ដោយៈ សុផល / ភ្នំពេញ៖ សម្តេចវិបុលសេនាភក្តី សាយ ឈុំ ប្រធានព្រឹទ្ធសភា នៃព្រះរាជាណាចក្រកម្ពុជា នាព្រឹកថ្ងៃទី១ ខែកុម្ភៈ បានទទួលលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា ចូលជួបសម្តែងការគួរសម នៅវិមានព្រឹទ្ធសភា។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា បានសម្តែងនូវ ការស្វាគមន៍ និងអបអរសាទរ ចំពោះលោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី ដែលត្រូវបានតែងតាំង ជាឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាព នៃប្រទេសជប៉ុន ប្រចាំព្រះរាជាណាចក្រ កម្ពុជា។

សម្តេច បានកត់សម្គាល់ ដោយសេចក្តីពេញចិត្ត និងវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង ការទូត នៃប្រទេសទាំងពីរ ដែលបានវិវត្តពីកម្រិត “ដៃគូយុទ្ធសាស្រ្ត” នៅឆ្នាំ២០១៣ ទៅជាកម្រិត “ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុងជ្រោយ” ក្នុងឆ្នាំ២០២៣ នេះ ស្របពេលនឹងការ ប្រារព្វខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន។ ជាមួយគ្នានេះ សម្តេចប្រធានព្រឹទ្ធសភា ក៏ដូចជា ប្រជាជនកម្ពុជា បានសម្តែងនូវការអបអរសាទរខួប អនុស្សាវរីយ៍ លើកទី៧០ នៃការបង្កើតទំនាក់ទំនងការទូត ជាផ្លូវការ រវាងកម្ពុជា-ជប៉ុន និងការដំឡើងកម្រិតទំនាក់ទំនងការទូត កម្ពុជា-ជប៉ុន ទៅជា ”ដៃគូយុទ្ធសាស្រ្តគ្រប់ជ្រុង ជ្រោយ”។ សម្តេចបានប្រសិទ្ធពរឱ្យចំណងមិត្តភាព និងសហប្រតិបត្តិការរវាងប្រទេស និងប្រជាជនទាំងពីរ ស្ថិតស្ថេរចីរកាល។

ក្នុងឱកាសនោះ លោក អ៊ូអ៊ិណូ អាតស៊ូហ្ស៊ី បានសម្តែងនូវសេចក្តីរីករាយ ដែលបានមក បំពេញ បេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ដែលជាប្រទសមួយមាន ប្រវត្តិសាស្រ្ត ដ៏យូរលង់ណាស់មកហើយ និងមានវប្បធម៌ដ៏សម្បូរបែប មានប្រាសាទ អង្គរវត្ត ជាបេតិកភ័ណ្ឌពិភពលោក។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថាៈ ប្រទេសទាំងពីរ ជប៉ុន-កម្ពុជា បានកសាង ទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដែលមានការជឿទុកចិត្តគ្នា តាមរយៈដំណើរការ ស្វែងរកសន្តិភាព និងកសាងប្រទេសឡើងវិញ។ ឆ្នាំ២០២៣នេះ ប្រទេសទំាងពីរ ប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៧០ នៃទំនាក់ទំនងការទូត ដោយបានដំឡើងពីកម្រិត ទំនាក់ទំនងការទូត នៃប្រទេសទាំងពីរ ពីកម្រិត ដៃគូយុទ្ធសាស្រ្ត ទៅជាដៃគូយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។

លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជា ដែលសម្រេចបាននូវសន្តិភាព សុវត្ថិភាព និងក្លាយជាគោលដៅទេសចរណ៍ ទាក់ទាញ អ្នកទេសចរទូទាំងពិភពលោក។ ជាមួយគ្នានេះ លោកបានសម្តែងនូវការអបអរសាទរ ចំពោះប្រទេសកម្ពុជា ដែលទទួលបានជោគជ័យ ក្នុងការរៀបចំកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤០, ៤១ និងកិច្ចប្រជុំពាក់ព័ន្ធ ព្រមទាំងការរៀបចំមហាសន្និបាតអន្តរសភាអាស៊ាន លើកទី៤៣ ។

