ដោយៈ ជា សីហៈ/ភ្នំពេញៈ​មន្ត្រីរាជការ ០៩នាក់ ដែលត្រូវបានថ្នាក់ដឹកនាំក្រសួងវប្បធម៌និងវិចិត្រសិល្ប: ផ្តល់ឱកាសឱ្យទៅចូលរួមវគ្គបណ្តុះបណ្តាល វគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់ វគ្គវិក្រឹតការមន្ត្រីមធ្យម និងវគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាល ឆ្នាំ២០២២ នៅថ្ងៃទី០២ ខែកុម្ភៈ ឆ្នាំ២០២៣នេះ ត្រូវបានលោកស្រី ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌និងវិចិត្រសិល្បៈ អនុញ្ញាតឲ្យចូលជួបសម្តែងការគួរសម និងរាយការណ៍ពីលទ្ធផលសិក្សាមុនពេលចូលបម្រើនៅតាមអង្គភាពដើមរបស់ខ្លួនវិញ។

មន្ត្រីកម្មសិក្សាការីទាំង ០៩នាក់ ដែលទទួលបានការបណ្តុះបណ្តាល គឺវគ្គវិក្រឹតការមន្ត្រីជាន់ខ្ពស់មានចំនួន ០៤នាក់, វគ្គវិក្រឹតការមន្ត្រីគ្រប់គ្រងរដ្ឋបាលមានចំនួន ១នាក់ និងវគ្គវិក្រឹតការមន្រ្តីមធ្យមមានចំនួន ០៤នាក់ ដោយមាននារី០៣នាក់។

កម្មវីធីសិក្សាវគ្គវិក្រឹតការមន្រ្តីជាន់ខ្ពស់ វគ្គវិក្រឹតការមន្រ្តីគ្រប់គ្រងរដ្ឋបាល និងវគ្គវិក្រឹតការមន្រ្តីមធ្យម ឆ្នាំ២០២២ គឺមានរយៈពេល ៩ខែ គិតចាប់ពីថ្ងៃទី០២ ខែឧសភា ឆ្នាំ២០២២ ដល់ថ្ងៃទី១៣ ខែមករា ឆ្នាំ២០២៣។

តំណាងមន្ត្រីរាជការទាំង ០៩រូប បានលើកឡើងថា ក្នុងអំឡុងពេលសិក្សាក្នុងរយៈពេល ៩ខែនេះ គឺម្នាក់ៗបានព្យាយាមសិក្សាដោយយកចិត្តទុកដាក់ទទួលយកគំនិត និងចំណេះដឹងថ្មីៗគ្រប់មុខវិជ្ជា និងការផ្លាស់ប្តូរនូវបទពិសោធន៍ទៅវិញទៅមក ជាមួយកម្មសិក្សាការីមកពីក្រសួង-ស្ថាប័នផ្សេងៗ នាំឱ្យការសិក្សាទទួលបានលទ្ធផលជាវិជ្ជមាន។

ចំពោះបំណងសូមចូលគោរពសម្តែងការគួរសមចំពោះ លោកស្រីរដ្ឋមន្រ្តី គឺដើម្បីធ្វើសេចក្តីរាយការណ៍ជូនអំពីលទ្ធផលនៃការសិក្សា និងសុំអនុសាសន៍ដ៏ល្អៗពីលោកស្រី ដើម្បីជាមូលដ្ឋានក្នុងការពង្រឹងគោលជំហរ និងអភិវឌ្ឍន៍ការងារឱ្យកាន់តែមានប្រសិទ្ធភាព៕/R