សង្ខេប​ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែកក្កដា ឆ្នាំ​២០១៨

1400
ចែករម្លែក

​ដោយ : វិបុល / ភ្នំពេញ ៖ ព័ត៌មាន​សំខាន់ៗ​ប្រចាំ​ថ្ងៃទី​១១ ខែកក្កដា រួមមាន​ដូចតទៅ ៖

*​ប្រមុខ​រាជរដ្ឋាភិបាល​ផ្ញើ​សារ​រំលែក​ទុក្ខ​ជូន​ចំពោះ​នាយករដ្ឋមន្ត្រី និង​ប្រជាជន​ជប៉ុន

​សម្តេច អគ្គមហាសេនាបតី​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា បាន​ផ្ញើលិខិត​១​ច្បាប់​ជូន នាយករដ្ឋមន្ត្រី​ជប៉ុន ស៊ីន​ហ្សូ អា​បេ ( Shinzo Abe) ដើម្បី​ចូលរួម​រំលែក​ទុក្ខ​ជាមួយ​រដ្ឋាភិបាល​ជប៉ុន និង​ប្រជាជន​ជប៉ុន ចំពោះ​ករណី​គ្រោះទឹកជំនន់ ដែល​បណ្តាល​ឲ្យ​ពលរដ្ឋ​ជប៉ុន​ស្លាប់​កើន​ដល់ ១៧៩​នាក់ បាត់​ខ្លួន​ជាង ៥០​នាក់ និង រងរបួស​ជាច្រើន​នាក់ ៕

*​ដំណើរ​ការចែក​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត បាន​ជិត ៨​លាន​នាក់​

​គណៈកម្មាធិការ​ជាតិ​រៀបចំ​ការបោះឆ្នោត ហៅ​កាត់​ថា គ​.​ជ​.​ប​. បានប្រកាសថា ដំណើរ​ការចែក​ប័ណ្ណ​ព័ត៌មាន​អ្នកបោះឆ្នោត គិត​ចាប់ពី​ថ្ងៃទី​៦ ខែមិថុនា ដល់​ថ្ងៃទី​៥ ខែកក្កដា ឆ្នាំ​២០១៨ គឺ​នៅ​ទូទាំងប្រទេស បានផ្តល់​ប័ណ្ណ​ព័ត៌មាន​ដល់​អ្នកបោះឆ្នោត​សរុប​ចំនួន ៧.៩០១.៣៤៣ នាក់ ស្មើនឹង ៩៤,២៩​ភាគរយ នៃ​ចំនួន​អ្នកបោះឆ្នោត​សរុប ៨.៣៨០.២១៧ នាក់ ៕

*​នឹងមាន​ការ​ចល័ត​កម្លាំង​ប៉េអឹម​ជិត​១​ពាន់​នាក់ ពី​ភ្នំពេញ​ទៅ​ខេត្តស្វាយរៀង យប់​ថ្ងៃទី​១២​កក្កដា​

​កម្លាំង កងរាជអាវុធហត្ថ​ជិត ១០០០​នាក់ នឹងធ្វើ​ការ​ចល័ត​ម្លាំ​ង​ពី​សាលា​កងរាជអាវុធហត្ថ​កំបូល និង​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​ភ្នំ​ជុំ​រាយ ទៅកាន់​ខេត្តស្វាយរៀង នៅ​យប់​ថ្ងៃទី​១២ ខែកក្កដា ស្អែក ដើម្បី​ចូលរួម​ក្នុង​ពិធី​អបអរសាទរ​ខួប​អនុស្សាវរីយ៍​លើក​ទី​២៥ ទិវា​កងរាជអាវុធហត្ថ នៅ​ថ្ងៃទី​១៤ ខែកក្កដា ៕

*​អង្គភាព​ប្រឆាំង​អំពើពុករលួយ ទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ប្រឡង​បាក់​ឌុប បាន​គ្រប់​ចំនួន​

