ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រសួងពាណិជ្ជកម្មកូរ៉េខាងត្បូងបាននិយាយកាលពីថ្ងៃពុធទី១កុម្ភៈថាកូរ៉េខាងត្បូងបានកត់ត្រាឃើញឱនភាពពាណិជ្ជកម្មប្រចាំខែដ៏ធំបំផុតរបស់ខ្លួនដែលមិនធ្លាប់មានគឺ ១២,៧ ពាន់លានដុល្លារក្នុងខែមករា ខណៈការនាំចេញបន្ទះឈីបកុំព្យូទ័រនិងរបស់របរបច្ចេកវិជ្ជាខ្ពស់ផ្សេងទៀតបានធ្លាក់ចុះហើយការចំណាយសម្រាប់ការនាំចូលប្រេងនិងឧស្ម័នបានកើនឡើង។
ឱនភាពខ្លាំងឡើងនេះបានគូសបញ្ជាក់ពីរបៀបដែលសង្គ្រាមរបស់រុស្ស៊ីលើអ៊ុយក្រែនកំពុងធ្វើឱ្យប៉ះពាល់សេដ្ឋកិច្ចពិភពលោកកាន់តែខ្លាំងដោយរក្សាតម្លៃសម្រាប់ធនធានសំខាន់ៗដូចជាប្រេងឆៅនិងនីកែលឱ្យនៅខ្ពស់ បើទោះបីជាធនធានទាំងនេះបានថយចុះតម្លៃពីការឡើងថ្លៃក្នុងឆ្នាំ ២០២២ ក៏ដោយ។
សេដ្ឋកិច្ចពឹងផ្អែកលើការនាំចេញរបស់កូរ៉េខាងត្បូងបានកត់ត្រាឱនភាពរយៈពេល១១ខែជាប់ៗគ្នា ដែលជារយៈពេលវែងបំផុតចាប់តាំងពីឆ្នាំ ១៩៩៧ នៅពេលដែលវិបត្តិហិរញ្ញវត្ថុអាស៊ីជិតមកដល់។
ការនាំចេញបន្ទះឈីបកុំព្យូទ័រ ដែលជាផលិតផលសំខាន់បំផុតរបស់កូរ៉េខាងត្បូង បានធ្លាក់ចុះជិត៤៥ ភាគរយកាលពីខែមុនធៀបនឹងឆ្នាំមុន ដោយសារតែតម្រូវការធ្លាក់ចុះនិងតម្លៃបន្ទះឈីបធ្លាក់ចុះ នេះបើយោងតាមក្រសួងពាណិជ្ជកម្ម ឧស្សាហកម្ម និងថាមពលរបស់កូរ៉េខាងត្បូង។
ទិន្នន័យពាណិជ្ជកម្មនេះត្រូវបានចេញផ្សាយបន្ទាប់ពីក្រុមហ៊ុនអេឡិចត្រូនិកយក្សកូរ៉េខាងត្បូង Samsung Electronics បានរាយការណ៍ថាប្រាក់ចំណេញរបស់ខ្លួនសម្រាប់ត្រីមាសចុងក្រោយបានធ្លាក់ចុះជិត ៧០ ភាគរយ នៅក្នុងអ្វីដែលខ្លួនពណ៌នាថាជាបរិយាកាសអាជីវកម្មដែលកាន់តែយ៉ាប់យ៉ឺនបំផុតសម្រាប់ផលិតផលបន្ទះឈីបនិងផលិតផលអេឡិចត្រូនិកផ្សេងទៀតរបស់ខ្លួន។
ការផលិតបន្ទះឈីបគឺមានលក្ខណៈជាវដ្តកម្រិតខ្ពស់មួយ ហើយឧស្សាហកម្មបច្ចេកវិជ្ជាបានផ្លាស់ប្តូរពីកង្វះខាតបន្ទះឈីបយ៉ាងធ្ងន់ធ្ងរទៅជាសម្បូរហូរហៀរ។
ក្រុមហ៊ុន Samsungបាននិយាយថា តម្លៃបន្ទះឈីបបានធ្លាក់ចុះយ៉ាងខ្លាំង ចំពេលតម្រូវការកំពុងដាំក្បាលចុះ ខណៈអតិថិជនកែសម្រួលស្តុករបស់ពួកគេ ក្នុងពេលប្រឈមមុខនឹង”ភាពមិនច្បាស់លាស់កាន់តែស៊ីជម្រៅ” នៅក្នុងសេដ្ឋកិច្ចពិភពលោក ជាបញ្ហាមួយដែលក្រុមហ៊ុននិយាយថាទំនងជានឹងបន្លាយពេលរហូតដល់ត្រីមាសនេះ។
កាលពីថ្ងៃពុធដដែល ក្រុមហ៊ុន SK Hynix ដែលផលិតបន្ទះឈីបដ៏ធំមួយរបស់កូរ៉េខាងត្បូង បានរាយការណ៍ពីការខាតបង់ប្រតិបត្តិការចំនួន ១,៧ ទ្រីលានវ៉ុន (១,៤ ពាន់លានដុល្លារ)សម្រាប់រយៈពេលពីខែតុលាដល់ខែធ្នូ ដែលជាឱនភាពប្រចាំត្រីមាសដំបូងបង្អស់របស់ខ្លួនចាប់តាំងពីឆ្នាំ ២០១២៕
កុងតឺន័រកំពុងលើកដាក់នៅកំពង់ផែប៊ូសានដ៏ធំរបស់កូរ៉េខាងត្បូង