​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស,បំណង (​ស្ត្រេត​ថែមស៍,បាងកកប៉ុស្តិ៍​) ៖ ប៉ូលិស​ថៃ​បាន​សុំទោស​ចំពោះ​ឧបទ្ទវហេតុ​មួយ ដែល​ប៉ូលិស​បាន​ជំរិត​ទារប្រាក់​ពី​តារា​សម្ដែង​តៃវ៉ាន់​ម្នាក់ ដែល​បាន​មកលេង​ទីក្រុង​បាងកក​។​

​តារា​សម្ដែង នាង ឆា​លីន អាន (Charlene An)​បាន​បង្ហោះ​នៅលើ​បណ្ដាញ​សង្គម​ថា នាង​បាន​ចេញ​ទៅ​ក្រៅ​ជាមួយ​មិត្តភក្តិ​កាលពី​ព្រលឹម​ថ្ងៃ​ទី ៥ ខែ​មករា​នៅ​ពេល​ដែល​មាន​ហេតុការណ៍​នេះ​កើត​​ឡើង​។​

​នាង​បាន​និយាយថា ពួកគេ​កំពុង​ធ្វើដំណើរ​តាម​តាក់ស៊ី Grab​បន្ទាប់​ពី​ដើរលេង​ពេញ​មួយ​យប់​ក្នុង​រាជធានី​ថៃ នៅពេលដែល​ពួកគេ​ត្រូវ​បាន​ឃាត់​និង​ឆែកឆេរ​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​។​

​នាង​អាន អាយុ ៣៣ ឆ្នាំ​បាន​និយាយថា នាង​ត្រូវបាន​គំរាម​ចោទ​ពី​បទ​មាន​ឧបករណ៍​ជក់​ឬ​បារី​អេឡិចត្រូនិក​។ នាង​បាន​បង់ប្រាក់​ចំនួន ២៧.០០០ បាត​មុនពេល​នាង​និង​មិត្តភក្តិ​របស់​នាង​អាច​​ចាក​ចេញ​បាន​។​

​ការចោទប្រកាន់​របស់​នាង​អាន​ប្រឆាំង​នឹង​ប៉ូលិស​ថៃ​បាន​ទាក់ទាញ​ចំណាប់​អារម្មណ៍​អ្នកលេង​អ៊ីនធឺណិត​ទាំង​នៅ​តៃវ៉ាន់​និង​ថៃ​។ ដំបូង​ឡើយ ប៉ូលិស​ថៃ​បាន​ជំទាស់​នឹង​ការអះអាង​របស់​នាង​ប៉ុន្តែ​គណៈ​​កម្មា​ធិ​ការស្វែងរក​ការពិត​មួយ​ត្រូវបាន​បង្កើតឡើង​នៅ​ថ្ងៃទី ២៦ ខែ​មករា ដើម្បី​ស៊ើបអង្កេត​ករណីនេះ​។​

​កាលពី​ថ្ងៃ​ចន្ទ ក្រុម​ស្រាវជ្រាវ​រក​ការពិត​បាន​ចោទប្រកាន់​មន្ត្រីប៉ូលិស​ទាំង ៧ នាក់​នោះ​។​

​ក្រុម​ស្រាវជ្រាវ​បាន​ចោទប្រកាន់​ពួកគេ​ពីបទ “​ប្រព្រឹត្ត​ខុស​ឬ​ប្រព្រឹត្ត​ទង្វើ​មិន​គួរ​ឱ្យ​ទុក​ចិត្ត​ដើម្បី​បង្ក​ការខូចខាត​ដល់​បុគ្គល​ណាមួយ ឬ​ប្រព្រឹត្ត​ការ​មិន​គោរព​កាតព្វកិច្ច​ដោយ​ចេតនា​មិន​ស្មោះត្រង់​”។

នាង​អានដែលអះអាងថា​ត្រូវ​ប៉ូលិស​ថៃ​ជំរិត​ទារលុយ​២៧.០០០​បាត​អំឡុង​ពេល​នាង​មកលេង​បាងកក​កាលពី​ថ្ងៃទី​៥​មករា​កន្លងទៅ​

​ជុំវិញ​ឧបទ្ទវហេតុ​នេះ​ដែរ នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា បាន​និយាយថា​មន្ត្រី​ប៉ូលីស​ថៃ​ណា​ដែល​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារប្រាក់​ពី​តារា​តៃវ៉ាន់​រូប​នេះ​ត្រូវតែ​ប្រឈមការពិន័យនិង​បណ្តឹង​ទៅ​តុលាការ​។​

នាយករដ្ឋមន្ត្រី​ថៃ​លោក​ប្រា​យុទ្ធ ចាន់​អូ​ចា ប្រតិកម្មនឹងព័ត៌មានថា ប៉ូលីសថៃជំរិតទារប្រាក់ពីទេសចរ

​ដោយ​ថា​វា​ប៉ះពាល់​ដល់​វិស័យ​ទេសចរណ៍​ថៃ ឧត្តមសេនីយ៍ប្រា​យុទ្ធ បាន​និយាយថា មន្ត្រី​ប៉ូលីស​ណា​មាន​ជាប់​ពាក់ព័ន្ធ​នឹង​ការ​ជំរិត​ទារលុយ​ពី​ទេសចរ​ត្រូវតែ​កែ​តំរូវ​និង​ទទួល​វិន័យ ហើយ​បើ​ច្បាស់​ថា​ពួកគេ​​បាន​ប្រព្រឹត្តល្មើស​«​ពួកគេ​ត្រូវ​ប្រឈម​ការពិន័យ​ផង​និង​ចំណាត់ការ​ផ្លូវច្បាប់​ផង​»​។​

​លោក​បាន​បន្តថា​« នៅ​មាន​ប៉ូលិស​មិន​ត្រឹមត្រូវ​ជា​ច្រើន តែ​យើង​ត្រូវ​កំចាត់​ប៉ូលីស​ខិលខូច​ជាមុនសិន​»​។​

​មេប៉ូលីស​ថៃ ឧត្តមសេនីយ៍ដាំ​រ៉ុង​សាក់ គិត​ទី​ប្រា​ផា​ស បាន​ចេញ​មក​សុំ​ទោស​អ្នក​ដែល​រង​ផល​ប៉ះពាល់​ពី​អំពើ​របស់​កូនចៅ​លោក​និង​ថា​ប៉ូលីស​ភាគច្រើន​បំផុត​បា​ន​លះបង់​បំពេញ​ភារកិច្ច​របស់​ខ្លួន​។​

​ការស៊ើបអង្កេត​រឿងនេះ​អាច​ទៅដល់​តៃវ៉ាន់​និង​សិង្ហ​បុរី កន្លែង​ដែល​ជនរងគ្រោះ​ស្នាក់នៅ ហើយ​ប្រភព​ព័ត៌មាន​បាន​និយាយថា ប៉ូលីស​១៤​នាក់​ត្រូវបាន​ហៅ​មក​សាកសួរ​តែ​ពួកគេ​បាន​បដិសេធ​ថា​មិន​​បាន​ប្រព្រឹត្ត​ដូច​ការចោទប្រកាន់​ទេ​៕