ដោយៈ សុផល / ភ្នំពេញ៖ លោកស្រី កុយ សុដានី រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន​នារសៀលថ្ងៃទី១ ខែកុម្ភៈ​ ឆ្នាំ២០២៣ ​បានអញ្ជើញដឹកនាំកិច្ចប្រជុំ ពិភាក្សាការងារ ពាក់ព័ន្ធនឹងធាតុចូល នៃយុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដោយមានការអញ្ជើញ ចូលរួមពីសំណាក់រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក និងមន្ត្រីជំនាញជាន់ខ្ពស់ ដែលពាក់ព័ន្ធផងដែរ។

កិច្ចប្រជុំនេះ​ ត្រូវបានរៀបចំឡើង ក្នុងគោលបំណងប្រមូលធាតុចូល ទាក់ទងនឹងវិស័យ សាធារណការ និងដឹកជញ្ជូន សំដៅចូលរួមជាមួយ រាជរដ្ឋាភិបាល ក្នុងការរៀបចំតាកតែង យុទ្ធសាស្រ្តបញ្ចកោណ ដំណាក់កាលទី១ ដើម្បីបន្តអភិវឌ្ឍកម្ពុជា បន្តពីយុទ្ធសាស្រ្ត ចតុកោណទាំងបួន ដំណាក់កាល ដែលរាជរដ្ឋាភិបាល បានដាក់ចេញឱ្យអនុវត្តកន្លងមក។

អង្គប្រជុំ បានពិភាក្សាផ្លាស់ប្តូរមតិយោបល់ យ៉ាងផុសផុល លើមុំទាក់ទងនឹងវិស័យ សាធារណការ និងដឹកជញ្ជូន ដែលសម្រេចសមិទ្ធផលការងារបាន ក្រោមយុទ្ធសាស្រ្ត ចតុកោណទាំង៤ ដំណាក់កាល ក្នុងនីតិកាលទី៦ នៃរដ្ឋសភា (២០១៨-២០២៣) ព្រមទាំងបានកំណត់សូចនាករ និងពេលវេលា អនុវត្តច្បាស់លាស់ ទាក់ទងនឹងវិស័យ សាធារណការ និងដឹកជញ្ជូន ដើម្បីបានជាធាតុចូលសម្រាប់រៀបចំយុទ្ធសាស្រ្ត បញ្ចកោណ ដំណាក់កាលទី១ នេះផងដែរ។

គួររម្លឹកដែរថា ក្រសួងសាធារណការ និងដឹកជញ្ជូន ក្នុងនាមជា សេនាធិការ របស់រាជរដ្ឋាភិបាល បានចូលរួមរៀបចំយុទ្ធសាស្ត្រចតុកោណ ទាំង៤ ដំណាក់កាល រួចមកហើយ។ យុទ្ធសាស្ត្រចតុកោណ បានបំពេញតួនាទី ជារបៀបវារៈយ៉ាងល្អប្រសើរ ក្នុងការអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ហើយការអនុវត្ត ដោយឆ្លងកាត់ដំណាក់កាលទាំង៤ ជាបន្តបន្ទាប់នេះ បានផ្តល់ផល ជាការផ្លាស់ប្តូរស៊ីជម្រៅ នៃរចនាសម្ព័ន្ធសេដ្ឋកិច្ច ការលើកកម្ពស់ជីវភាពរស់នៅ របស់ប្រជាជន ឱ្យកាន់តែប្រសើរឡើង និងការពង្រឹងប្រសិទ្ធ ភាព នៃអភិបាលកិច្ចរបស់ស្ថាប័នរដ្ឋ៕/V