ដោយៈ សុផល / សេអ៊ូល-កូរ៉េខាងត្បូង៖ ប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់គាត់ គឺលោកស្រី Kim Keon Hee កាលពីថ្ងៃទី៣១ ខែមករា បានជួបជាមួយកុមារកម្ពុជា មួយរូប ដែលបានទទួលការវះកាត់បេះដូង នៅទីក្រុ​ស៊េអូល។ នេះបើយោងតាម​ទីភ្នាក់ងារសារព័ត៌មាន Yonhap News Agency ។

កុមារាខ្មែរមួយរូបនេះ មានបញ្ហាបេះដូងធ្ងន់ធ្ងរ ហើយត្រូវបានក្រុមគ្រូពេទ្យកូរ៉េខាងត្បូង ជួយព្យាបាល ឱ្យមានសុខភាពល្អប្រសើរ ឡើងវិញ។ បន្ទាប់ពីព្យាបាលទទួលបានជោគ ជ័យ និងមានសុខភាពល្អ ប្រសើរហើយនោះ កុមារារូបនេះ ត្រូវបានអនុញ្ញាតឱ្យចូលជួប ជាមួយប្រធានាធិបតីកូរ៉េខាងត្បូង លោក Yoon Suk Yeol និងភរិយារបស់គាត់ គឺលោកស្រី Kim Keon Hee មុននឹងរូបគេ ត្រឡប់មកកម្ពុជាវិញ។

កុមារាខ្មែររូបនេះ មានឈ្មោះថា ឱក រដ្ឋា បានជួបបញ្ហាបេះដូងធ្ងន់ធ្ងរ។ រូបគេ បានជួប លោកស្រី Kim Keon Hee ភរិយាប្រធានាធិបតីកូរ៉េខាងត្បូង កាលពីខែវិច្ឆិកា ឆ្នាំ២០២២ ក្នុងពេលលោកស្រី អមដំណើរស្វាមី ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន និងកិច្ចប្រជុំពាក់ព័ន្ធ នៅក្នុងប្រទេសកម្ពុជា។

ដោយក្តីអាណិតអាសូរកុមារា រដ្ឋា ដែលមានបញ្ហាបេះដូងនោះ លោកស្រី ក៏បាននាំយក រដ្ឋា ទៅព្យាបាលនៅប្រទេសកូរ៉េខាងត្បូង។ ក្រោមការយកចិត្តទុកដាក់ លើការព្យាបាល ពីសំណាក់ក្រុមគ្រូពេទ្យ នៅមន្ទីរពេទ្យសេអ៊ូល អាសាន សុខភាពរបស់ រដ្ឋា ក៏មានភាពល្អ ប្រសើរ​ឡើងវិញ។

រដ្ឋា ត្រូវបានអនុញ្ញាតឱ្យចេញពីមន្ទីរពេទ្យ និងត្រឡប់មកកម្ពុជាវិញផងដែរ។ មុនចាកចេញ ពីកូរ៉េខាងត្បូង ត្រឡប់មកកម្ពុជាវិញ រដ្ឋា និងគ្រួសារ ត្រូវបានអនុញ្ញាតឱ្យ ចូលជួបលោក ប្រធានាធិបតីកូរ៉េខាងត្បូង និងភរិយា កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ ម្សិលមិញនេះ។

លោកប្រធានាធិបតីកូរ៉េខាងត្បូង បានអរគុណដល់អ្នកគ្រប់គ្នា ដែលបានជួយ រដ្ឋា ។ ដោយឡែក លោកស្រី Kim Keon Hee បានអរគុណក្រុមហ៊ុនអាកាសចរណ៍កូរ៉េ ដែលបាននាំ រដ្ឋា មកប្រទេសកូរ៉េ ប្រកបដោយសុវត្ថិភាព។

លោកស្រី ក៏បានថ្លែងអំណរគុណ បុគ្គលិកពេទ្យ នៃមន្ទីរពេទ្យ Seoul Asan ដែលបាន វះកាត់ជំងឺបេះដូង ដ៏លំបាករបស់ រដ្ឋា រហូតបានជោគជ័យ។ លោកស្រី Kim Kun-hee បាននិយាយថាៈ លទ្ធផលនេះ បានកើតឡើង ចាប់តាំងពីលោកស្រី បានជួប រដ្ឋា នៅកម្ពុជា ក្នុងខែវិច្ឆិកា។ លោកស្រី ចាត់ទុករឿងនេះ ដូចជាអព្ភូតហេតុមួយ។

ក្នុងជំនួបនោះ លោកប្រធានាធិបតីកូរ៉េខាងត្បូង បានផ្តល់បាល់មួយ ជូនទៅកុមារា រដ្ឋា ផងដែរ។ លោកប្រធានាធិបតី ណែនាំ រដ្ឋា លេងកីឡា ហាត់ប្រាណ ដើម្បីមានសុខភាពល្អ។

ជាមួយនឹងគុណបំណាច់ ជួយស្រោចស្រង់ជីវិត ពីជំងឺប្រចាំកាយនេះ កុមារា រដ្ឋា បានសរសេរលិខិតថ្លែងអំណរគុណ នៅលើកាតប៉ុស្តិ៍ស្តាល់ តុបតែងដោយផ្កា រំលេច ដោយពាក្យពេចន៍អរគុណ ជូនប្រធានាធិបតី និងភរិយារបស់គាត់៕ V / N