ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ Chelsea បានចុះហត្ថលេខាទិញកីឡាករ អិនហ្សូ ហ្វើណង់ដេស (Enzo Fernandez) ក្នុងតម្លៃឯតទគ្គកម្មរបស់អង់គ្លេស ១០៧ លានផោនបន្ទាប់ពីបានយល់ព្រមលើកិច្ចព្រមព្រៀងជាមួយ Benfica នៅថ្ងៃផុតកំណត់បិទទីផ្សារទិញដូរកីឡាករ។
ការទិញកីឡាករគោលដៅលេខ ១ ប្រចាំខែមករារបស់ Chelsea បានឈានទៅដល់នាទីចុងក្រោយនៃទីផ្សារដោះដូរកីឡាករខណៈក្លិបទាំងពីរបានចំណាយពេលកាលពីថ្ងៃអង្គារពិភាក្សាគ្នាយ៉ាងយូរជុំវិញការផ្ទេរកីឡាករអន្តរជាតិអាហ្សង់ទីនរូបនេះ។
នៅចំណុចមួយ វាហាក់ដូចជា Chelseaហៀបនឹងបរាជ័យក្នុងការទទួលបានកិច្ចព្រមព្រៀងសម្រាប់កីឡាករវ័យ ២២ ឆ្នាំរូបនេះទៅហើយប៉ុន្តែភាគីទាំងពីរទីបំផុតបានធ្វើការទម្លាយភាពទាល់ច្រកនៅប៉ុន្មាននាទីមុនម៉ោង ១១ យប់។ ហ្វើណង់ដេសនឹងចុះហត្ថលេខាលើកិច្ចសន្យារយៈពេលប្រាំបីឆ្នាំកន្លះរហូតដល់ខែមិថុនា ឆ្នាំ ២០៣១។
Benfica បានបញ្ជាក់ពីការផ្ទេរនេះនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅព្រឹកព្រលឹមថ្ងៃពុធទី១កុម្ភៈបន្ទាប់ពីក្លិបបានបញ្ចប់ឯកសារចាំបាច់មុនថ្ងៃផុតកំណត់។
ម្ចាស់សហគ្រប់គ្រងរបស់ Chelsea លោក បេដាដ អេកបាលី (Behdad Eghbali) ដែលបានផ្តល់ការយល់ព្រមលើការផ្ទេរកីឡាករជូជីញ៉ូ (Jorginho) ទៅ Arsenal កាលពីថ្ងៃអង្គារ បានដឹកនាំការចរចាសម្រាប់ម្ចាស់ជើងឯកវើលខាប់រូបនេះជាមួយ Benfica ពីទីក្រុងឡុងដ៍៕
អិនហ្សូនឹងលេងឱ្យ Chelsea រហូតដល់ខែមិថុនា ឆ្នាំ២០៣១