ប្រែសម្រួល : កញ្ញាដាលីស (បាងកកប៉ុស្តិ៍) ៖ នាយករដ្ឋមន្ត្រីប្រាយុទ្ធ ចាន់អូចាបានអំពាវនាវឱ្យបញ្ចប់ការឈ្លោះប្រកែកគ្នា “ឥតខ្លឹមសារ” ជុំវិញថាតើប្រដាល់ប្រពៃណីគួរហៅថាមួយថៃឬគុនខ្មែរ ជាពាក្យដែលកម្ពុជាប្រើសម្រាប់ទទួលព្រឹត្តិការណ៍ SEA Games នៅខែឧសភា។
ឧត្តមសេនីយ៍ប្រាយុទ្ធបានថ្លែងបែបនេះក្នុងអំឡុងពេលចុះទៅចូលរួមព្រឹត្តិការណ៍មួយរៀបចំដោយក្រសួងវប្បធម៌នៅអគារសន្តិមន្ត្រីរបស់វិមានរដ្ឋាភិបាលដើម្បីជំរុញផ្សព្វផ្សាយទិវាកីឡាមួយថៃ ដែលនឹងមកដល់នៅថ្ងៃទី ៦ កុម្ភៈ មុនពេលចូលរួមកិច្ចប្រជុំគណៈរដ្ឋមន្ត្រីប្រចាំសប្តាហ៍។
ជម្លោះជុំវិញឈ្មោះកីឡាប្រដាល់នេះបានផ្ទុះឡើងនៅពេលកម្ពុជាដែលជាម្ចាស់ផ្ទះ SEA Games នាពេលខាងមុខ បានប្តូរឈ្មោះព្រឹត្តិការណ៍នេះពីមួយថៃទៅគុនខ្មែរ ដោយលើកឡើងថាក្បាច់គុនបុរាណនេះមានប្រភពដើមចេញពីវប្បធម៌ខ្មែរ ទោះបីជាឈ្មោះមួយថៃល្បីល្បាញនៅលើពិភពលោកក៏ដោយ។
លោកប្រាយុទ្ធបាននិយាយថា “មួយថៃជាផ្នែកមួយនៃវប្បធម៌ថៃជាយូរមកហើយ ហើយយើងមានមោទនភាពចំពោះវា។ ប៉ុន្តែវាមិនចាំបាច់សម្រាប់យើងទៅឈ្លោះជាមួយនរណានោះទេ។គ្មាននរណាម្នាក់អាចយកអ្វីដែលជាកម្មសិទ្ធិរបស់យើងបានទេ។ មិនថានរណានិយាយអ្វីនោះទេ វាមិនគួរវិវត្តទៅជាជម្លោះនោះទេ។ សូមបញ្ឈប់ការឈ្លោះប្រកែកនេះទៅ”។
នាយករដ្ឋមន្ត្រីនិយាយថាមានការឈ្លោះគ្នាអំពីឈ្មោះកីឡាប្រដាល់នេះនៅលើបណ្តាញសង្គម។ លោកនិយាយថា “ការធ្វើបែបនេះគ្មានន័យនោះទេ។ យើងដឹងថាអ្វីជាអ្វីហើយ”។
លោកប្រាយុទ្ធបានចូលរួមក្នុងការផ្សព្វផ្សាយក្បាច់គុនមួយថៃ ដោយបង្អួតជំនាញប្រដាល់របស់គាត់ជាមួយអ្នកប្រយុទ្ធមួយថៃ ដោយញ៉ាំងឱ្យបរិយាកាសរស់រវើក និងទាក់ទាញការទះដៃអបអរ៕
ក្នុងពេលចូលរួមក្នុងការផ្សព្វផ្សាយក្បាច់គុនមួយថៃ លោកប្រាយុទ្ធនិយាយថា “មួយថៃ” នឹងនៅតែជារបស់ថៃជារៀងរហូត