លោកឯកអគ្គរាជទូត បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងសភា នៃប្រទេសទាំងពីរ ជាកត្តាដ៏សំខាន់ សម្រាប់ពង្រឹងពង្រីកទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងប្រទេសទាំងពីរ ឈានដល់កម្រិតដៃគូឮយុទ្ធសាស្រ្ត គ្រប់ជ្រុងជ្រោយ។ ទន្ទឹមគ្នានេះ ព្រឹទ្ធសភា នៃប្រទេសទាំងពីរ ក៏មានក្រុមមិត្តភាពទ្វេភាគី ជាមួយគ្នាផងដែរ។

លោកឯកអគ្គរាជទូត បានគូសបញ្ជាក់ថាៈ តាមរយៈបេសកកម្មការទូតរបស់លោក នៅព្រះរាជាណាចក្រកម្ពុជា លោកនឹងខិតខំរួមចំណែក ពង្រឹងពង្រីកទំនាក់ទំនង មិត្តភាព និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃ រវាងសភា រដ្ឋាភិបាល ប្រជាជន និងប្រទេសទាំងពីរ ឱ្យកាន់តែល្អប្រសើរថែមទៀត។

សម្តេចប្រធានព្រឹទ្ធសភា បានថ្លែងអរគុណ ចំពោះប្រសាសន៍ ដ៏ល្អប្រពៃរបស់លោក ឯកអគ្គរដ្ឋទូត ដែលបានលើកឡើង អំពីទំនាក់ទំនងមិត្តភាព និងកិច្ចសហប្រតិបត្តិការដ៏ល្អ រវាងប្រទេសកម្ពុជា-ជប៉ុន ព្រមទាំងការរីកចម្រើនរបស់ប្រទេសកម្ពុជា។ សម្តេចបានគាំទ្រ ចំពោះគោលបំណងរបស់លោកឯកអគ្គរដ្ឋទូត ចង់អញ្ជើញទៅទស្សនកិច្ច និងជួប ប្រាស្រ័យ ជាមួយប្រជាជនកម្ពុជា នៅតាមបណ្តាខេត្តនានា ដើម្បីឈ្វេងយល់បន្ថែម អំពីវប្បធម៌របស់ប្រទេសកម្ពុជា។ សម្តេចបានគូសបញ្ជាក់ថាៈ បចុប្បន្នប្រទេសកម្ពុជា មានសុខសន្តិភាពពេញលេញ និងកំពុងក្លាយជាគោលដៅទេសចរណ៍ ដ៏មានសុវត្ថិភាព ជាទីបំផុត។

សម្តេចប្រធានព្រឹទ្ធសភា បានវាយតម្លៃខ្ពស់ ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ ដ៏ល្អប្រពៃ រវាងអង្គការនីតិប្បញ្ញត្តិ នៃប្រទេសទាំងពីរ ទាំងក្នុងក្របខណ្ឌទ្វេភាគី និង ក្នុងក្របខណ្ឌសហប្រតិបត្តិការអន្តរជាតិ។ សម្តេចមានជំនឿជឿជាក់ថា លោកឯកអគ្គ រាជទូត នឹងធ្វើជាស្ពានចម្លង នៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការ រវាងសភា នៃប្រទេសទាំងពីរ។

ក្នុងនាមព្រឹទ្ធសភា និងក្នុងនាមសម្តេចផ្ទាល់ សម្តេចប្រធានព្រឹទ្ធសភា និងត្រៀមខ្លួនជានិច្ច ក្នុងការធ្វើសហប្រតិបត្តិការដ៏ជិតស្និទ្ធ ជាមួយលោកឯកអគ្គរាជទូត ក៏ដូចជាស្ថានទូតជប៉ុន ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ដើម្បីរួមចំណែក ដល់ការពង្រឹងពង្រីកចំណងមិត្តភាព និងកិច្ចសហប្រតិបតិ្តការ រវាងប្រជាជន និងប្រទេសទាំងពីរ នាំមកនូវផលប្រយោជន៍ ដ៏ធំធេង ទាំងពេលបច្ចុប្បន្ន និងពេលអនាគត។

សម្តេប្រធានព្រឹទ្ធសភា បានប្រសិទ្ធពរជូនលោកឯកអគ្គរាជទូត បំពេញបេសកកម្មការទូត នៅព្រះរាជាណាចក្រកម្ពុជា ប្រកបដោយសុខភាពល្អបរិបូរណ៍ និងទទួលបានជោគជ័យ ក្នុងភារកិច្ចដែលរដ្ឋាភិបាល និងប្រជាជនជប៉ុនប្រគល់ជូន៕ V / N