ដោយៈ បាយ័ន / សៀមរាបៈ ជារៀងរាល់ឆ្នាំ ក្រោយពេលបញ្ចប់ការងារ ប្រមូលផលស្រូវ រួចរាល់ហើយ ប្រជាជនក្នុងភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង នៃខេត្តសៀមរាប តែងតែប្រារព្ធពិធីចាប់ត្រីរួមគ្នា សម្រាប់ធ្វើម្ហូបអាហារ ក្នុងពិធីឡើងមាឃ ឬឡើងអ្នកតា នៅរៀងរាល់ខែមាឃ តាមទម្លាប់ពីបុរាណ មិនដែលអាក់ខានឡើយ។
ពិធីចាប់ត្រីរួមគ្នានេះ ធ្វើឡើងនៅក្នុងបឹងបុរាណមួយ ដែលអ្នកភូមិ រួមគ្នាអភិរក្សត្រី មិនឱ្យមានការនេសាទ ផ្តេសផ្តាស គឺទុកសម្រាប់តែរកត្រីរួមគ្នា មួយឆ្នាំម្តង ក្នុងឱកាស ធ្វើពិធីឡើងមាឃ ឬឡើងអ្នកតាប៉ុណ្ណោះ។ ពាក់ព័ន្ធនឹងរឿងនេះ អាជ្ញាធរជាតិអប្សរា បានផ្សព្វផ្សាយឱ្យដឹង នៅរសៀលថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣ នេះ។
លោក ពេជ្រ ឃិន មេភូមិបង្កោង ឃុំអំពិល បានឱ្យដឹងថាៈ ពិធីចាប់ត្រីឡើងមាឃ ឆ្នាំ២០២៣ នេះ ត្រូវប្រារព្ធធ្វើឡើងនៅថ្ងៃទី ១ ខែកុម្ភៈ ត្រូវនឹងថ្ងៃ១១ កើត ខែមាឃ ឆ្នាំនេះ ដ្បិតទឹកនៅក្នុងបឹង មានច្រើន មិនទាន់ស្រកចុះ ប៉ុន្តែទិន្នផលត្រី ក្នុងបឹងសម្បូរ ណាស់ ដូច្នេះលោករំពឹងថា ប្រជាពលរដ្ឋ នឹងសប្បាយរីករាយ ក្នុងការចាប់ត្រី យកទៅធ្វើ ម្ហូបអាហារ ឬធ្វើទឹកសម្លរនំបញ្ចុក សម្រាប់ពិធីឡើងមាឃ ។
លោកបានបន្តថាៈ នៅព្រឹកព្រលឹមស្រាងៗ ប្រជាពលរដ្ឋ មានចាស់ ក្មេង ប្រុស ស្រី ជាច្រើនរយនាក់ ក្នុងដៃមានកាន់សំណាញ់ អង្រុត ឈ្នាង និងទ្រុង បានមកជួបជុំគ្នា ដោយគណៈកម្មការ បានកំណត់ការជួបជុំគ្នា និងចុះចាប់ត្រី នៅម៉ោង ៧ ព្រឹក ដែលមានបាញ់កាំជ្រួច ធ្វើជាសញ្ញាផង។ មិនខុសពីរៀងរាល់ឆ្នាំ ប៉ុន្មានឡើយ គណៈកម្មការរៀបចំកម្មវិធី បានហ៊ុមសម្រាស់មួយកន្លែង ក្នុងផ្ទៃបឹង ដើម្បីទុកចាប់ត្រីរួម យកទៅធ្វើជាម្ហូបអាហារ និងធ្វើចង្ហាន់ប្រគេនព្រះសង្ឈ នៅក្នុងពិធីឡើងមាឃ ដោយឡែក ត្រីដែលរកបានពីបឹង ប្រជាពលរដ្ឋ អាចយកទៅធ្វើជាម្ហូបលក្ខណៈគ្រួសារបាន។ អ្នកមានសិទ្ធិចាប់ត្រី ពីក្នុងបឹងសហគមន៍នេះ អនុញ្ញាតឱ្យតែអ្នកភូមិបង្កោងតែប៉ុណ្ណោះ។ ប៉ុន្ដែក្រោយពីអ្នកភូមិបង្កោង បានធ្វើពិធីចាប់ត្រីរួមគ្នារួចហើយ ទើបអ្នកភូមិផ្សេង អាចមានសិទ្ធិ មករកត្រីនៅបឹងនេះ នៅថ្ងៃបន្ទាប់បាន។
យុវជន យឿន ដារ៉ា អាយុ ២៤ ឆ្នាំ រស់នៅភូមិបង្កោង ឃុំអំពិល ស្រុកប្រាសាទបាគង បានឱ្យដឹងថាៈ ពិធីចាប់ត្រីរួមគា្ន ក្នុងបឹងអភិរក្សនេះ ជាទំនៀមទម្លាប់របស់អ្នកភូមិបង្កោង តាំងពីបុរាណមក ពីព្រោះលោកបានឃើញអ្នកភូមិ ធ្វើពីធីនេះតាំងពីលោកធំដឹងក្តីមក។
លោកបានបន្តថាៈ ក្នុងមួយឆ្នាំ អ្នកភូមិនៅទីនេះ អាចចាប់ត្រីរួមគ្នាបាន តែម្តងប៉ុណ្ណោះ ដើម្បីយកត្រីទាំងនោះ ទៅធ្វើម្ហូបអាហារ ឬទឹកសម្លនំបញ្ចុក សម្រាប់ពិធីឡើងមាឃ នៅក្នុងភូមិ។ នេះក៏ជាការបង្ហាញឱ្យឃើញ អំពីការរួបរួមសាមគ្គីភាពគ្នា រវាងប្រជាពលរដ្ឋ នៅក្នុងសហគមន៍។ ក្នុងនាមយុវជនជំនាន់ក្រោយ ប្អូនប្តេជ្ញាបន្តថែរក្សាប្រពៃណីវប្បធម៌ ដែលដូនតា បានបន្សល់ទុកនេះ ជារៀងរហូត ដើម្បីទុកឱ្យកូនចៅជំនាន់ក្រោយ។
សូមជម្រាបថា ប្រជាពលរដ្ឋ ជាអ្នកស្រុកអង្គរ មកដល់បច្ចុប្បន្ននេះ នៅតែបន្តថែរក្សា ប្រពៃណីវប្បធម៍ ទាំងរូបិយ និងអរូបិយ ដែលបន្សល់ពីដូនតាមក ក្នុងនោះជារៀងរាល់ឆ្នាំ បងប្អូនប្រជាពលរដ្ឋ តែងតែរួមគ្នា មកប្រារព្ធពិធីផ្សេងៗ ជុំវិញតំបន់អង្គរ ដូចជា ពិធីឡើងមាឃ ឡើងអ្នកតា ពិធីកោជុប និងពិធីប្រពៃណីសាសនា ជាច្រើនទៀត ដែលប្រពៃណីទំនៀមទម្លាប់ ទាំងអស់នេះហើយ ជាការបន្តនូវអត្តសញ្ញាណរបស់អង្គរ ឱ្យមានជីវិតរស់រវើក៕ V / N