ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ មេប៉ូលិសម្នាក់បាននិយាយកាលពីថ្ងៃអង្គារទី៣១មករាថាការបំផ្ទុះគ្រាប់បែកអត្តឃាតនៅវិហារអ៊ីស្លាមមួយនៅខាងក្នុងទីស្នាក់ការប៉ូលិសប៉ាគីស្ថានគឺជាការវាយប្រហារសងសឹកដែលកំណត់គោលដៅ ខណៈកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះបានបញ្ចប់ជាមួយអ្នកស្លាប់កើនឡើងដល់ ១០០ នាក់។
ប៉ូលិសចន្លោះពី ៣០០ ទៅ ៤០០ នាក់បានប្រមូលផ្តុំគ្នាសម្រាប់ការអធិស្ឋានពេលរសៀលនៅឯវិហារអ៊ីស្លាមក្នុងបន្ទាយប៉ូលីសកាលពីថ្ងៃចន្ទក្នុងទីក្រុងប៉េសាវ៉ា (Peshawar)នៅពេលដែលជញ្ជាំងទាំងមូលនិងដំបូលភាគច្រើនត្រូវបានបំផ្ទុះប៉ើងកម្ទេចកម្ទីមមកលើប៉ូលិស។
មេប៉ូលិសក្រុង លោក មូហាម៉ាត់ អ៊ីហ្សាក់ ខាន់ (Muhammad Ijaz Khan) បានប្រាប់ទីភ្នាក់ងារសារព័ត៌មាន AFP ថា “យើងស្ថិតនៅជួរមុខក្នុងសកម្មភាពប្រឆាំងនឹងពួកសកម្មប្រយុទ្ធហើយនោះជាមូលហេតុដែលយើងត្រូវបានគេកំណត់គោលដៅ”។
“គោលបំណងគឺដើម្បីបំបាក់ទឹកចិត្តពួកយើងជាកងកម្លាំង”។
នៅល្ងាចថ្ងៃអង្គារ ក្រុមអ្នកជួយសង្គ្រោះបានបញ្ចប់ប្រតិបត្តិការសង្គ្រោះ ដែលឃើញពួកគេគាស់យកអ្នករស់រានមានជីវិតនិងសាកសពចេញពីគំនរបាក់បែកនៃវិហារអ៊ីស្លាមដោយប្រញាប់បញ្ជូនអ្នកអាចសង្គ្រោះបានទៅកាន់មន្ទីរពេទ្យ។
លោក វ៉ាចាហាត់ អាលី (Wajahat Ali) អាយុ ២៣ ឆ្នាំជាប៉ូលិសម្នាក់ដែលបាក់ជើងនៅក្នុងការបំផ្ទុះនោះបានប្រាប់ AFPពីមន្ទីរពេទ្យថា គាត់”បានជាប់នៅក្រោមគំនរបាក់បែកជាមួយនឹងសាកសពនៅលើខ្ញុំអស់រយៈពេល ៧ ម៉ោងហើយខ្ញុំបានបាត់បង់អស់ក្តីសង្ឃឹមនៃការរស់រានមានជីវិត”។
លោក សាហ៊ីដ អាលី (Shahid Ali) ជាអ្នកនៅរស់ម្នាក់ទៀត បាននិយាយថា ការផ្ទុះបានកើតឡើងប៉ុន្មានវិនាទីបន្ទាប់ពីអាចារ្យចាប់ផ្តើមធ្វើអធិស្ឋាន។
មន្ត្រីប៉ូលិសអាយុ ៤៧ ឆ្នាំរូបនេះបានប្រាប់ AFP ថា “ខ្ញុំបានឃើញផ្សែងខ្មៅហុយឡើងលើមេឃ។ ខ្ញុំបានរត់ចេញដើម្បីជួយជីវិតរបស់ខ្ញុំ”។
សកម្មភាពរបស់ក្រុមសកម្មប្រយុទ្ធកម្រិតទាប ដែលជារឿយៗសំដៅលើប៉ុស្តិ៍ត្រួតពិនិត្យសន្តិសុខ បានកើនឡើងជាលំដាប់នៅក្នុងតំបន់ក្បែរទីក្រុងប៉េសាវ៉ា ជាប់ព្រំដែនអាហ្វហ្គានីស្ថានចាប់តាំងពីក្រុមតាលីបង់បានដណ្តើមកាន់កាប់ទីក្រុងកាប៊ុលក្នុងខែសីហា ឆ្នាំ២០២១។
ការវាយប្រហារនេះត្រូវបានអះអាងទទួលខុសត្រូវភាគច្រើនដោយពួកតាលីបង់ប៉ាគីស្ថានក៏ដូចជាកូនចៅក្នុងតំបន់នៃក្រុមរដ្ឋអ៊ីស្លាមប៉ុន្តែការវាយប្រហារសម្លាប់មនុស្សទ្រង់ទ្រាយធំបែបនេះនៅតែជារឿងកម្រ។
ប្រមុខកងកម្លាំងប៉ូលិសខេត្ត ឃីបឺ ប៉ាខទុនខ្វា (Khyber Pakhtunkhwa) លោក ម៉ូអាសហ្សាម ចា អានសារី (Moazzam Jah Ansari) បានប្រាប់អ្នកយកព័ត៌មានថាជនបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានចូលទៅក្នុងវិហារអ៊ីស្លាមក្នុងនាមជាភ្ញៀវ ដោយផ្ទុកនូវសារធាតុផ្ទុះទម្ងន់ ១០-១២ គីឡូក្រាម។
លោកបានបន្ថែមថា ក្រុមសកម្មប្រយុទ្ធ ដែលមានទំនាក់ទំនងមិនទៀងជាមួយក្រុមតាលីបង់ប៉ាគីស្ថាន អាចនៅពីក្រោយការវាយប្រហារនេះ៕
មនុស្ស១០០នាក់ស្លាប់ក្នុងការបំផ្ទុះគ្រាប់បែកនៅវិហារអ៊ីស្លាមក្នុងប៉ុស្តិ៍ប៉ូលិសក្រុងប៉េសាវ៉ា