ដោយ: ពៅនិមល / ភ្នំពេញ៖ ក្នុងឱកាសរៀបចំសន្និបាតបូកសរុបការងារ លោក ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានណែនាំឱ្យមន្រ្តី និងស្ថាប័នក្រោមឱវាទ ក្រសួងពាណិជ្ជកម្មទាំងអស់ បន្តខិតខំបម្រើសេវាសាធារណៈ ជូនប្រជាពលរដ្ឋ ឱ្យកាន់តែមានប្រសិទ្ធភាព បន្ថែមទៀត។
លើឡើងក្នុងអង្គសន្និបាត កាលពីថ្ងៃទី៣១ ខែមករា ឆ្នាំ២០២៣ កន្លងទៅ លោករដ្ឋមន្រ្តី បានសម្ដែងនូវសេចក្តីសោមនស្សរីករាយ ចំពោះសមិទ្ធផលធំៗ សម្រេចបាន ក្នុងរយៈពេល មួយឆ្នាំ កន្លងមកនេះ ដែលសមិទ្ធផលទាំងអស់នេះ បានកើតចេញពី ការខិតខំ ប្រឹងប្រែង អស់ពីកម្លាំងកាយចិត្ត របស់ថ្នាក់ដឹកនាំ និងមន្ត្រីក្រសួងគ្រប់លំដាប់ ថ្នាក់ ព្រមទាំងកិច្ចសហការយ៉ាងល្អ ពីសំណាក់ក្រសួង ស្ថាប័នពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍នានា។
លោករដ្ឋមន្រ្តី បានបន្តថាៈ បន្ទាប់ពីបានស្តាប់នូវ របាយការណ៍វឌ្ឍនភាព និងបទអន្តរា គមន៍ ព្រមទាំងបញ្ហាប្រឈម និងសំណូមពរ របស់ក្រសួង-ស្ថាប័ន វិស័យឯកជន អង្គភាពក្រោមឱវាទ ក្រសួងពាណិជ្ជកម្ម និងមន្ទីរពាណិជ្ជកម្ម រាជធានី-ខេត្ត នៅក្នុងអង្គសន្និបាតរួចមក ក្រសួងពាណិជ្ជកម្ម បានពិនិត្យដោយយកចិត្តទុកដាក់ខ្ពស់ ដើម្បីផ្តល់ជាដំណោះស្រាយ សមស្រប ប្រកបដោយប្រសិទ្ធភាព ជូនដល់ស្ថាប័ន ពាក់ព័ន្ធទាំងនោះ រួមមាន ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, អគ្គលេខាធិការដ្ឋាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, សភាពាណិជ្ជកម្មកម្ពុជា ព្រមទាំងស្ថាប័ន ពាក់ព័ន្ធ វិស័យឯកជន និងដៃគូអភិវឌ្ឍន៍មួយចំនួនទៀតជាដើម។
ដើម្បីឱ្យការបម្រើសាវាសាធារណៈ របស់ក្រសួងពាណិជ្ជកម្ម ឱ្យកាន់តែមានប្រសិទ្ធភាព ខ្ពស់ និងកាន់តែទទួលបាន ទំនុកចិត្តពីប្រជាពលរដ្ឋ លោក ប៉ាន សូរស័ក្តិ បានណែនាំ ដល់មន្រ្តី និងអង្គភាពក្រោមឱវាទ ក្រសួងពាណិជ្ជកម្ម នូវកិច្ចការអាទិភាព មួយចំនួន ដូចជា ត្រូវឲ្យបន្តខិតខំធ្វើការ និងសហការឱ្យបានល្អប្រសើរ ជាមួយមន្ទីរសេដ្ឋកិច្ច និងហិរញ្ញវត្ថុ រាជធានី-ខេត្ត ឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់, ត្រូវបញ្ជូនមន្ត្រី ទៅទទួលការបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស ឱ្យបានច្រើន ឱ្យចំជំនាញ និងចំទីតាំង ដើម្បីឱ្យមន្ត្រីដែលបានទទួល ការបណ្តុះបណ្តាល អាចប្រើប្រាស់ចំណេះដឹង បានចំគោលដៅ និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តស្វែងរកដៃគូផ្តល់ជំនួយ ក្នុងការបណ្តុះបណ្តាល ទាំងរយៈពេលខ្លី មធ្យម និងវែងបន្ថែមទៀត។
លោករដ្ឋមន្រ្តី បានបន្ថែមថាៈ ចំពោះបញ្ហា និងសំណូមពរផ្សេងៗ ពាក់ព័ន្ធនឹងការងារនានា យើងត្រូវពន្លឿន ក្នុងការត្រួតពិនិត្យ និងដោះស្រាយជាបន្ទាន់, ត្រូវស្វែងរកអ្នកជំនាញការ ទីប្រឹក្សា និងជំនួយបច្ចេកទេស ដែលផ្តល់ដោយអង្គការជាតិ អន្តរជាតិ និងដៃគូអភិវឌ្ឍន៍ ក្នុងការសហការជួយជំរុញ ដល់វិស័យពាណិជ្ជកម្ម និងត្រូវបញ្ជូនមន្ត្រីទៅទទួល ការបណ្តុះបណ្តាល ក្នុងនិងក្រៅប្រទេស ឱ្យបានច្រើន ឱ្យចំជំនាញ និងចំទីតាំង ដើម្បីឱ្យ មន្ត្រីដែលបានទទួលការបណ្តុះបណ្តាល អាចប្រើប្រាស់ចំណេះដឹង បានចំគោលដៅ និងមានប្រសិទ្ធភាព ជាពិសេសត្រូវបន្តស្វែងរកដៃគូផ្តល់ជំនួយ ក្នុងការបណ្តុះបណ្តាល ទាំងរយៈពេលខ្លី មធ្យម និងវែងបន្ថែមទៀត ។ល។
គិតត្រឹមបំណាច់ឆ្នាំ២០២២ ការដោះដូរពាណិជ្ជកម្ម រវាងប្រទេសកម្ពុជា និងទីផ្សារ អន្តរជាតិ សម្រេចបានទំហំទឹកប្រាក់ ចំនួនប្រមាណ ៥២,៤២ ប៊ីលានដុល្លារអាម៉េរិក ស្មើនឹងកំណើន ៩,១ ភាគរយ បើធៀបនឹងទិន្នន័យ ឆ្នាំ២០២១។ ក្នុងនោះ ការនាំចេញ ពីកម្ពុជា មានចំនួនប្រមាណ ២២,៤៨ ប៊ីលានដុល្លារអាម៉េរិក កើនងឡើង ១៦ ភាគរយ។ ដោយឡែក ការនាំចូលមកកម្ពុជា មានចំនួនប្រមាណ ២៩,៩៤ ប៊ីលានដុល្លាអាម៉េរិក កើនឡើងប្រមាណ ៤ ភាគរយ៕ V / N