ប្រែសម្រួលៈបំណង(ស្ត្រេតថែមស៍)៖ថៃមានផែនការចែកស្រោមអនាម័យ៩៥លានស្រោមដោយឥតគិតថ្លៃដើម្បីទប់ស្កាត់កាមរោគនិងការមានគត៌ក្នុងចំណោមស្ត្រីវ័យក្មេងនៅពេលប្រជាជាតិអាស៊ីអាគ្នេយ៍មួយនេះស្វះស្វែងជំរុញការរួមភេទដោយសុវត្ថិភាពមុនទិវានៃក្តីស្រឡាញ់។
ចាប់ពីថ្ងៃ១កុម្ភៈនេះទៅ អ្នកកាន់ប័ណ្ណសុខាភិបាលសកលមានសិទ្ធិទទួលបានស្រោមអនាម័យដប់ក្នុងមួយសប្តាហ៍សំរាប់រយៈពេលមួយឆ្នាំ នេះបើតាមអ្នកនាំពាក្យរដ្ឋាភិបាលបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអង្គារ។
អ្នកនាំពាក្យលោកស្រី រ៉ាឆាដា ឌីរ៉េដឌីរ៉េក( Rachada Dhnadirek)បានបញ្ជាក់ថា ស្រោមនេះមានបួនទំហំនិងអាចរកបានពីបណ្តាឳសថស្ថាននិងមន្ទីរពេទ្យនៅទូទាំងប្រទេសនិងថា«យុទ្ធនាការចែកស្រោមនេះនឹងជួយបង្ការជំងឺ រួមទាំងជំរុញសុខភាពសាធារណៈ»។
លោកស្រីបានបន្ថែមថា ក្នុងចំណោមជំងឺដែលរដ្ឋាភិបាលចង់ទប់ស្កាត់រួមមានស្វាយ ប្រមេះ មហារីកស្បូន រោគផ្សិតនិងអេដស៍។
យោងតាមទិន្នន័យផ្លូវការ ថៃមានកំណើននៃការកើតកាមរោគនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយរោគស្វាយប្រមេះតំណាងអោយជាងពាក់កណ្តាលនៃកាមរោគនៅក្នុងប្រទេសនេះកាលពីឆ្នាំ២០២១។ក្រុមអ្នកកើតជំងឺនេះភាគច្រើនមានពី១៥ទៅ២៤ឆ្នាំ។
ទិន្នន័យក៏បានបង្ហាញទៀតថា នៅឆ្នាំ២០២១ ការផ្តល់កំណើត២៤,៤នាក់ក្នុងចំណោមការផ្តល់កំណើតក្មេង១.០០០នាក់នៅថៃជាក្មេងស្រីវ័យជំទង់អាយុ១៥ទៅ១៩ឆ្នាំ។
សូមបញ្ជាក់ថា ក្នុងចំណោមប្រជាជនថៃជិត៧០លាននាក់ ប្រមាណ៥០លាននាក់បានចុះឈ្មោះចូលក្នុងកម្មវិធីសុខាភិបាលសកលរបស់រដ្ឋាភិបាល។ប័ណ្ណនេះប្រើសំរាប់ការព្យាបាលជំងឺនិងពិនិត្យសុខភាពនៅតាមមន្ទីរពេទ្យរដ្ឋនិងឯកជន៕