ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ដូដូ (Dodo)គឺជាសត្វផុតពូជដ៏ល្បីល្បាញបំផុតមួយនៅលើភពផែនដី ប៉ុន្តែតើវាមានឱកាសអាចរស់ឡើងវិញបានទេ?
ពិតណាស់ ជាមួយនឹងភាពជឿនលឿនផ្នែកវិទ្យាសាស្ត្រនិងដោយសារការរៀបចំលំដាប់ហ្សែនទាំងមូលដោយជោគជ័យលើកដំបូងរបស់បក្សីអត់ចេះហោះមួយនេះកាលពីឆ្នាំមុន អ្នកជំនាញគិតថា លទ្ធភាពមានជីវិតឡើងវិញគឺពិតជាអាចទៅរួច។
ក្រុមហ៊ុនអាម៉េរិកថ្មីថ្មោង Colossal Biosciences ដែលមានមូលដ្ឋាននៅទីក្រុងដាល់ឡាស រដ្ឋតិចសាស់ ទើបតែបង្ហាញផែនការដើម្បីឱ្យមានពូជដូដូឡើងវិញ បន្ទាប់ពីផុតពូជកាលពីជាង ៣៥០ ឆ្នាំពីប្រទេសកោះម៉ូរីសក្នុងសតវត្សទី ១៧។
ក្រុមហ៊ុននេះនឹងចាក់បញ្ចូលទឹកប្រាក់ចំនួន ១៥០លានដុល្លារទៅក្នុងគម្រោងថ្មីនេះ ដែលនឹងដំណើរការរួមគ្នាជាមួយនឹងការបណ្តាក់ទុនដែលបានប្រកាសពីមុនដើម្បីនាំយកដំរីម៉ាំមុត និងខ្លាតាស្មេនៀន (Tasmanian) ដែលផុតពូជ ឱ្យមានជីវិតឡើងវិញ។
ដើម្បីសម្រេចរឿងមួយនេះបាន អ្នកវិទ្យាសាស្ត្រដំបូងត្រូវរៀបចំហ្សែនទាំងមូលរបស់ដូដូពីសំណាកឆ្អឹងនិងបំណែកផ្សេងទៀត ដែលឥឡូវនេះបានធ្វើរួចរាល់ហើយ។
បន្ទាប់មក ពួកគេត្រូវកែហ្សែន-កោសិកាស្បែករបស់សាច់ញាតិរស់ជិតដិតបំផុតរបស់វា ដែលក្នុងករណីរបស់ដូដូគឺសត្វព្រាបនីកូបា (Nicobar) ចឹងទើបហ្សែនរបស់វាត្រូវគ្នានឹងបក្សីដែលបានផុតពូជនេះ។
កោសិកាដែលកែហ្សែននេះត្រូវប្រើដើម្បីបង្កើតអំប្រ៊ីយ៉ុង តាមរបៀបដូចគ្នាទៅនឹងចៀមឈ្មោះដូលលី (Dolly) ក្នុងឆ្នាំ ១៩៩៦ ហើយត្រូវនាំយកទៅមេពរពោះជំនួសមួយក្បាល។
អ្នកវិទ្យាសាស្ត្រសង្ឃឹមថា កូនដែលញាស់នឹងមានលក្ខណៈស្រដៀងនឹងសត្វព្រាបនីកូបានិងបក្សីដូដូ។
ពួកគេមានបំណងឱ្យវាកើតមកក្នុងរយៈពេលប្រាំមួយឆ្នាំទៀត៕
ប្រាំមួយឆ្នាំទៀតអ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងធ្វើឱ្យបក្សីដូដូរស់ឡើងវិញ