ដោយៈ គង់​ហេង​/ កំពង់ចាម​៖ លោក អ៊ុន ចាន់​ដា អភិបាលខេត្ត​កំពង់ចាម នឹង​ជំរុញ​ឱ្យ​ខាង​វិស្វកម្ម​របស់​ក្រសួងការពារជាតិ ដែលជា​អ្នកទទួល​សិទ្ធិ​សាងសង់​ផ្លូវ​ប្រភេទ​ឌី​ប៊ី​អេស​ធី ( DBST) ប្រវែង​ជាង ១០ គីឡូម៉ែត្រ ដែលជា​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត ឱ្យបាន​ហើយ​រួចរាល់​បានធ្វើ​ដំណើរ នៅមុន​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ ខែកក្កដា ឆ្នាំ​២០២៣​នេះ​។​

​លោក​អភិបាលខេត្ត​កំពង់ចាម​បានធ្វើ​ការជំរុញ​បែបនេះ នៅ​ឱកាស​ដែល​លោក និង​លោក ចាន់ សា​វុ​ឌ្ឍ រដ្ឋលេខាធិការ​ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង​នេសាទ ព្រមទាំង​នៅ​ចំពោះមុខ​ប្រជាពលរដ្ឋ​អ្នកចូលរួម​ប្រមាណ​ជាង ១.០០០ នាក់ ក្នុង​ពិធីបើកការដ្ឋាន​ស្ថាបនា​ផ្លូវ​ក្រាល​កៅស៊ូ DBST មួយ​ខ្សែ​ប្រវែង ១២ គីឡូម៉ែត្រ និង​សំណង់​សិល្បការ របស់​រដ្ឋបាលខេត្ត​ចាប់ពី​ផ្លូវជាតិ​លេខ​៧១ ភូមិ​អន្លង់​ស្នូក ឃុំ​អូរ​ស្វាយ ដល់​ភូមិ​ល្ពា​ក ឃុំ​ស្រក ស្រុក​កំពង់សៀម នៅ​ព្រឹក​ថ្ងៃទី​១ កុម្ភៈ​នេះ​។​

​លោក អ៊ុន ចាន់​ដា បាន​មានប្រសាសន៍ថា ផ្លូវ​ចម្ងាយ ១២ គីឡូម៉ែត្រ​ដែល​យើង​បើក​ការដ្ឋាន​សាងសង់​នៅថ្ងៃនេះ គឺជា​អំណោយ​របស់លោក ហ៊ុន ម៉ា​ណែ​ត​។ ដោយ​ការពិតផ្លូវ​មួយ​នេះ​ស្ថិតក្នុង​គម្រោង​របស់​ក្រសួង​អភិវឌ្ឍន៍ជនបទ គឺពាក់ព័ន្ធ​នឹង​នីតិវិធី​ចំណាយ​របស់​ក្រសួង​នេះ​បានដាក់​ទៅតាម​ផែនការ​ឆ្នាំ​របស់ខ្លួន បង្កឱ្យមាន​ការអូសបន្លាយ​ពេលវេលា​លំបាក​ដល់​ការធ្វើដំណើរ​របស់​ប្រជាពលរដ្ឋ ជាពិសេស​នៅ​រដូវវស្សា​។​

​លោក​បាន​បន្ថែមថា អាជ្ញាធរ និង​មន្ត្រី​ជំនាញ​បាន​ចុះ​សិក្សា​វាយតម្លៃ​ជា​លទ្ធផល គឺមាន​ប្រជាពលរដ្ឋ​ប្រមាណ​២.០០០ គ្រួសារ ស្មើនឹង​ប្រហែល មួយ​ម៉ឺន នាក់​ជា​អ្នកទទួលផល​ដោយផ្ទាល់​។ កត្តា​នេះ​ប្រសិនបើ​ផ្លូវ​មួយ​ខ្សែ​នេះ​សាងសង់​ហើយ នឹងមាន​ភាព​មមាញឹក ប្រជាពលរដ្ឋ​មានការ​ប្រើប្រាស់​ច្រើន​ក្នុងការ​ធ្វើដំណើរ​។ លោក​ក៏បាន​រាយការណ៍​ពី​លទ្ធផល​នៃ​ការសិក្សា ជូន​លោក ហ៊ុន ម៉ា​ណែ​ត ហើយ​លោក​(​ហ៊ុន ម៉ា​ណែ​ត​) ក៏​ឱ្យ​លោក (​អ៊ុន ចាន់​ដា​) កាត់​បង្វែរ​ផ្លូវ​នេះ​ចេញពី​គម្រោង​ខាង​ក្រសួង​អភិវឌ្ឍន៍ជនបទ មកឱ្យ​ខាង​រដ្ឋបាល​ខេត្តកំពង់ចាម ជា​អ្នកដឹកនាំ​ស្ថាបនា​វិញ គឺ​រូបលោក​(​ហ៊ុន ម៉ា​ណែ​ត​) ជា​អ្នកផ្តល់​ធនធាន​ថវិកា និង​បាន​សុំ​ការគាំទ្រ​ពី​លោក អូន ព័ន្ធមុនីរ័ត្ន ជា​ឧបនាយករដ្ឋមន្ត្រី និង​ជា​រដ្ឋមន្ត្រីក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ​ដែលនាំឱ្យ​មានការ​បើក​ការដ្ឋាន​សាងសង់​ផ្លូវ​មួយ​ខ្សែ​នា​ថ្ងៃនេះ​។​

​លោក​បាន​បន្តថា តាម​ផែនការ នៃ​ការស្ថាបនា​របស់​ខាង​វិស្វកម្ម នឹងត្រូវ​រយៈពេល ប្រាំពីរ ខែ ប៉ុន្តែ​លោក​សូម​ជំរុញ ការសាងសង់​ផ្លូវ​ប្រវែង​ក្នុង​ឯកសារ ១១,៦០០ គីឡូម៉ែត្រ និង​ទទឹង ៧ ម៉ែត្រ បន្ថែម​ល្បឿន​ស្ថាបនា​ឱ្យ​រួចរាល់ នឹង​បានដាក់​សម្ភោ​ធ​ប្រើប្រាស់​ផ្លូវការ​នៅ​ចុងខែ​មិថុនា​ពោល គឺ​នៅមុន​បោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​នា​ខែកក្កដា ឆ្នាំ​២០២៣​នេះ​៕​/R