មែរកីឡាអត្តពលកម្មក្នុងការបន្តអនុវត្តគម្រោងនេះ ដោយបានចាត់ លោក អូលីវ័ ឆៀ ជំនាញការមកពីស្ថាប័នអត្តពលកម្មពិភពលោក ដែលគម្រោងនេះមានរយៈពេល ១ឆ្នាំ គិតចាប់ពីថ្ងៃទី១ ខែសីហា ឆ្នាំ២០២២ ដល់ថ្ងៃទី៣១ ខែកក្ដដា ឆ្នាំ២០២៣ ។
លោកទីប្រឹក្សាបន្ថែមទៀតថា សម្រាប់គម្រោងការអភិវឌ្ឍប្រព័ន្ធកីឡាជាតិសម្រាប់កីឡាអត្តពលកម្មអនុវត្តតាមកម្មវិធីដូចខាងក្រោម លោក អូលីវ័ ឆៀ បានធ្វើទស្សនៈកិច្ច២លើករួចមកហើយ ចាប់ពីថ្ងៃទី២៦ ដល់ ៣១ ខែមករា ឆ្នាំ២០២៣ ក្នុងគោលបំណងដើម្បីរៀបចំសិក្ខាសាលាស្តីពីវាយតម្លៃរចនាសម្ព័ន្ធ/យុទ្ធសាស្ត្រគម្រោង និងរៀបចំប្រព័ន្ធនៃការបង្វឹក ដោយសហការជាមួយសហព័ន្ធ។
ដោយត្រួតពិនិត្យផែនការយុទ្ធសាស្រ្ត រចនាសម្ព័ន្ធគ្រប់គ្រង គោលនយោបាយកីឡា និងអភិបាលកិច្ចល្អ ទម្រង់បណ្តុះបណ្តាលតាមប្រព័ន្ធអនឡាញ និងរៀបចំផែនការគ្រប់គ្រងការប្រកួតកីឡា SEA GAMES ឆ្នាំ២០២៣ ព្រមទាំងធ្វើការសិក្សារចនាសម្ព័ន្ធគ្រប់គ្រង និងរៀបចំផែនការបណ្តុះបណ្តាលគ្រូបង្វឹក រៀបចំផែនការបណ្តុះបណ្តាល និងអភិវឌ្ឍធនធានអត្តពលិកវ័យក្មេង និងរៀបចំសិក្ខាសាលា ស្តីពី ការអនុវត្តផែនការអភិវឌ្ឍន៍យុទ្ធសាស្ត្រ ២០២៣ – ២០៣០ ។

ក្រោយពីបញ្ចប់គម្រោងដ៏មានសារសំខាន់នេះ គណៈកម្មាធិការជាតិអូឡាំពិកកម្ពុជាសង្ឃឹមជឿជាក់ថា សហព័ន្ធ នឹងមានផែនការអភិវឌ្ឍកីឡាអត្តពលកម្មរបស់ខ្លួនដែលមានលក្ខណៈវិទ្យាសាស្រ្តស្របតាមស្តង់ដាអត្តពលកម្មពិភពលោកសម្រាប់យកទៅអភិវឌ្ឍកីឡារបស់ខ្លួនឲ្យក្លាយជាកីឡាដ៏មានប្រជាប្រិយភាព និងសក្តានុពលនៅកម្ពុជានាពេលអនាគត៕/PC