ប្រែសម្រួល : កញ្ញាដាលីស (ស្ពុតនិក) ៖ អ៊ុយក្រែនបានទទួលសម្ភារៈយោធាទំនើបៗជាច្រើនប្រភេទរួចមកហើយពីអាម៉េរិកនិងសម្ពន្ធមិត្តរួមទាំងប្រព័ន្ធបាញ់គ្រាប់រ៉ុក្កែតនិងរថពាសដែក។ ឥឡូវនេះ ខណៈរដ្ឋាភិបាលក្រុងគៀវហៀបនឹងទទួលរថក្រោះ M1 Abrams និង Leopard 2 ថ្នាក់ដឹកនាំអ៊ុយក្រែនក៏ព្យាយាមចង់បានរ៉ុក្កែតរយៈចម្ងាយឆ្ងាយដែលមានសមត្ថភាពវាយប្រហារយ៉ាងជ្រៅនៅក្នុងប្រទេសរុស្ស៊ីដែរ។
សហរដ្ឋអាម៉េរិកនៅតែបន្តញុះញង់ឱ្យមានភ្លើងជម្លោះក្នុងប្រទេសអ៊ុយក្រែនដោយការបញ្ជូនសព្វាវុធកាន់តែទំនើបទៅកាន់របបក្រុងគៀវ។
ដំបូងឡើយផ្គត់ផ្គង់ដល់កងកម្លាំងអ៊ុយក្រែនត្រឹមអាវុធធុនតូចនិងអាវុធប្រឆាំងយន្តហោះនិងរថក្រោះប៉ុណ្ណោះ ឥឡូវសហរដ្ឋអាម៉េរិកនិងសម្ពន្ធមិត្តបានបង្កើនកិច្ចខិតខំប្រឹងប្រែងរបស់ពួកគេបន្តិចដើម្បីជួយដល់ក្បាលម៉ាស៊ីនសង្គ្រាមរបស់អ៊ុយក្រែន។ នាពេលថ្មីៗនេះ អាម៉េរិកបានផ្តល់ឱ្យរដ្ឋាភិបាលក្រុងគៀវនូវឧបករណ៍យោធាកម្រិតខ្ពស់ដូចជា ប្រព័ន្ធបាញ់រ៉ុក្កែតទំនើប HIMARSហើយឥឡូវនេះកំពុងងាកមកបញ្ជូនរថក្រោះប្រយុទ្ធ M1 Abrams និងរថពាសដែកប្រយុទ្ធ M2 Bradleyថែមទៀត ។
ទោះយ៉ាងណា របាយការណ៍ថ្មីៗនេះបានបង្ហាញថា ថ្នាក់ដឹកនាំអាម៉េរិកមានបំណងជំរុញបន្ថែមទៀតនូវសមត្ថភាពរបស់ទីក្រុងគៀវក្នុងការវាយលុកទៅកាន់គោលដៅឆ្ងាយៗ ដែលអាចអនុញ្ញាតឱ្យកងកម្លាំងប្រដាប់អាវុធអ៊ុយក្រែនវាយប្រហារគោលដៅជ្រៅក្នុងទឹកដីរុស្ស៊ី ដោយផ្តល់ឱ្យអ៊ុយក្រែននូវគ្រាប់រ៉ុក្កែតរយៈចម្ងាយឆ្ងាយជាលើកដំបូង ចាប់តាំងពីជម្លោះបានផ្ទុះឡើង។
យ៉ាងហោចណាស់ប្រព័ន្ធផ្សព្វផ្សាយមួយបានអះអាងថា សហរដ្ឋអាម៉េរិកហៀបនឹងប្រកាសកញ្ចប់ថវិការាប់លានដុល្លារថ្មីសម្រាប់ទីក្រុងគៀវ ដោយមូលនិធិប្រហែល ១,៧២៥ពាន់លានដុល្លារគឺបានមកពីគំរោងមួយដែលគេហៅថាគំនិតផ្តួចផ្តើមជំនួយសន្តិសុខអ៊ុយក្រែន (USAI)។ លុយនេះរួមទាំងជំនួយផ្សេងទៀតត្រូវបានសន្មត់ថានឹងប្រើដើម្បីទិញរ៉ុក្កែត GLSDB សម្រាប់កងកម្លាំងអ៊ុយក្រែន។
តើរ៉ុក្កែត GLSDB ជាអ្វី?
ផលិតដោយក្រុមហ៊ុន Saab Group និង Boeing រ៉ុក្កែត GLSDB គឺជាកំណែដែលបានកែប្រែពីគ្រាប់រ៉ុក្កែតនាំផ្លូវ GBU-39/B របស់ Boeingដែលកែសម្រួលសម្រាប់ប្រើក្នុងប្រព័ន្ធរ៉ុក្កែតបាញ់ចម្រុះ (MLRS)។
ត្រូវបានសរសើរដោយក្រុមហ៊ុន Saab ថាជាអាវុធដែលមានសមត្ថភាព “យកឈ្នះលើការគំរាមកំហែងជាច្រើនរាប់ចាប់ពីគ្រឿងសព្វាវុធរឹងរហូតដល់គ្រឿងសព្វាវុធទន់” រ៉ុក្កែត GLSDBអាចត្រូវបានបាញ់ចេញពីប្រព័ន្ធបាញ់រ៉ុក្កែតចម្រុះ ដូចជា HIMARS ដែលអ៊ុយក្រែនមានរួចហើយ។
តើពួកវាបាញ់បានចម្ងាយប៉ុន្មាន?
GLSDB មានសមត្ថភាពវាយប្រហារគោលដៅបានចម្ងាយរហូតដល់ ១៥០ គីឡូម៉ែត្រ ដោយរយៈចម្ងាយរបស់វាគឺលើសពីគ្រាប់ផ្សេងទៀតដែលអាម៉េរិកបានផ្តល់ឱ្យអ៊ុយក្រែនពីមុន។
សមត្ថភាពចម្ងាយរបស់សព្វាវុធនេះគឺនៅទាបជាងរ៉ុក្កែត ATACMS ដែលមានរយៈចម្ងាយ ២៩៧ គីឡូម៉ែត្រហើយដែលរហូតមកទល់ពេលនេះអាម៉េរិកនៅស្ទាក់ស្ទើរមិនហ៊ានបញ្ជូនឱ្យរដ្ឋាភិបាលក្រុងគៀវទេ។
រ៉ុក្កែត GLSDB អាចបាញ់ចេញពីរយៈកម្ពស់កំណត់ទុកជាមុនមួយ ហើយបន្ទាប់មកវានឹងហោះសំដៅទៅគោលដៅកំណត់របស់វា។
គ្រាប់នេះអាចបញ្ចៀសសណ្ឋានដីជាច្រើន ដូចជាភ្នំជាដើម ហើយអាចប្រើប្រឆាំងទាំងគោលដៅនៅទ្រឹងនិងគោលដៅមានចលនា។
រ៉ុក្កែតនេះមានតម្លៃ ៤០.០០០ ដុល្លារក្នុងមួយគ្រាប់៕
រ៉ុក្កែត GLSDB អាចបាញ់បានចម្ងាយ ១៥០ គីឡូម៉ែត្រ