ដោយៈ ទេព មង្គល / ភ្នំពេញៈ ក្រសួងសុខាភិបាល បានចេញសេចក្តីជូនព័ត៌មានមួយ ស្ដីពីការស្រាវជ្រាវ រកឃើញ ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® គ្មានលេខបវេទន៍ ពីក្រសួងសុខាភិបាលនោះហើយបានហាមទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងនេះ ព្រោះផលិតផលនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ ការបាត់បង់អាយុជីវិត ទៀតផង ។
ពាក់ព័ន្ធនឹងករណីនេះ ក្រសួងសុខាភិបាល បានជម្រាបជូនដល់សាធារណជនទាំងអស់ ឱ្យបានជ្រាបថាៈ ក្រសួងសុខាភិបាល ពិនិត្យឃើញមានការនាំចូល ចែកចាយ ឬផ្សព្វផ្សាយ លក់ផលិតផលគ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® ជាច្រើនមុខ គ្មានលេខប្រវេទន៍ ពីក្រសួងសុខាភិបាល គិតត្រឹមថ្ងៃទី៩ ខែមករា ឆ្នាំ២០២៣។
អនុលោមតាមច្បាប់ ស្តីពីការគ្រប់គ្រងឱសថ និងច្បាប់ស្តីពីវិសោធនកម្មច្បាប់ ស្តីពីការគ្រប់គ្រងឱសថ ក្រសួងសុខាភិបាល បានក្រើនរំលឹកថាៈ ដូច្នេះ សូមប្រជាពលរដ្ឋ មុននឹងទិញផលិតផល គ្រឿងសម្អាងគ្រប់ប្រភេទ សូមពិនិត្យមើល លតាបត្រប្រវេទន៍ ដែលមានបិទលើសំបកវេចខ្ចប់ ហើយលតាបត្រ ដែលត្រឹមត្រូវ គឺមានពីរផ្នែក ១-ផ្នែកខាងលើ មានឈ្មោះ គ្រឹះស្ថានអាហរ័ណ នីហរណឱសថ ឬផលិតផលគ្រឿងសំអាង ២-ផ្នែកខាងក្រោម មានលេខប្រវេទន៍ ដូចមានគំរូភ្ជាប់ ជាមួយ។
ក្រសួងសុខាភិបាល សូមជូនព័ត៌មានដល់បងប្អូន ប្រជាពលរដ្ឋទាំងអស់ មិនត្រូវទិញ និងប្រើប្រាស់ផលិតផល គ្រឿងសម្អាងម៉ាក VIBRANT GLAMOUR® នេះឡើយ ព្រោះផលិតផលនេះ អាចបណ្តាលឱ្យប៉ះពាល់ដល់ សុខភាពធ្ងន់ធ្ងរ ឬឈានដល់ ការបាត់បង់អាយុជីវិត ទៀតផង។
បន្ទាប់ពីការផ្សព្វផ្សាយសេចក្តីជូនព័ត៌មានផលិតផលខាងលើនេះរួចហើយ បើសិនមានម្ចាស់គណនីបណ្តាញ សង្គមហ្វេសប៊ុក និងជនពាក់ព័ន្ធណាមួយ នៅតែបន្តនាំចូល ចែកចាយ ឬលក់ ផលិតផលខាងលើនេះ ជាបន្តទៀត នឹងត្រូវទទួលទោសបញ្ញត្តិ តាមច្បាប់ជាធរមាន៕/V