​អង្គភាព ប្រឆាំង​អំពើពុករលួយ បានប្រកាសថា ក្រោយពី​ចាប់ផ្តើម​ទទួល​ពាក្យស្នើសុំ​ចុះឈ្មោះ​ចូលរួម​សង្កេតការណ៍​ការប្រឡង សញ្ញាបត្រ​មធ្យមសិក្សា​ទុតិយភូមិ ឬ​ការប្រឡង​បាក់​ឌុប​នា​សម័យ​ប្រឡង​( ថ្ងៃទី​២០ ខែសីហា ឆ្នាំ​២០១៨ )​កាលពី​ថ្ងៃទី​៤ ខែកក្កដា តាម​ប្រព័ន្ធ​តេ​ឡេ​ក្រាម ក្រុម “BacII Obs 2017-2018” និង​មក​ដាក់​ផ្ទាល់​នៅ​អង្គភាព​ប្រឆាំង​អំពើពុករលួយ​រួចមក នៅ​ថ្ងៃទី​១០ ខែកក្កដា អង្គភាព បានទទួល​ចុះឈ្មោះ​អ្នកសង្កេតការណ៍​ស្ម័គ្រ​ចិត្តបាន​គ្រប់​ចំនួន​កំណត់ ។​ដូច្នេះ​អង្គភាព​ប្រឆាំង​អំពើពុករលួយ សូម​បិទ​ការទទួល​ពាក្យ ចាប់ពី​ថ្ងៃទី​១០ ខែកក្កដា វេលា​ម៉ោង ២:៣០ រសៀល​តទៅ ៕

*​ដំណាច់​ឆមាស​ទី​១ ឥណទាន​ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​មាន​កំណើន​ល្អប្រសើរ​

​ឥណទាន ក្នុង​វិស័យ​មីក្រូហិរញ្ញវត្ថុ​កម្ពុជា​នៅតែមាន​កំណើន​ល្អប្រសើរ​ក្នុង ដំណាច់ត្រីមាស​ទី​២​ឆ្នាំនេះ ធៀប​រយៈពេល​ដូចគ្នា​កាលពី​ឆ្នាំមុន ជាមួយ​ទំហំ​ប្រាក់​បញ្ញើ​មាន​សុខ​ភាពល្អ​ផងដែរ ៕

*​ការប្រើប្រាស់​ប្រាក់រៀល​មាន​សារៈសំខាន់​សម្រាប់​ពលរ​ដ្ឋ​និង​សង្គម​

​របាយការណ៍​ប្រចាំឆ្នាំ​របស់​ធនាគារជាតិ នៃ​កម្ពុជា បានឱ្យដឹងថា ក្នុង​ឆ្នាំ​២០១៧ កម្ពុជា​បាន​ចាក់​បញ្ចូល​ប្រាក់រៀល​ប្រមាណ ៣,៧ ពាន់​លាន​រៀល តាមរយៈ​ការទិញ​ប្រាក់​ដុល្លារ​អាមេរិក ដែលមាន​តម្លៃ​សរុប ៩១៥​លាន ដុល្លារ​អាមេរិក​ដោយ​កើនឡើង ប្រមាណ ១១,៤% បើ​ធៀប​នឹង​ឆ្នាំ​២០១៦ ៕

* ក្មេងប្រុស​២​នាក់​លង់ទឹក​ស្លាប់​នៅ​ស្រុក​គូលែន​

​ក្មេងប្រុស ចំនួន​២​នាក់​បាន​លង់​ទឹកស្រះ​ស្លាប់​គួរឱ្យ​សង្វេគ​ពេល​ម្តាយ​របស់​ពួកគេ ជាបរវល់​ការងារ​។​គ្រោះ​អកុសល​នេះ​បាន​កើតឡើង​ស្ថិតក្នុង​ភូមិ​ក្របៅ ឃុំ​គូលែន​ត្បូង ស្រុក​គូលែន ខេត្តព្រះវិហារ​កាលពីរ​សៀ​ល​ថ្ងៃទី​១០​ខែកក្កដា​ឆ្នាំ​២០១៨ ៕

ទីតាំងផ្សាយពាណិជ្ជកម្ម