ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ប្រធានាធិបតីតួកគីលោក រីស៊ីប ថាយយីប អឺដូហ្គាន បានបញ្ជាក់ជាថ្មីកាលពីថ្ងៃពុធទី១កុម្ភៈថាតួកគីនឹងមិនអនុញ្ញាតឱ្យស៊ុយអែតចូលរួមជាមួយសម្ពន្ធមិត្តយោធាណាតូឡើយ ដរាបណាប្រទេសនេះនៅតែអនុញ្ញាតឱ្យមានការតវ៉ាដែលប្រមាថដល់សៀវភៅគម្ពីរដ៏បរិសុទ្ធរបស់សាសនាអ៊ីស្លាម។
តួកគី ដែលកំពុងរារាំងការអនុម័តសមាជិកភាពរបស់ស៊ុយអែតនិងហ្វាំងឡង់នៅក្នុងសម្ពន្ធភាពយោធាលោកខាងលិចនេះ បានខឹងសម្បាយ៉ាងខ្លាំងចំពោះបាតុកម្មជាបន្តបន្ទាប់នៅក្នុងទីក្រុងស្តុកខុល។ ក្នុងករណីមួយ សកម្មជនប្រឆាំងអ៊ីស្លាមម្នាក់បានដុតគម្ពីរកូអាននៅខាងក្រៅស្ថានទូតតួកគី ខណៈនៅក្នុងការតវ៉ាដែលមិនជាប់ពាក់ព័ន្ធមួយ រូបទីងមោងរបស់លោកអឺដូហ្គានត្រូវបានព្យួរក។ សូម្បីមុនរឿងនេះកើតឡើង រដ្ឋាភិបាលក្រុងអង់ការ៉ាបានដាក់សម្ពាធលើស៊ុយអែតនិងហ្វាំងឡង់រួចទៅហើយដើម្បីបង្ក្រាបសមាជិកនិរទេសរបស់ជនជាតិឃឺដ និងក្រុមផ្សេងទៀតដែលខ្លួនចាត់ទុកថាជាភេរវករ និងអនុញ្ញាតឱ្យលក់អាវុធទៅតួកគី។
តួកគីបានពន្យារពេលដោយគ្មានកាលកំណត់នូវកិច្ចប្រជុំដ៏សំខាន់មួយនៅទីក្រុងព្រុចសែល ដែលនឹងពិភាក្សាអំពីការចូលជាសមាជិកណាតូរបស់ប្រទេសតំបន់ន័រឌីក (Nordic) ទាំងពីរ។
លោកអឺដូហ្គានបាននិយាយនៅក្នុងសុន្ទរកថាទៅកាន់សមាជិកសភារបស់គណបក្សកាន់អំណាចរបស់គាត់ថា “ស៊ុយអែត កុំរំខានឱ្យសោះ! ដរាបណាអ្នកអនុញ្ញាតឱ្យសៀវភៅគម្ពីរកូអានដ៏បរិសុទ្ធរបស់ខ្ញុំ ត្រូវបានដុតនិងហែកចោល ហើយអ្នកធ្វើដូច្នេះរួមគ្នាជាមួយកងកម្លាំងសន្តិសុខរបស់អ្នក យើងនឹងមិននិយាយថាយល់ព្រមចំពោះការសុំចូលអង្គការណាតូរបស់អ្នកនោះឡើយ”។
ក្រុមមន្ត្រីរដ្ឋាភិបាលស៊ុយអែតបានដាក់ខ្លួននៅឆ្ងាយពីការតវ៉ាទាំងនោះ រួមទាំងការតវ៉ាដោយសកម្មជនប្រឆាំងអ៊ីស្លាមស្តាំនិយមដែលបានដុតសៀភៅគម្ពីរកូអាននៅទីក្រុងស្តុកខុលនិងទីក្រុងកូប៉ិនហាក ប្រទេសដាណឺម៉ាក ខណៈសង្កត់ធ្ងន់ថា បាតុកម្មត្រូវបានការពារដោយសេរីភាពនៃការបញ្ចេញមតិ។
កាលពីថ្ងៃអង្គារ នាយករដ្ឋមន្ត្រីស៊ុយអែត លោក អុល គ្រីស្ទើសិន (Ulf Kristersson) បានថ្កោលទោសសកម្មជនដែលធ្វើបាតុកម្មថាជា “មនុស្សល្ងង់ខ្លៅដែលមានប្រយោជន៍”សម្រាប់មហាអំណាចបរទេស ដែលចង់បង្កគ្រោះថ្នាក់ដល់ប្រទេសស៊ុយអែត ខណៈខ្លួនចង់ចូលរួមជាមួយអង្គការណាតូ។
លោកគ្រីស្ទើសិនបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស្តុកខុល ដោយមិនបញ្ចេញឈ្មោះប្រទេសណាមួយ យ៉ាងដូច្នេះថា “យើងបានឃើញពីរបៀបដែលតួអង្គបរទេស សូម្បីតួអង្គរដ្ឋបានប្រើការសម្ដែងទាំងនេះ ដើម្បីដុតបញ្ឆេះស្ថានការណ៍តាមរបៀបដែលបង្កគ្រោះថ្នាក់ដោយផ្ទាល់ដល់សន្តិសុខស៊ុយអែត”៕
លោកអឺដូហ្គានលើកដៃរាក់ទាក់ទៅអ្នកស្វាគមន៍គាត់ក្នុងប្រទេសបូស្ន៊ីកាលពីថ្ងៃទី ៦ ខែកញ្ញា ឆ្នាំ ២០២២