ប្រែសម្រួល : កញ្ញាដាលីស (ស្ត្រេតថែមស៍) ៖ បេសកជនពិសេសរបស់អង្គការសហប្រជាជាតិមួយរូបបាននិយាយកាលពីថ្ងៃអង្គារទី៣១មករាថា ផែនការសម្រាប់ការបោះឆ្នោតនៅក្នុងប្រទេសមីយ៉ានម៉ានៅឆ្នាំនេះនឹង “ជំរុញឱ្យមានអំពើហិង្សាកាន់តែខ្លាំង” ដោយអំពាវនាវឱ្យសហគមន៍អន្តរជាតិរួបរួមគ្នាជំទាស់។
មីយ៉ាន់ម៉ាបានស្ថិតក្នុងភាពចលាចលចាប់តាំងពីយោធាបានផ្តួលរំលំរដ្ឋាភិបាលស៊ីវិលរបស់លោកស្រី អ៊ុងសាន ស៊ូជី កាលពីពីរឆ្នាំមុនដោយចោទប្រកាន់អំពីការក្លែងបន្លំសន្លឹកឆ្នោតទ្រង់ទ្រាយធំក្នុងអំឡុងការបោះឆ្នោត ដែលគណបក្សរបស់លោកស្រីឈ្នះក្នុងឆ្នាំ ២០២០។
បេសកជនពិសេសរបស់អ.ស.ប លោកស្រី ណូលីន ហេហ្សឺ (Noeleen Heyzer) បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការបោះឆ្នោតណាមួយដែលរៀបចំដោយយោធា”នឹងជំរុញឱ្យមានអំពើហិង្សាកាន់តែខ្លាំង អូសបន្លាយជម្លោះនិងធ្វើឱ្យការវិលត្រឡប់ទៅរកលទ្ធិប្រជាធិបតេយ្យនិងស្ថិរភាពវិញកាន់តែលំបាក”។
បេសកជនពិសេសរបស់អ.ស.ប លោកស្រី ណូលីន ហេហ្សឺ
លោកស្រីបានអំពាវនាវឱ្យសហគមន៍អន្តរជាតិ “បង្កើតជំហរបង្រួបបង្រួមកាន់តែរឹងមាំ” លើការបោះឆ្នោតដែលបានគ្រោងទុកនេះ។
សហរដ្ឋអាម៉េរិកបាននិយាយថា ការបោះឆ្នោតណាមួយដែលធ្វើឡើងដោយយោធានឹងជា “ការក្លែងបន្លំ”តែសម្ពន្ធមិត្តជិតស្និទ្ធនឹងពួកយោធាមីយ៉ាន់ម៉ាគឺរដ្ឋាភិបាលក្រុងមូស្គូនិយាយថា ខ្លួនគាំទ្រការបោះឆ្នោតនេះ។
អ្នកនាំពាក្យរបស់អគ្គលេខាធិការអ.ស.ប លោក អង់តូនីញ៉ូ គូថេរ៉េស បាននិយាយកាលពីថ្ងៃចន្ទថា លោកមានការព្រួយបារម្ភចំពោះចេតនារបស់យោធាក្នុងការរៀបចំការបោះឆ្នោត ចំពេលមានការចាប់ខ្លួន ការបំភិតបំភ័យនិងការបៀតបៀនមេដឹកនាំនយោបាយ តួអង្គសង្គមស៊ីវិលនិងអ្នកកាសែតជាបន្ត។
សេចក្តីថ្លែងការណ៍បាននិយាយថា “ដោយគ្មានលក្ខខណ្ឌដែលអនុញ្ញាតឱ្យប្រជាជនមីយ៉ាន់ម៉ាអនុវត្តសិទ្ធិនយោបាយរបស់ពួកគេដោយសេរីទេនោះ ការបោះឆ្នោតដែលបានស្នើឡើងនេះនឹងប្រថុយធ្វើឱ្យមានអស្ថិរភាពកាន់តែធ្ងន់ធ្ងរ”។
របបយោធាបានផ្តល់ពេលពីរខែដល់គណបក្សនយោបាយដែលមានស្រាប់ចុះឈ្មោះឡើងវិញក្រោមច្បាប់បោះឆ្នោតថ្មីដ៏តឹងរ៉ឹងក្នុងខែនេះ ដែលជាសញ្ញាចុងក្រោយបង្ហាញថាយោធានឹងរៀបចំផែនការបោះឆ្នោតថ្មីនៅឆ្នាំ ២០២៣។
អ្នកសង្កេតការណ៍និយាយថា ការបោះឆ្នោតដែលបានគ្រោងទុកនេះមិនអាចមានភាពសេរីនិងយុត្តិធម៌ក្នុងកាលៈទេសៈបច្ចុប្បន្នបានទេ។
ក្រុមប្រឹក្សាសន្តិសុខអ.ស.បបានអនុម័តសេចក្តីសម្រេចចិត្តលើកដំបូងរបស់ខ្លួនស្តីពីស្ថានភាពនៅក្នុងប្រទេសមីយ៉ាន់ម៉ាកាលពីខែធ្នូ ដោយជំរុញឱ្យរបបយោធាដោះលែងលោកស្រីស៊ូជី និង “អ្នកទោសដែលត្រូវបានឃុំខ្លួនតាមអំពើចិត្ត” ទាំងអស់។
សមាជិកអចិន្ត្រៃយ៍នៃក្រុមប្រឹក្សាសន្តិសុខ គឺចិននិងរុស្ស៊ីបានបោះអនុប្បវាទ ដោយជ្រើសរើសមិនប្រើសិទ្ធិវ៉េតូ បន្ទាប់ពីការកែប្រែពាក្យពេចន៍។
ឥណ្ឌាដែលមានទំនាក់ទំនងជិតស្និទ្ធជាមួយរបបយោធាក៏បានបោះអនុប្បវាទដែរ។
កិច្ចខិតខំប្រឹងប្រែងការទូតដើម្បីដោះស្រាយភាពជាប់គាំងដ៏បង្ហូរឈាមរបស់មីយ៉ាន់ម៉ា ដែលដឹកនាំដោយអ.ស.បនិងអាស៊ាន បានទទួលផលតិចតួច ព្រោះពួកឧត្តមសេនីយ៍បដិសេធមិនចរចាជាមួយគូប្រជែង៕
ក្រុមអ្នកតវ៉ាប្រើអាវុធកែច្នៃដើម្បីការពារសន្តិសុខកុំឱ្យចូលសង្កាត់របស់ពួកគេក្នុងទីក្រុងយ៉ាងហ្គោន កាលពីថ្ងៃទី២៨ ខែមីនា ឆ្នាំ២០២១