​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស (​ស៊ីនហួ​) ៖ អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​បាន​និយាយ​ក្នុង​ទីក្រុង​ប៉េកាំង​កាលពី​ថ្ងៃ​ពុធ​ទី​១​កុម្ភៈ​ថា ចិន​អំពាវនាវ​ឱ្យ​បញ្ចប់​រឿងនិទាន​អំពី “​ការគំរាមកំហែង​របស់​ចិន​” និង​ការព្យាយាម​ញុះញង់​ឱ្យ​មាន​ការប្រឈមមុខ​ដាក់​គ្នា​ក្នុង​តំបន់​។​

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ម៉ៅ នី​ង (Mao Ning)​បាន​ធ្វើ​ការកត់សម្គាល់​បែបនេះ​នៅក្នុង​សន្និសីទ​សារព័ត៌មាន​ប្រចាំ​ថ្ងៃ​ដើម្បី​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​សេចក្តីថ្លែងការណ៍​​រួម​ដែល​ចេញ​ដោយ​ជប៉ុន​និង​អង្គការ​ណា​តូ​។ ភាគី​ទាំងពីរ​បាន​សម្តែង​ការព្រួយបារម្ភ​អំពី​ការវិវឌ្ឍ​នៃ​កិច្ចសហប្រតិបត្តិការ​យោធា​រវាង​ចិន​និង​រុស្ស៊ី​។​

​លោកស្រី​ម៉ៅ​បាន​និយាយថា ប្រទេស​ចិន​តែងតែ​បម្រើ​ជា​អ្នកការពារ​ពិភពលោក​និង​សន្តិភាព​ព្រមទាំង​ស្ថិរភាព​ក្នុង​តំបន់ ហើយ​រឿង​នេះ​ត្រូវបាន​ទទួល​ស្គាល់​យ៉ាង​ទូលំទូលាយ​។​

​លោកស្រី​បាន​និយាយថា ចំណាត់ការ​យោធា​និង​សន្តិសុខ​របស់​ជប៉ុន​ត្រូវ​បាន​ឃ្លាំមើល​យ៉ាង​ដិតដល់​ដោយ​ប្រទេសជិតខាង​អាស៊ី​នានា​និង​សហគមន៍​អន្តរជាតិ ដោយ​បន្ថែម​ថា​ជប៉ុន​គួរតែ​ទាញ​មេរៀន​​ពី​ប្រវត្តិសាស្ត្រ ប្រកាន់ខ្ជាប់​នូវ​មាគ៌ា​នៃ​ការអភិវឌ្ឍ​ដោយ​សន្តិភាព និង​ធ្វើ​ឱ្យ​ប្រាកដថា វា​មិន​ធ្វើឱ្យ​ខូច​ដល់​ទំនុកចិត្ត​រវាង​ប្រទេស​ស​នានា និង​ធ្វើឱ្យប៉ះពាល់​ដល់​សន្តិភាព​និង​ស្ថិរភាព​ក្នុង​តំបន់​។​

​ឆ្លើយតប​ទៅនឹង​សំណួរ​អំពី​ការលើកឡើង​របស់​អគ្គ​លេខាធិការ​អង្គការ​ណា​តូ លោក ជែន ស្តូល​ធិន​បឺក អំពី​អ្វី​ដែល​គេ​ហៅ​ថា​ការគំរាមកំហែង​ផ្នែក​សន្តិសុខ​ពី​ប្រទេស​ចិន លោកស្រី​ម៉ៅ​បាន​និយាយថា ខណៈ​អះអាងថា​នៅតែ​ជា​សម្ពន្ធភាព​ការពារ​ក្នុង​តំបន់ ណា​តូ​បាន​ព្យាយាម​ឥតឈប់ឈរ​ដើម្បី​ទៅ​ហួស​ពី​តំបន់​ការពារ​ជា​ប្រពៃណី​និង​វិសាលភាព​របស់​ខ្លួន​ដោយ​ពង្រឹង​យោធា​និង​ទំនាក់ទំនង​សន្តិសុខ​​ជាមួយ​បណ្តា​ប្រទេស​អាស៊ី​ប៉ាស៊ីហ្វិក ហើយ​ប្រឌិត​រឿង​អំពី “​ការគំរាមកំហែង​របស់​ចិន​”​។​

​លោកស្រី​ម៉ៅ​បាន​បន្ថែមថា “​ការវិវត្តន៍​បែបនេះ​កំពុង​អំពាវនាវ​ឱ្យមាន​ការប្រុងប្រយ័ត្ន​ខ្ពស់​ឡើង​ក្នុងចំណោម​ប្រទេស​ក្នុង​តំបន់​”​។​

​លោកស្រី​បាន​និយាយថា ចិន​បាន​ជំរុញ​កិច្ចចរចា​សន្តិភាព​យ៉ាង​សកម្ម​និង​ព្យាយាម​បន្ថយ​បញ្ហា​ក្តៅ​ជាច្រើន​។ ណា​តូ​គួរតែ​គិតគូរ​ឱ្យ​ខ្លាំង​អំពី​តួនាទី​ដែល​ខ្លួន​បាន​ដើរ​អំពី​សន្តិសុខ​នៅ​អឺរ៉ុប​។​

​លោកស្រី​ម៉ៅ​បាន​និយាយថា “​អាស៊ី​ប៉ាស៊ីហ្វិក​មិនមែន​ជា​សមរភូមិ​សម្រាប់​ការប្រកួតប្រជែង​ភូមិសាស្ត្រ​នយោបាយ​ទេ​ហើយ​មិន​ស្វាគមន៍​ផ្នត់គំនិត​សង្គ្រាមត្រជាក់​និង​ការប្រឈមមុខ​ដាក់​គ្នា​ជា​​ប្លុក​នេះឡើយ​”៕

​អ្នកនាំពាក្យ​ក្រសួងការបរទេស​ចិន​លោកស្រី ម៉ៅ នី​ង