ប្រែសម្រួល : កញ្ញាដាលីស (ដេល្លីម៉េល) ៖ ក្រុមហ៊ុន Samsung Electronics បានបង្ហាញស្មាតហ្វូនទំនើបចុងក្រោយបំផុតរបស់ខ្លួនកាលពីថ្ងៃពុធទី១កុម្ភៈនៅក្នុងការធ្វើតេស្តិ៍អំណាចម៉ាកយីហោរបស់ខ្លួន ខណៈទីផ្សារទូរស័ព្ទចល័តធ្លាក់ចុះខ្លាំងមិនធ្លាប់មានពីមុនមក។ស៊េរីស្មាតហ្វូន Galaxy S23 មានកាមេរ៉ាល្អជាងមុន និងបន្ទះឈីបលឿនជាងជំនាន់មុន ប៉ុន្តែអ្នកវិភាគនិយាយថាការលក់ដំបូងនឹងប្រឈមមុខនឹងតម្រូវការខ្សោយ ដោយសារអ្នកប្រើប្រាស់ចំណាយតិចលើទំនិញមិនចាំបាច់ ចំពេលអតិផរណាកើនឡើងខ្ពស់។
ទូរស័ព្ទ S23 Ultra មានសេនស័រកាមេរ៉ាទំហំ ២០០ មេហ្គាភិចសែលដំបូងគេបង្អស់របស់ក្រុមហ៊ុន Samsung ដោយផ្តល់នូវរូបភាពកាន់តែច្បាស់បន្ទាប់ពីការពង្រីកហើយស៊េរីនេះគឺប្រើប្រាស់ប្រព័ន្ធដំណើរការទូរស័ព្ទចល័ត Qualcomm Snapdragon 8 Gen 2 ដែលលឿនជាងបន្ទះឈីបដែលប្រើនៅក្នុងទូរស័ព្ទ S22 ។
S23 គឺជាទូរស័ព្ទ Samsung ដំបូងគេដែលប្រើកាតក្រាហ្វិក GeForce RTX 4070 របស់ក្រុមហ៊ុន Nvidia សម្រាប់ហ្គេម ដែលមានទាមទារប្រព័ន្ធដំណើរការខ្លាំងនិងសម្រាប់ការលេងហ្គេមផ្សាយផ្ទាល់លើអនឡាញ។ អ្នកប្រើប្រាស់ភាគច្រើនវិនិច្ឆ័យគុណភាពទូរស័ព្ទផ្អែកលើមុខងារទាំងអស់ហ្នឹង។
Samsung កំពុងធ្វើការជាមួយក្រុមហ៊ុនដូចជា Epic Games ដើម្បីបង្កើនបទពិសោធន៍លេងហ្គេមនៅលើទូរស័ព្ទ។
នៅសហរដ្ឋអាម៉េរិក ទូរស័ព្ទ Galaxy S23 មូលដ្ឋាននឹងមានតម្លៃចាប់ពី ៧៩៩ ដុល្លារ និង កំណែពិសេសចំនួនពីរគឺ S23 Plus និង S23 Ultra មានតម្លៃចាប់ពី ៩៩៩ ដុល្លារ និង ១.១៩៩ ដុល្លាររៀងៗខ្លួន។ ក្រុមហ៊ុន Samsung បានរក្សាតម្លៃនៅកម្រិតដូចគ្នាទៅនឹងម៉ូដែលកាលពីឆ្នាំមុន បើទោះបីជាមានការឡើងថ្លៃគ្រឿងបន្លាស់ក៏ដោយ។
ប៉ុន្តែការនាំចេញស្មាតហ្វូនជាសកលបានបង្ហាញពីការធ្លាក់ចុះដ៏ធំបំផុតមិនធ្លាប់មាននៅក្នុងត្រីមាសតែមួយក្នុងអំឡុងខែតុលាដល់ខែធ្នូ នៅពេលដែលការនាំចេញបានធ្លាក់ចុះ ១៨,៣ភាគរយកាលពីឆ្នាំមុន ដែលមានចំនួន ៣០០,៣ លានគ្រឿង នេះបើយោងតាមទិន្នន័យដែលចេញផ្សាយដោយក្រុមហ៊ុនស្រាវជ្រាវ IDC កាលពីខែមុន។ តួលេខនេះបានធ្វើឱ្យមានការសង្ស័យលើការព្យាករណ៍សម្រាប់ការងើបឡើងវិញតិចតួចនៅក្នុងទីផ្សារទូរស័ព្ទចល័តនៅឆ្នាំនេះ។
នៅក្នុងបរិយាកាសដ៏លំបាកបែបនោះ អ្នកវិភាគបាននិយាយថា យុទ្ធសាស្ត្រលក់ទូរស័ព្ទរបស់ Samsung នឹងផ្តោតលើប្រាក់ចំណេញតាមរយៈការផ្តល់ជូនទូរស័ព្ទថ្លៃៗ រួមទាំងស៊េរី Sនិងទូរស័ព្ទអាចបត់បាន។
លោក លីស លី (Liz Lee) នាយករងនៅក្រុមហ៊ុនស្រាវជ្រាវ Counterpoint បាននិយាយថា “Samsung មិនអាចមានលទ្ធភាពផ្តោតលើការពង្រីកបរិមាណទៀតទេ។ក្រុមហ៊ុនត្រូវតែហ៊ានរុះរើផលិតផលកម្រិតទាបនិងមធ្យម ជាផ្នែកនៃទីផ្សារដែលដៃគូប្រកួតប្រជែងចិនបានដណ្តើមយកយ៉ាងច្រើន”។
ក្រុមហ៊ុន Samsung បាននិយាយកាលពីថ្ងៃអង្គារថា ការធ្លាក់ចុះនៃការលក់ស្មាតហ្វូនកម្រិតទាបនិងមធ្យមនៅក្នុងត្រីមាសទី ៤ គឺធំជាងការរំពឹងទុក៕
Galaxy S23 មានកាមេរ៉ាល្អជាងមុន និងបន្ទះឈីបលឿនជាងជំនាន់មុន ប៉ុន្តែអ្នកវិភាគនិយាយថា ការលក់ដំបូងនឹងប្រឈមមុខនឹងតម្រូវការខ្សោយ ដោយសារអ្នកប្រើប្រាស់ចំណាយតិចលើទំនិញមិនចាំបាច់ ចំពេលអតិផរណាកើនឡើងខ្ពស់