ដោយៈម៉េងឆៃ/ភ្នំពេញ៖ សហព្រះរាជអាជ្ញា នៃអង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា (អ.វ.ត.ក) បានសម្រេចផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។
យោងតាមសេចក្តីថ្លែងការណ៍របស់សហព្រះរាជអាជ្ញាស្តីពីការផ្ទេរលោក ខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាលកាលពីថ្ងៃទី១ ខែកុម្ភៈ បានបញ្ជាក់ថា លោកស្រី ជា លាង និងលោក Fergal Gaynor បានចេញសេចក្តីប្រកាសផ្ទេរ លោកខៀវ សំផន ទៅកាន់ពន្ធនាគារខេត្តកណ្តាល កាលពីថ្ងៃទី៣០ ខែមករា ឆ្នាំ២០២៣ ដើម្បីបន្តអនុវត្តទោសជាប់ពន្ធនាគារអស់មួយជីវិត ដែលការផ្ទេរនេះបានធ្វើឡើងតាមសំណើរបស់សហព្រះរាជអាជ្ញា សុំអនុវត្តទោសស្របតាមវិធាន ១១៣ នៃវិធានផ្ទៃក្នុង។
អ.វ.ត.ក គឺជាតុលាការជាតិនៅក្នុងប្រព័ន្ធច្បាប់ជាតិនៃព្រះរាជាណាចក្រកម្ពុជា ដែលមានអាជ្ញាធរកម្ពុជាជាអ្នកទទួលខុសត្រូវចុងក្រោយចំពោះទោសជាប់ពន្ធនាគាររបស់បុគ្គលទាំងអស់ ដែលត្រូវបានសម្រេចឱ្យមានពិរុទ្ធភាព និងផ្តន្ទាទោសនៅ អ.វ.ត.ក ឱ្យជាប់ពន្ធនាគារតាមច្បាប់កំណត់។
សេចក្តីថ្លែងការណ៍រួមបានបញ្ជាក់ថា ៖ «ដំណើរការផ្ទេរ បានឆ្លងកាត់ការពិភាក្សា និងក្រោយពីទទួលបានការបញ្ជាក់ធានាពីអគ្គនាយកដ្ឋានពន្ធនាគារ ព្រមទាំងពេលសហព្រះរាជអាជ្ញា បានចុះពិនិត្យពន្ធនាគារខេត្តកណ្តាលជាច្រើនលើកច្រើនសា។
សហព្រះរាជអាជ្ញាក៏បានដឹងផងដែរថា គណៈកម្មាធិការអន្តរជាតិនៃកាកបាទក្រហម បានធ្វើការចុះត្រួតពិនិត្យពន្ធនាគារទូទាំងប្រទេសកម្ពុជាជាទៀងទាត់ ក្នុងនោះរួមទាំងពន្ធនាគារខេត្តកណ្តាលផងដែរ»។
សូមបញ្ជាក់ថា ខៀវ សំផន ត្រូវបានចាប់ខ្លួនកាលពីថ្ងៃទី១៩ ខែវិច្ឆិកា ឆ្នាំ២០០៧ យកមកឃុំខ្លួនក្រោមសមត្ថកិច្ចនៃសហចៅក្រមស៊ើបអង្កេត ចំពោះបទចោទចូលរួមក្នុងឧក្រិដ្ឋកម្មដែលប្រព្រឹត្តឡើងក្នុងរបបខ្មែរក្រហម។ ក្រោយការស៊ើបអង្កេតពេញលេញ សហចៅក្រមស៊ើបអង្កេត បានសម្រេចបញ្ជូនទៅជំនុំជម្រះជម្រះ។ ក្រោយពិនិត្យឃើញស្ថានទម្ងន់បទឧក្រិដ្ឋ ដែលបានប្រព្រឹត្តឡើង និងវ័យចាស់ជរារបស់ជនជាប់ចោទ ការចោទប្រកាន់លើ នួន ជា និង ខៀវ សំផន ត្រូវបានបំបែកជាពីរការជំនុំជម្រះពីរដោយឡែកពីគ្នា។
ការកាត់ក្តីវគ្គដំបូងក្នុងសំណុំរឿង ០០២/០១ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១១ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៣។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមកាលពីខែសីហា ឆ្នាំ២០១៤ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទឧក្រិដ្ឋប្រឆាំងមនុស្សជាតិ ក្រោមបទធ្វើទុក្ខបុកម្នេញ មនុស្សឃាត និងអំពើអមនុស្សធម៌ផ្សេងៗទៀត ដែលត្រូវបានប្រព្រឹត្តក្នុងអំឡុងពេលការជម្លៀសប្រជាជនស៊ីវិលដោយបង្ខំចេញពីទីក្រុងភ្នំពេញ និងទីប្រជុំជនផ្សេងទៀត។
ជនជាប់ចោទទាំងពីរត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិត ដោយសារតួនាទីរបស់ពួកគេនៅក្នុងឧក្រិដ្ឋកម្មទាំងនេះ។ នៅក្នុងដំណើរការបណ្តឹងសាទុក្ខ ទោសជាប់ពន្ធនាគារអស់មួយជីវិតត្រូវបានអង្គជំនុំជម្រះតុលាការកំពូលសម្រេចតម្កល់កាលពីខែវិច្ឆិកា ឆ្នាំ២០១៦។
ការជំនុំជម្រះវគ្គទី២ ក្នុងសំណុំរឿង ០០២/០២ បានចាប់ផ្តើមកាលពីខែវិច្ឆិកា ឆ្នាំ២០១៤ និងបានបញ្ចប់កាលពីខែកក្កដា ឆ្នាំ២០១៧។ អង្គជំនុំជម្រះសាលាដំបូងបានចេញសាលក្រមក្នុងខែវិច្ឆិកា ឆ្នាំ២០១៨ ដោយសម្រេចឱ្យ នួន ជា និង ខៀវ សំផន មានពិរុទ្ធភាពពីបទប្រល័យពូជសាសន៍ ឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ និងការរំលោភបំពានយ៉ាងធ្ងន់ធ្ងរលើអនុសញ្ញាទីក្រុងហ្សឺណែវចំពោះសកម្មភាពនានា ក្នុងនោះរួមមានការធ្វើទុក្ខបុកម្នេញ ការដាក់ឱ្យទៅជាទាសករ ការឃុំឃាំង អំពើអមនុស្សធម៌ អាពាហ៍ពិពាហ៍ដោយបង្ខំ ការរំលោភសេពសន្ថវៈ ការធ្វើទារុណកម្ម អំពើមនុស្សឃាត ការសម្លាប់រង្គាល និងការបាត់ខ្លួនដោយបង្ខំ។
ជនជាប់ចោទទាំងពីរ ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារអស់មួយជីវិតនៅក្នុងការជំនុំជម្រះវគ្គទីពីរ។ នៅថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២២ អង្គជំនុំជម្រះតុលាការកំពូល បានសម្រេចតម្កល់ការផ្តន្ទាទោស ខៀវ សំផន ដាក់ពន្ធនាគារអស់មួយជីវិតដដែល។ នួន ជា បានទទួលមរណភាពនៅក្នុងខែសីហា ឆ្នាំ២០១៩ ដែលនាំដល់ការបញ្ចប់នីតិវិធីចំពោះរូបគាត់៕សរន / N